សម្តេចធិបតី ហ៊ុន ម៉ាណែត៖បូជនីយដ្ឋានចងចាំនៃកម្ពុជាបន្សល់ទុកជាកេរមរតកនៃការចងចាំ ការរៀនសូត្រ មេរៀនប្រវត្តិសាស្រ្ត និងការថែរក្សាសន្តិភាពសម្រាប់កូនចៅជំនាន់ក្រោយតទៅមុខ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖បូជនីយដ្ឋានចងចាំនៃកម្ពុជាបន្សល់ទុកជាកេរមរតកនៃការចងចាំ ការរៀនសូត្រ មេរៀនប្រវត្តិសាស្រ្ត និងការថែរក្សាសន្តិភាពសម្រាប់កូនចៅជំនាន់ក្រោយតទៅមុខ
យោងតាមសារលិខិតចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួប១ឆ្នាំ នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ដែលរួមមាន អតីតមន្ទីរឃុំឃាំង១៣ (ម-១៣) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង (ស-២១) និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបន្សល់ទុកជាកេរមរតកនៃការចងចាំ ការរៀនសូត្រ មេរៀនប្រវត្តិសាស្ត្រ និងការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃសម្រាប់កូនចៅជំនាន់ក្រោយតទៅមុខ ព្រមទាំងជាអំណោយយ៉ាងអស្ចារ្យមួយរបស់កម្ពុជា ជូនដល់មនុស្សជាតិទូទាំងពិភពលោកនូវគំរូនៃការផ្សះផ្សាជាតិ ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការអប់រំ ការកសាងនិងការការពារសន្តិភាព។
សារលិខិតដដែលនេះបានឱ្យដឹងទៀតថា មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងលើឆាកអន្តរជាតិ ដែលកើតចេញពីការតស៊ូ ការលះបង់ដ៏ខ្ពស់បំផុត និងភាពរឹងមាំរបស់ប្រជាជនកម្ពុជា ដើម្បីសន្តិភាពក្រោមនយោបាយឈ្នះឈ្នះ នាំមកនូវការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនាជូនប្រជាជនកម្ពុជា ដែលជាមូលដ្ឋានគ្រឹះនៃការកសាងនិងការអភិវឌ្ឍ ប្រទេសជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និងការការពារសច្ចភាពប្រវត្តិសាស្ត្ររបស់ជាតិ។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់បណ្តាញសារព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយទីតាំងប្រវត្តិសាស្ត្រនេះ ឱ្យបានទូលំទូលាយ ក្នុងឱកាសប្រារព្ធខួប១ឆ្នាំ នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបំផុសបន្ថែមនូវជំហរប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំឭកអំពីភាពចាំបាច់នៃការរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្សជាមរតកសម្រាប់ជនជំនាន់ក្រោយក្រោមពាក្យស្លោក “អរគុណសន្តិភាព”៕




