ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជាជាប្រទេសដ៏សំខាន់ដែលរដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់លើការផ្សាភ្ជាប់គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1074
    កម្ពុជាជាប្រទេសដ៏សំខាន់ដែលរដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់លើការផ្សាភ្ជាប់គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»កម្ពុជាជាប្រទេសដ៏សំខាន់ដែលរដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់លើការផ្សាភ្ជាប់គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»

    ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដ៏សំខាន់ក្នុងក្របខណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» ហើយរដ្ឋាភិបាលចិន មានការយកចិត្តទុកដាក់ខ្ពស់លើការផ្សាភ្ជាប់គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ជាមួយនឹង «យុទ្ធសាស្ត្រចតុកោណ» របស់រាជរដ្ឋាភិបាលកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិន មានបំណងចាប់ដៃកម្ពុជាដោយឈរលើស្មារតី «ខ្សែក្រវាត់ និងផ្លូវ» រួមគ្នាពិភាក្សា រួមគ្នាកសាង រួមគ្នាចែករំលែក និងបន្តកិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាពរួមគ្នា។ ការគូសបញ្ជាក់របស់លោក វ៉ាង វិនធាន ត្រូវបានរំលេចឡើងតាមរយៈសំណេរបង្ហាញពីទស្សនវិស័យលើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ លោកឯកអគ្គរដ្ឋទូតចិន បានដាក់ចំណងនៃសំណេររបស់ខ្លួនថា «រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ បង្កើតជាសហគមន៍ជោគវាសនាតែមួយរវាងចិន និងកម្ពុជា»។

    ក្នុងសំណេរដែលបានចែកចាយលើទំព័រ Facebook របស់ស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ចំពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២, លោក វ៉ាង វិនធាន បានបង្ហាញការជឿជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងចិន និងកម្ពុជា ប្រាកដជាអាចធ្វើឱ្យមានទំនុកចិត្តផ្នែកនយោបាយ បំពេញចំណុចខ្វះខាតឱ្យគ្នាទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ច និងការស្វែងយល់ពីគ្នារវាងប្រជាជនបានកាន់តែពេញលេញ។ ជាពិសេសតាមរយៈការជំរុញផ្សាភ្ជាប់រវាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និង ផ្លូវ» រួមនឹង «យុទ្ធសាស្ត្រចតុកោណ» ចិន និងកម្ពុជា នឹងរួមគ្នាកសាងសហគមន៍ជោគវាសនាតែមួយប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ដែលផ្តល់ផលប្រយោជន៍ជោគជ័យ និងពឹងផ្អែកគ្នាទៅវិញទៅមក នឹងនាំមកនូវភាពសុខដុមរមនាកាន់តែប្រសើរជូនចំពោះប្រជាជនប្រទេសទាំងពីរ។ ក្នុងសំណេរនេះលោកឯកអគ្គរដ្ឋទូតចិន ក៏បានគូសបង្ហាញពីសមិទ្ធផលធំៗមួយចំនួនដែលកើតចេញពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក៏ដូចជាក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ផងដែរ។

    លោកឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា ប្រទេសចិន និង ប្រទេសកម្ពុជា គឺជាប្រទេសអ្នកជិតខាងយ៉ាងជិតស្និទ្ធ។ ទំនាក់ទំនងយ៉ាងស្និទ្ធស្នាល និង វិសេសវិសាលរវាងចិន និងកម្ពុជាត្រូវបានចាក់គ្រឹះដោយប្រវត្តិមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ ចំណងការទូតក្នុងរយៈពេល ៦១ឆ្នាំមកនេះ ប្រទេសទាំងពីរតែងបន្តយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមក។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជននៃប្រទេសទាំងពីរ, មិត្តភាពប្រពៃណីចិន និងកម្ពុជាបានរីកដុះដាលយ៉ាងល្អ តាមរយៈការកសាង «ខ្សែក្រវាត់ និងផ្លូវ» ហើយទំនាក់ទំនងភាគីទាំងពីរបានឈានចូលដល់សម័យកាលល្អបំផុតក្នុងប្រវត្តិសាស្រ្ត។ ទំនុកចិត្តនយោបាយរយៈពេលវែងបង្កើតបានជាទំនាក់ទំនង «មិត្តដែកថែប»។

    ក្រោយពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ត្រូវបានលើកឡើងកិច្ចសហប្រតិបត្តិការក្នុងវិស័យសមត្ថភាពផលិតកម្ម ធុរកិច្ចពាណិជ្ជកម្ម កសិកម្ម និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាដើមរវាងប្រទេសទាំងពីរត្រូវបានវិវត្តន៍កាន់តែស៊ីជម្រៅជាលំដាប់។ កិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ចរវាងប្រទេសទាំងពីរសម្រេចបានចំណាត់ថ្នាក់លេខ១ជាច្រើន។ យោងតាមស្ថិតិកម្ពុជា ប្រទេសចិនជាប្រភពទុនវិនិយោគធំបំផុត និងជាដៃគូពាណិជ្ជកម្មធំទី១ របស់ប្រទេសកម្ពុជា។ ភាគីចិនសាងសង់ផ្លូវបានប្រវែងវែងជាងគេ និងស្ពានបានចំនួនច្រើនជាងគេនៅកម្ពុជា ហើយបានតភ្ជាប់ខ្សែអុបទិចវែងបំផុតទៀតផង។

    នៅដើមឆ្នាំនេះ ភាគីទាំងពីរបានកំណត់គោលដៅដើម្បីសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ចំនួន ១០ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៣ ហើយប្រទេសទាំងពីរនឹងចាប់ផ្តើមសិក្សាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងឱកាសសមស្របណាមួយ។ តាមរយៈការជំរុញជាបន្តបន្ទាប់នៃការកសាងយុទ្ធសាស្ត្រ «ខ្សែក្រវាត់ និងផ្លូវ» ការបំពេញគុណសម្បត្តិទៅវិញទៅមករវាងសេដ្ឋកិច្ចចិន និងកម្ពុជានឹងបញ្ចេញសមត្ថភាពផ្ទាល់ខ្លួនបានយ៉ាងពេញលេញ ហើយកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងចិន និងកម្ពុជានឹងឈានចូលដល់សម័យកាលអភិវឌ្ឍន៍ដ៏វិសេសវិសាលយ៉ាងឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយ ដែលនឹងនាំមកនូវសមិទ្ធផលជាផ្លែផ្កា។ ការប្រាស្រ័យទាក់ទងមនុស្សសាស្ត្រយ៉ាងទូលំទូលាយជំរុញដល់ការផ្សាភ្ជាប់មនោសញ្ចេតនារវាងប្រជាជននិងប្រជាជន។ មិត្តភាពចិន និងកម្ពុជា ជានិច្ចកាលចាក់ឬសក្នុងបេះដូងរបស់ប្រជាជនប្រទេសទាំងពីរ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងមនុស្សសាស្រ្តប្រទេសទាំងពីរមានការអភិវឌ្ឍខ្ពស់ក្លាយទៅជាកម្លាំងជំរុញសំខាន់ក្នុងការអភិវឌ្ឍលើគ្រប់ជ្រុងជ្រោយ។ កាលពីឆ្នាំ២០១៨ភ្ញៀវទេសចរចិន មកទស្សនាប្រទេសកម្ពុជាមានចំនួនលើសពី២លាននាក់ហើយ រីឯភ្ញៀវទេសចរកម្ពុជាដែលទៅទស្សនាប្រទេសចិនមានចំនួនលើសពី ១សែននាក់ កំណើនជាមធ្យមលើសពី៦០%។ ប្រទេសចិនបានក្លាយជាប្រភពភ្ញៀវទេសចរធំជាងគេសម្រាប់កម្ពុជា។ ចំនួនជើងហោះហើររវាងចិន និងកម្ពុជាមានប្រមាណ ៣៩៨លើកក្នុងមួយសប្តាហ៍។ អាហារូបករណ៍រដ្ឋាភិបាលចិន បានទទួលសិស្សនិស្សិតកម្ពុជាសរុបប្រមាណជាង២០០០នាក់មកហើយ។ ការសហការបង្កើតរួមគ្នារវាងចិន និងកម្ពុជានូវវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានបណ្តុះបណ្តាលសិស្សនិស្សិតប្រមាណជាង ៨ម៉ឺននាក់ហើយ ចំណែកទីតាំងសិក្សាត្រូវបានពង្រាយនៅតាមខេត្តក្រុងចំនួន១២ និងនៅតាមស្ថាប័នជាតិមួយចំនួនទៀតផង។ ស្នាមញញឹមអង្គរ ដែលជាការសម្តែងសិល្បៈវប្បធម៌ទេសចរណ៍ខ្នាតធំទទួលបានការគាំទ្រយ៉ាងច្រើនកុះករ។

    ប្រទេសទាំងពីរ នឹងចាត់ទុក «ទិវាឆ្នាំវប្បធម៌ទេសចរណ៍រវាងចិន និងកម្ពុជា» ២០១៩ ជាឱកាសមួយ បន្តជំរុញពង្រីកការប្រាស្រ័យទាក់ទងរវាងប្រជាជនទៅវិញទៅមក លើកកម្ពស់ការស្វែងយល់ពីគ្នារវាងប្រជាជនទាំងពីរហើយធ្វើការបណ្តុះបណ្តាលឆន្ទៈ និងមូលដ្ឋានសង្គមឲ្យបានកាន់តែជ្រាលជ្រៅ ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនាតែមួយប្រកបដោយអត្ថន័យយុទ្ធសាស្ត្ររវាងចិន និងកម្ពុជា៕

    ប្រភព៖ Fresh News

    អត្ថបទទាក់ទង