ខ្មែរប៉ុស្ដិ៍ Close

អន្តរក្រសួង រៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពន្យារពេលស្នាក់​នៅរបស់ទេសចរអន្តរជាតិនៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 64
អន្តរក្រសួង រៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពន្យារពេលស្នាក់​នៅរបស់ទេសចរអន្តរជាតិនៅកម្ពុជា អន្តរក្រសួង រៀបចំផែនការមេអភិវឌ្ឍទេសចរណ៍ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពន្យារពេលស្នាក់​នៅរបស់ទេសចរអន្តរជាតិនៅកម្ពុជា

រាជរដ្ឋាភិបាលបានសម្រេចបង្កើត «គណៈកម្មការអន្តរ ក្រសួង និងដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប» ក្នុងគោល បំណងរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាប ដើម្បីសិក្សារៀបចំបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗក្នុងខេត្ត សៀមរាប សំដៅពន្យារពេលនៃការស្នាក់នៅរបស់ភ្ញៀវទេសចរអន្តរជាតិ។ នេះគឺជាគោលនយោបាយថ្មីមួយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន ពិសេសគឺជាការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ប្រកបដោយនិរន្តរភាព។

បន្ទាប់ពីមានការសម្រេចបង្កើតរួចមក គណៈកម្មការអន្តរក្រសួង និងដើម្បីសិក្សារៀបចំផែនការសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប បានបើកកិច្ចប្រជុំគណៈកម្មការលើកទី១ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានគណៈកម្មការ និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាអនុប្រធានគណៈកម្មការ និងមានចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មការ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាប នៅសាលាខេត្តសៀមរាប នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។

កិច្ចប្រជុំលើកទី១នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រកាសសមាភាពគណៈកម្មការអន្តរក្រសួង និងលេខាធិការដ្ឋាន ពិភាក្សាអំពីការរៀបចំផែនការមេអភិវឌ្ឍក្រុងសៀមរាប និងខេត្តសៀមរាប ព្រមជាមួយផែនការការងាររបស់គណៈកម្មការអន្តរក្រសួង។

លោក ថោង ខុន បានជម្រាបជូនអង្គប្រជុំអំពីការវឌ្ឍន​ភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍ជារួម និងខេត្ត​សៀមរាប ព្រមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក្នុងការធានាការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយនិរន្តរភាព រួមមាន៖ ការពង្រឹងគុណភាពឧស្សហកម្ម ទេសចរណ៍ តាមរយៈការអនុវត្តនូវយុទ្ធ​នាការ «សេវាមួយ ស្តង់ដាមួយ» ការជំរុញចលនាប្រលងប្រណាំងផ្អែកលើស្តង់ដាអាស៊ាន និងស្តង់ដាកម្ពុជា ការគ្រប់គ្រងតាមប្រព័ន្ធ Online ការពង្រឹងធនធាន​មនុស្សក្នុងវិស័យទេសចណ៍តាមរយៈយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ» ការផ្សព្វផ្សាយទេសចរណ៍តាមប្រព័ន្ធ Digital ជាដើម។

លោក ឃឹម ប៊ុនសុង បានជម្រាបពីការអភិវឌ្ឍនៅខេត្ត​សៀមរាប ក្នុងនោះរួមមានការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សារធារណៈ ការរៀបចំប្លង់គោល និងប្លង់ប្រើប្រាស់ដីក្រុងសៀម ការពង្រឹងគុណភាពចំណីអាហារ និងអនាម័យ ការជំរុញការទាក់ទាញវិនិយោគឯកជន ជាពិសេសការវិនិយោគលើផលិតផលទេសចរណ៍ថ្មីៗ។

លោកស្រី ភឿង សកុណា បានលើកឡើងពីភាពចាំបាច់នៃការធ្វើ Zoning រវាងតំបន់បេតិកភណ្ឌ និងកន្លែងកម្សាន្ត ធ្វើយ៉ាងណាកុំឱ្យតំបន់បេតិកភណ្ឌក្លាយជាជនរងគ្រោះនៃសន្ទស្សន៍ការអភិវឌ្ឍ ជាពិសេសលោកគាំទ្រឱ្យមានការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ប្រកបដោយនិរន្តរភាព។

កិច្ចប្រជុំបានពិភាក្សា និងឯកភាពទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖

ការរៀបចំផែនការមេអភិវឌ្ឍក្រុងសៀមរាប៖ ត្រូវជំរុញដាក់ចេញផែនការមេអភិវឌ្ឍក្រុងសៀមរាប ដែលត្រូវអភិវឌ្ឍជាទីក្រុងទេសចរណ៍ ជាទីក្រុងបេតិកភណ្ឌ និងជាទីក្រុងដែលគិតគូរពីបរិស្ថាន ដោយត្រូវធ្វើសមាហរណកម្មទាំងលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងស្ថាបត្យកម្ម ដើម្បីទ្រទ្រង់នឹងកំណើនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប ទាំងភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសស្របតាមទស្សនទាន «អភិរក្សដើម្បីអភិវឌ្ឍ រីឯការអភិវឌ្ឍទ្រទ្រង់ដល់ការអភិរក្ស»

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត៖ ត្រូវធ្វើការសិក្សារៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹក និងអគ្គិសនីឲ្យបានគ្រប់គ្រាន់ និងត្រូវរៀបចំប្រព័ន្ធគ្រប់គ្រងសំណល់រឹង និងរាវអោយបានត្រឹមត្រូវតាមស្តង់ដាបរិស្ថាន។ ព្រម​ជាមួយនេះ ត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ និងមានរបៀប​រៀបរយ ដាក់ភ្លើងសញ្ញាចរាចរណ៍ឲ្យបានគ្រប់គ្រាន់ រៀបចំដាក់ភ្លើងបំភ្លឺទីក្រុងសៀមរាប រៀបចំសោភ័ណភាពតាមស្ទឹងសៀមរាប ពង្រីកផ្លូវក្នុងក្រុង ជាពិសេសផ្លូវសម្រាប់ថ្មើរជើង និងផ្លូវសម្រាប់ជិះកង់។

ការអភិវឌ្ឍតំបន់ទេសចរណ៍ជុំវិញក្រុងសៀមរាប និងគាំទ្រយុទ្ធនាការ «សៀមរាប៖ ក្រៅពីប្រាសាទ» ជា​ពិសេសតំបន់ព្រែកទាល់ ចុងឃ្នាស បឹងទន្លេសាប ភ្នំគូលែន និងតំបន់សហគមន៍ទេសចរណ៍ តំបន់កសិ-ទេសចរណ៍ ទេសចរណ៍ជនបទ ផលិតផលទេសចរណ៍កែច្នៃផ្សេងៗ និងព្រឹត្តិការណ៍ ពិសេសទេសចរណ៍កីឡា ដើម្បីបង្កើនឧត្តមភាពប្រកួងប្រជែងនៃវិស័យទេសចរណ៍ខេត្តសៀមរាប និងពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។

ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធន​ធានមនុស្ស ក្នុងវិស័យទេសចរណ៍ឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ ដោយត្រូវពង្រឹងគុណភាពសាលាបណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការបណ្តុះបណ្តាលផ្ទៃក្នុង និងជំរុញការអនុវត្តស្តង់ដាអាស៊ានក្នុងវិស័យទេសចរណ៍។

ការកាត់បន្ថយការធ្លុះធ្លាយនៃវិស័យទេសចរណ៍ ដែលកើតចេញពីការនាំចូលបន្លែ ផ្លែឈើ និងសាច់ពីបរទេស៖ ត្រូវជំរុញការអភិវឌ្ឍខ្សែក្រវាត់បៃតង ជុំវិញក្រុងសៀមរាប ដោយជំរុញសកម្មភាពដាំបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វជាលក្ខណៈធម្មជាតិ ដើម្បីផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរ។

ការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរចិន៖ ជំរុញការអនុវត្តសៀវភៅស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា និងស្តង់ដាវាយតម្លៃកម្ពុជាសម្រាប់សេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន ដែលក្រសួងទេសចរណ៍បានរៀបចំ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងស្នាក់នៅរបស់ភ្ញៀវទេសចរចិនមកកាន់ខេត្តសៀមរាប។

គួរកត់សម្គាល់ថា សម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៨នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៩លាននាក់ ក្នុងកំណើន ៨.៤៧% ក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ ៨៣ម៉ឺននាក់៕

អត្ថបទទាក់ទង