ក្រុមការងារចម្រុះបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេសក្នុងខេត្តសៀមរាប
នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារចម្រុះបានបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែគ្រប់ប្រភេទ (ដីស ដីក្រហម ខ្សាច់ ថ្ម….) ខុសលក្ខណៈបច្ចេកទេសក្នុងខេត្តសៀមរាប ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សោភ័ណភាព បរិស្ថានអនាម័យ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងខេត្ត ដោយរៀបចំកម្លាំងចុះត្រួតពិនិត្យចំនួន ២ក្រុមដូចខាងក្រោម៖
- ក្រុមទី១ បានបំបែកជា ២គោលដៅ ដាក់នៅផ្លូវជាតិលេខ៦ ខាងកើតផ្សារធំ និងនៅរង្វង់មូលព្រៃគុយ ឃុំកណ្តែក ស្រុកប្រាសាទបាគង
- ក្រុមទី២ គោលលដៅនៅខាងមុខវត្តចេតិយ សង្កាត់សំបួរ ក្រុងសៀមរាប។
ក្នុងការធ្វើប្រតិបត្តិការនេះ ក្រុមការងារបានពិនិត្យឃើញថាមានការដឹកជញ្ជូនធនធានរ៉ែ (ដីស ដីក្រហម ខ្សាច់ ថ្ម….) ខុសលក្ខណៈបច្ចេកទេស ដូចជា ដឹកលើសទ្រុង មិនបានគ្រប ឬហៀរ ឬកម្ពប់ ហើយក៏បានពិនិត្យអ្នកបើកបររថយន្តមួយចំនួនមានសារធាតុញៀនផងដែរ។ ជាមួយគ្នានេះ ក្រុមការងារបានអប់រំណែនាំ ព្រមទាំងធ្វើកំណត់ហេតុ ណែនាំអោយម្ចាស់រថយន្តត្រឡប់ទៅការដ្ឋាន ដើម្បីកាយទំលាក់ និងគ្របអោយបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស មុននឹងដឹកចេញពីការដ្ឋានចូលក្នុងក្រុង។
គិតចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារបានត្រួតពិនិត្យឃើញមានរថយន្តដឹកខុសលក្ខណៈបច្ចេកទេសសរុបចំនួន ១៩៣គ្រឿង និងអ្នកបើកបរមានផ្ទុកសារធាតុញៀនចំនួន ៧នាក់។
សូមបញ្ជាក់ថា ក្រោយពីការចុះអប់រំណែនាំរួច ក្នុងករណីម្ចាស់រថយន្ត ឬអ្នកបើកបរ ដែលមិនអនុវត្តការណែនាំ ក្រុមការងារនឹងចាត់ការតាមនីតិវិធីច្បាប់ ដោយផាកពិន័យតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕