ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រៀបចំពិធីលាងសាយភោជន៍ជូនលោកស្រី អោង សានស៊ូជី និងគណៈប្រតិភូ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រៀបចំពិធីលាងសាយភោជន៍ជូនលោកស្រី អោង សានស៊ូជី និងគណៈប្រតិភូ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រៀបចំពិធីលាងសាយភោជន៍ជូនលោកស្រី អោង សានស៊ូជី និងគណៈប្រតិភូ

បន្ទាប់ពីបានបំពេញទស្សនកិច្ចពេញមួយថ្ងៃនៅប្រទេសកម្ពុជា នៅរាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរៀបចំពិធីលាងសាយភោជន៍ជាមួយអាហារដ៏មានឱជារសជាច្រើនមុខជូនលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូ។ ពិធីលាងសាយភោជន៍នេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបក្រោមបរិយាកាសដ៏សែនមនោរម្យ និងរីករាយ។

សូមបញ្ជាក់ថា លោកស្រី អោង សានស៊ូជី បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅកម្ពុជាតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន។ ពេញមួយថ្ងៃទី៣០ ខែមេសា នេះ លោកស្រីបានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

បន្ទាប់មកអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន, លោកស្រី បានអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និង បានអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហនុ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង។

លោកស្រី អោង សានស៊ូជី ក៏នឹងអញ្ជើញទៅទស្សនាប្រាង្គប្រាសាទអង្គរក្នុងខេត្តសៀមរាប នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ ក្រោយទស្សនាប្រាសាទអង្គរលោកស្រី នឹងហោះចាកចេញពីកម្ពុជាទៅកាន់ប្រទេសរបស់លោកស្រីវិញក្នុងថ្ងៃដដែលនោះផងដែរ៕