ខ្មែរប៉ុស្ដិ៍ Close

លោក ហេង សំរិន ជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អថែមទៀតរវាងកម្ពុជា-មីយ៉ាន់ម៉ា ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
លោក ហេង សំរិន ជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អថែមទៀតរវាងកម្ពុជា-មីយ៉ាន់ម៉ា ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌ លោក ហេង សំរិន ជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អថែមទៀតរវាងកម្ពុជា-មីយ៉ាន់ម៉ា ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌

លោក ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការជាមួយ លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ខណៈដែល លោកស្រីបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃនៅកម្ពុជា។ នៅក្នុងជំនួបសវនាការនេះ ប្រធានរដ្ឋសភា បានលើកឡើងថា រដ្ឋសភាកម្ពុជាចង់ឃើញរដ្ឋាភិបាលទាំងពីរ (កម្ពុជា និងមីយ៉ាន់ម៉ា) បន្តពិចារណារួមគ្នាថែមទៀត គិតគូរពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាអាទិ៍៖ កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ជាពិសេស វិស័យវប្បធម៌ ដោយប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

លោក ហេង សំរិន បានគូសបញ្ជាក់ថា កម្ពុជា-មីយ៉ាន់ម៉ា ជាប្រទេសភូមិផង ដែលប្រជាជនមានប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិដ៏ល្អផូរផង់ស្រដៀងគ្នា គោរពប្រណិបត្តិព្រះពុទ្ធសាសនាដូចគ្នា។ លោកក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ នាពេលកន្លងមក សភាប្រទេសទំាងពីរ មានកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាច្រើនផងដែរ។ ក្រៅពីការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្ម ក៏តែងតែគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា ដូចជា អាយប៉ា និងASEPជាដើម។ លោក ហេង សំរិន បានជម្រាប លោកស្រី អោង សានស៊ូជី ថា នៅឆ្នំា២០២០នេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៣ របស់អាសិប (ASEP)។ សភាកម្ពុជាសង្ឃឹមថា សភាមីយ៉ាន់ម៉ា នឹងអញ្ជើញចូលរួមផងដែរ។

លោកស្រី អោង សានស៊ូជី បានជម្រាបលោក ហេង សំរិន ពីស្ថានភាពនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ា ក្រោយពីមានការបោះឆ្នោតដោយសេរី បានធ្វើឲ្យប្រទេសជាតិមានការកែទម្រង់និងបង្រួបបង្រួមជាតិ។ លោកស្រី បានលើកឡើងពីសារៈសំខាន់របស់រដ្ឋសភា ដែលជាកន្លែងតាក់តែងច្បាប់ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាយន្តការសំខាន់នៅក្នុងការលើកកម្ពស់ដំណើរការប្រជាធិបតេយ្យ។

លោកស្រី អោង សានស៊ូជី បានគូសបញ្ជាក់ថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ពិសេសការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនៅគ្រប់កម្រិត រួមទាំងការចូលរួមនៅក្នុងវេទិកាសភានានា ពិសេសវេទិកា (ASEP) ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះនោះ។ លោកស្រីទីប្រឹក្សា នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក៏ចង់ឃើញប្រទេសទំាងពីរមានទំនាក់ទំនងល្អលើ វិស័យទេសចរណ៍ អប់រំ ជាពិសេសលោកស្រីចង់ឃើញឲ្យមានកិច្ចសហប្រតិបត្តិការគ្នារវាងប្រាសាទអង្គរវត្តកម្ពុជានិងតំបន់វប្បធម៌របស់មីយ៉ាន់ម៉ា។

ប្រធានរដ្ឋសភា បានអបអរសាទរចំពោះជោគជ័យ នៃនយោបាយបង្រួបបង្រួមជាតិ ការធ្វើកំណែទម្រង់សេដ្ឋកិច្ច សង្គម ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកស្រី ដែលបានសម្រេចបានជាបន្តបន្ទាប់មកនេះ។ ជាមួយគ្នានេះ លោក ក៏បានអរគុណប្រទេសមីយ៉ាន់ម៉ា ដែលបានផ្តល់អាហារូបករណ៍ជាបន្តបន្ទាប់ ដល់សមណនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសមីយ៉ាន់ម៉ា។ លោក ហេង សំរិន បានស្នើសុំលោកស្រី ជួយគាំទ្រដល់អ្នកវិនិយោគទុនកម្ពុជា ដែលបានទៅវិនិយោគ នៅប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្ននេះ មានប្រមាណ៣០ក្រុមហ៊ុន៕

អត្ថបទទាក់ទង