លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាឆ្លងកាត់សមរភូមិ៣ ក្នុងការប្រយុទ្ធនឹងសត្រូវឥតស្រមោល
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងឱ្យដឹងថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កម្ពុជាបានឆ្លងកាត់សមរភូមិចំនួន៣ សំខាន់ៗ។
ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសនាព្រឹកថ្ងៃទី២៩ធ្នូនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា សមរភូមិទាំង៣ នោះរួមមាន៖
- ១. ព្រឹត្តការណ៍ ០៣វិច្ឆិកា ជាសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលជាករណីនាំចូលពីក្រៅប្រទេស ដោយតាមដានសុខភាព និងពង្រឹងការធ្វើចត្តាឡីស័កបានត្រឹមត្រូវ
- ២. ព្រឹត្តការណ៍សហគមន៍២៨វិច្ឆិកា ដែលជាករណីឆ្លងចូលសហគមន៍
- ៣. ការព្យាបាលអ្នកជំងឺកូវីដ-១៩ ឱ្យជាសះស្បើយឡើងវិញ
សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ៣៦៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយមានចំនួន ៣៦០នាក់ និងកំពុងព្យាបាលមានចំនួន ៤នាក់ទៀតប៉ុណ្ណោះ។
ទន្ទឹមនេះ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំគ្រប់គ្រងស្ថានការណ៍លើសមរភូមិក្តៅដែលប្រយុទ្ធប្រឆាំងនឹងសត្រូវឥតស្រមោលកូវីដ-១៩ មានភាពល្អប្រសើរហើយ ប៉ុន្តែសូមបងប្អូនបន្តបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយអនុវត្តតាមវិធានការ បង្កា ការពារណែនាំរបស់ក្រសួងសុខភាពជាប្រចាំឱ្យបានខ្ជាប់ខ្ជួន៕