ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិនមានដំណើរការថយក្រោយនោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 50
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិនមានដំណើរការថយក្រោយនោះទេ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា មិនមានដំណើរការថយក្រោយនោះទេ

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប៊ុលហ្ការី នៅថ្ងៃរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយលោក រ៉ូមែន រ៉ាដេវ ប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្ការី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បច្ចុប្បន្នដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជា មិនមានដំណើរការថយក្រោយនោះទេ។ ជាក់ស្តែងការបោះឆ្នោតឆ្នាំ២០១៨កន្លងទៅនេះ បានដំណើរការទៅយ៉ាងល្អបំផុតដោយសារដែលមានគណបក្សចូលរួមច្រើន និងមានអ្នកចេញទៅបោះឆ្នោតរហូតដល់ទៅជាង៨៣%។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរចំពោះការរីកចម្រើន និងសមិទ្ធិផលជាច្រើនរបស់ប៊ុលហ្ការី នាពេលកន្លងទៅនេះ។ លោក ក៏បានបង្ហាញក្តីសង្ឃឹមថា ប៊ុលហ្ការី នឹងសហការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២០ខាងមុខនេះផងដែរ។ ពាក់ព័ន្ធការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា កម្ពុជា និងប៊ុលហ្ការី អាចធ្វើឡើងតាមរយៈទ្វេភាគី កម្រិតអាស៊ាន និងអឺរ៉ុប និងកម្រិតអាស៊ី និងអឺរ៉ុប។ លោក បានគូសបញ្ជាក់ផងដែរថា ទ្វីបអាស៊ី និងអឺរ៉ុប ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៊ុលហ្ការី។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមិនភ្លេចពីការលះបង់របស់ប្រទេសប៊ុលហ្គារីការជួយដល់ប្រទេសកម្ពុជាឡើយនៅក្នុងកំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ជាពិសេសក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការធ្វើយ៉ាងណាមិនឱ្យវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោក ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសកិច្ចសហការលើបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិដែលយើងអាចសហការគ្នាបានល្អទៀត។

ចុងក្រោយ លោកប្រធានាធិបតី បានគូសបញ្ជាក់ជាថ្មី លោក បានចាត់ទុកកម្ពុជាជាមិត្តជាដៃគូដ៏សំខាន់នៃអាស៊ី ហើយនឹងធ្វើយ៉ាងណាឱ្យកិច្ចសហការយើងកាន់តែរឹងមាំឡើងជាមុន ដើម្បីជំរុញឱ្យយុវជនជំនាន់ក្រោយនេះកាន់តែយល់គ្នាទៅវិញទៅមក៕

អត្ថបទទាក់ទង