ខ្មែរប៉ុស្ដិ៍ Close

លោកស្រី អោង សានស៊ូជី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34
លោកស្រី អោង សានស៊ូជី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភា លោកស្រី អោង សានស៊ូជី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភា

បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីជាមួយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅវេលាម៉ោង១១:០០នាទី ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានបន្តចូលជួបសម្តែងការគួរសមជាមួយ លោក ហេង សំរិន ប្រធានរដ្ឋសភា។

លោកស្រី អោង សានស៊ូជី បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជា នៅម៉ោង៣៖៥០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។

ខណៈមកដល់ប្រទេសកម្ពុជា លោកស្រីបានអញ្ជើញបំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រមទាំងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ លោកស្រីនឹងបន្តចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយបន្តចូលបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។ល់ព្រះមហាក្សត្រ និងសម្តេចម៉ែផងដែរ។

នៅយប់ថ្ងៃនេះ លោកស្រី ក៏នឹងចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំទទួលស្វាគមន៍ដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថែមទៀត។ សម្រាប់ថ្ងៃបន្ទាប់លោកស្រី អោង សានស៊ូជី នឹងទៅទស្សនានៅប្រាសាទមួយចំនួនរបស់ខ្មែរ នៅលើទឹកដីអង្គរខេត្តសៀមរាប មុននឹងបញ្ចប់ទស្សនកិច្ច។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី អោង សានស៊ូជី នៅកម្ពុជា នឹងពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគី។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេសកម្ពុជា ៕

អត្ថបទទាក់ទង