ខ្មែរប៉ុស្ដិ៍ Close

ក្រុមប្រឹក្សា​សន្តិសុខ​​ អ.ស.ប. បោះឆ្នោតជា​សំណេរ​ពីចម្ងាយ​ លើ​សេចក្តី​សម្រេចចិត្តចំនួន ​៤

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 779
ក្រុមប្រឹក្សា​សន្តិសុខ​​ អ.ស.ប. បោះឆ្នោតជា​សំណេរ​ពីចម្ងាយ​ លើ​សេចក្តី​សម្រេចចិត្តចំនួន ​៤ក្រុមប្រឹក្សា​សន្តិសុខ​​ អ.ស.ប. បោះឆ្នោតជា​សំណេរ​ពីចម្ងាយ​ លើ​សេចក្តី​សម្រេចចិត្តចំនួន ​៤

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតលើសេចក្តីសម្រេចចិត្តចំនួន៤ កាលពីថ្ងៃចន្ទទី៣០មិនា។ អ្វីដែលពិសេស គឺថា ការបោះឆ្នោតលើកនេះ ជាការបោះឆ្នោតពីចម្ងាយ ដោយប្រើ​នីតិវិធីសរសេរជាលិខិត។ គួរ​បញ្ជាក់​ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនអាចជួបប្រជុំគ្នាដោយផ្ទាល់បានទេ ដោយសារត្រូវរក្សាចំងាយពីគ្នា ដើម្បីបង្ការការឆ្លងរាលដាល នៃមេរោគកូវីដ-១៩។

សេចក្តីសម្រេចចិត្តចំនួន៤ ត្រូវបាន​អនុម័តជាឯកច្ឆ័ន្ទ ដោយសមាជិក​ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ ក្នុងនោះមាន ទី១ ការសម្រេចបន្តរហូតដល់ចុងខែមេសា ឆ្នាំ២០២១ នូវ​បេសកកម្ម​របស់អ្នកជំនាញ​ តាមដាន​ការអនុវត្ត​ទណ្ឌកម្មលើកូរ៉េខាងជើង។ សេចក្តីសម្រេចចិត្តទី២ និងទី៣ គឺការពន្យាបេសកកម្មរក្សាសន្តិភាព​នៅសូម៉ាលី បន្តដល់ចុងខែ​មិថុនា ២០២០ និង​​នៅ​តំបន់​ដាកហ្វួរ បន្តដល់ចុងខែ​ឧសភា ២០២០។ ចំណែកសេចក្តីសម្រេចចិត្តទី៤ គឺទាក់ទិនទៅនឹងវិធានការមួយចំនួន ក្នុងការការពារសន្តិសុខសុវត្ថិភាព របស់កងទ័ពមួកខៀវ នៃអង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចាប់ផ្តើមធ្វើការពីចំងាយ នៅថ្ងៃទី​១២មិនា ដើម្បីបង្ការការឆ្លងរាលដាលនូវមេរោគកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងខ្លាំង នៅទីក្រុងញូយ៉ក។ ការមិនអាចជួបប្រជុំគ្នាបានដោយផ្ទាល់ បានបង្កជាការលំបាក​ខ្លាំង ដល់ការ​ពិគ្រោះ​យោបល់គ្នា និងការសម្រេចនានា។ តែយ៉ាងណា ក្រុមប្រឹក្សាសន្តិសុខ មានកាតព្វកិច្ចការ​ងារ​ ហើយមិនអាចទ្រាំនៅស្ងៀម មិនធ្វើការងារ​សោះនោះទេ។

កាលពីដំបូង សមាជិកក្រុមប្រឹក្សាសន្តិសុខភាគច្រើន បានសំណូមពរឲ្យមានការប្រជុំបោះឆ្នោត តាមវីស្យូខុនហ្វឺរិនស៍។ ក៏ប៉ុន្តែ រុស្ស៊ីបានបដិសេធ ដោយបានលើកឡើងនូវហេតុផលនយោបាយ និងគតិយុត្តិមួយចំនួន ដែលអាចចោទឡើង។ ឆ្លងកាត់ការពិគ្រោះគ្នា អស់រយៈពេលប្រមាណ​១០ថ្ងៃ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ បានយល់ព្រមទាំងអស់គ្នា ក្នុងការអនុវត្តិនីតិវិធីបោះឆ្នោត តាមរយៈការសរសេរជាលាយ​លក្ខន៍អក្សរ។ បន្ទាប់ពីបិទបញ្ចប់ការចរចាគ្នាដោយសំងាត់ ស្តីពី​គម្រោង​សេចក្តី​សម្រេចចិត្តនីមួយៗ ប្រទេសសមាជិក មានពេល​២៤ម៉ោង ដើម្បីផ្ញើលិខិតបញ្ជាក់ពីការសម្រេចចិត្តបោះឆ្នោតរបស់ខ្លួន តាម​រយៈប្រព័ន្ធអេឡិចត្រូនិក។ បន្ទាប់មកទៀត ទើបគេចាប់ផ្តើមរាប់សម្លេងឆ្នោត ដែលបានមក​ តាមរយៈលិខិតទាំងនោះ។

ទោះជាយ៉ាងនេះក្តី មន្ត្រីទូតខ្លះ បានទទួលស្គាល់ថា សេចក្តីសម្រេចចិត្តដែលគេបានអនុម័តនាពេលនេះ គឺជាសេចក្តីសម្រេចចិត្ត ដែលមានខ្លឹមសារបច្ចេកទេស បន្តបេសកកម្មការងារ មិនសូវស្មុគស្មាញខ្លាំង។ ក៏ប៉ុន្តែបើជាគម្រោងសេចក្តីសម្រេចចិត្ត ដែលស្មុគស្មាញ ទាក់ទិននឹងវិវាទអន្តរជាតិ​ណាមួយ គឺប្រហែលជាពិបាកធ្វើហើយ។ លោក Richard Gowan អ្នកវិភាគនៅ Centre de réflexion international Crisis Group បានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខខិតខំចំណាយកម្លាំងថាមពល ដើម្បី​រកនីតិវិធីបោះឆ្នោតថ្មីនេះ ទាំងដែលវាគ្មានប្រយោជន៍សោះ។

គួរកត់សំគាល់ថា ប្រឈមជាមួយនឹងការរីករាលដាលនៃមេរោគកូវីដ-១៩ អង្គការសហប្រជាជាតិខិតខំ​ ធ្វើគ្រប់យ៉ាងដើម្បីបង្ហាញថាខ្លួន នៅតែប្រឹងប្រែងធ្វើការងារ។ ដើម្បីបញ្ជាក់ពីឆន្ទៈធ្វើការ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានសម្រេចបន្តបើកទីស្នាក់ការកណ្តាល​នៅទីក្រុងញូយ៉ក បើទោះបីទីក្រុងនេះ ត្រូវបិទខ្ទប់ទាំងស្រុងទៅហើយក្តី។ លោកអង់តូនីញ៉ូ ហ្គូដទែស ក៏បាន​ថ្លែងសារតាមវីដេអូជាច្រើនផងដែរ ស្តីអំពីវិបត្តិសង្រ្គាម និងការអំពាវនាវឲ្យជួយប្រទេសក្រីក្រ។ តែយ៉ាងណា សម្រាប់អ្នកវិភាគជាច្រើន បានលើកឡើងថា អង្គការសហប្រជាជាតិ លែងមាន​អំណាច​ឥទ្ធិពល​អ្វីសោះ ក្នុងការដោះស្រាយបញ្ហារបស់ពិភពលោក៕ RFI

អត្ថបទទាក់ទង