ប្រពលរដ្ឋខេត្តស្វាយរៀង និយមចូលចិត្តហូបនំបញ្ចុកទាំងចាស់ ទាំងក្មេង
នំបញ្ចុកជាអាហារមួយបែបរបស់ខ្មែរដែលមានមនុស្សចាស់ ក្មេងនិយមហូបស្ទើររាល់ថ្ងៃ ដែលអាហាមួយប្រភេទនេះ មានរសជាតិឆ្ងាញ់ធ្វើឲ្យពលរដ្ឋខេត្តស្វាយរៀងនាំគ្នាហូបរៀងរាល់ព្រឹក និងក្នុងពិធីបុណ្យទានផ្សេងផងដែរ។ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះប្រជាពលរដ្ឋដែលនិយមហូបនំបញ្ចុកបានរៀបរាប់ថា ជារៀងរាល់ព្រឹកពួកគាត់តែងតែនាំគ្នា ហូបនំបញ្ចុកនៅតាមហាង និងតូបនានាក្នុងខេត្ត និងតាមបណ្តាស្រុកក្រុង នៃខេត្តស្វាយរៀង។ អ្នកខ្លះចូលចិត្តហូបនំបញ្ចុកសម្លខ្មែរ មានក្បាលត្រី និងអ្នកខ្លះទៀតចូលចិត្តទឹកសម្លការីជាដើម មានល្បោយជាបន្លែជាច្រើនមុខដែលនាំឲ្យរសជាតិនំបញ្ចុករឹតតែឈ្ងុយឆ្ងាញ់។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ការធ្វើនំបញ្ចុកនាពេលបច្ចុប្បន្ននេះពុំសូវមានការលំបាកដូចសម័យមុនទេ ដោយគេផលិតដោយម៉ាស៉ីនប្រើមនុស្សតិចបានផលច្រើនមិនដូចកាលពីមុនពលរដ្ឋធ្វើនំបញ្ចុកម្តងៗ មានមនុស្សច្រើនទម្រាំបានហូបនំបញ្ចុកធ្វើដោយអង្ករខ្សាយ។ នំបញ្ចុកនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនខ្មែរយើង ដោយនៅក្នុងពិធីបុណ្យទានម្តងៗ គេនិយមយកនុំបញ្ចុកធ្វើអាហារសម្រាប់ទទួលភ្ញៀវកិត្តិយសដោយមានទាំងទឹកសម្លខ្មែរនិងសម្លការីនំប៉័ងជាដើម។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ៣,១៦១នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ បានលើកឡើងថា ការហូរនំបញ្ចុកមិនអាចក្លាយ ទៅជាការបំបែកបំបាក់ជាតិនោះទេ ហើយសម្ដេចក៏បានណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នាំគ្នារៀបចំពិធីហូបនំបញ្ចុកទាំងអស់គ្នាតែម្ដងដើម្បីបង្ហាញអំពីការសាមគ្គីជាតិ មិនមែនជាការបំបែកបំបាក់ជាតិនោះទេ៕