លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យបង្កើនទំហំពាណិជ្ជកម្ម នៃប្រទេសទាំង២ កម្ពុជា-មីយ៉ាន់ម៉ា
នៅក្នុងជំនួបទ្វេរភាគីរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ានៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ភាគីទាំងពីរបានបង្ហាញជំហររួមគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ពិសេសក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។ ជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំឲ្យមាន ការត្រួតពិនិត្យលើបញ្ហាពន្ធត្រួតគ្នា និងវិស័យដទៃទៀត ដែលប្រទេសយើងទាំងពីរ មានសក្តានុពល ជំរុញឲ្យមានការរីកចម្រើនកាន់តែធំធាត់ឡើងជាពិសេសបង្កើនទំហំពាណិជ្ជកម្មពី១០លានដុល្លារ ឲ្យបានកាន់តែធំឡើង ច្រើនជាងមុនបន្ថែមទៀត។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ផ្លូវការ របស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងប្រទេសមីយ៉ាន់ម៉ានៅមានកម្រិតតិចតួចនៅឡើយ ខណៈរយៈពេលជាង៣ឆ្នាំចុងក្រោយទំហំពាណិជ្ជកម្មនៃប្រទេសទាំង២មានជិត២០លានដុល្លារ។
របាយការណ៍បញ្ជាក់ថា នៅឆ្នាំ២០១៥ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំង២មាន៤.៧៩លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១.៤៧លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាវិញមាន៣.៣២លានដុល្លារ។ នៅក្នុងឆ្នាំ២០១៦ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ាមានចំនួន៥.២៤លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១.១២លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៤.១២លានដុល្លារ។ នៅក្នុងឆ្នាំ២០១៧ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ាមានចំនួន៤.៣៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន២.០៧លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន២.២៥លានដុល្លារ។ នៅរយៈពេល៦ខែឆ្នាំ២០១៨ទំហំពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ាមាន៤.៥៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន៨៦ម៉ឺនដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៣.៦៧លានដុល្លារ៕