គម្រោងតារាសាគរ កំពុងលេចចេញជារូបរាងនៅក្នុងប្រទេសកម្ពុជា
សហគ្រាសចិន ដែលបានយកចិត្តទុកដាក់យ៉ាងពេញ លេញចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) បានជួយសាងសង់ផ្លូវថ្នល់ ស្ពាន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើននៅទូទាំងប្រទេសកម្ពុជា។ ហើយការសាងសង់នេះបាននាំមកនូវក្តីសង្ឃឹម និងការកែលម្អសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
អ្នកជំនាញបានប្រាប់ សារព័ត៌មាន Global Times ថា ខណៈពេលដែល ប្រទេសលោកខាងលិចមួយចំនួនដែលដឹកនាំដោយសហរដ្ឋអាមេរិកតែងតែមានអាកប្បកិរិយាគួរឱ្យសង្ស័យ ហើយថែមទាំងបានព្យាយាមធ្វើឱ្យប៉ះពាល់ដល់គោលបំណងដ៏ល្អរបស់ប្រទេសចិននោះ ពួកគេពិតជាមិនបានជួយអ្វីនោះទេ ក្រៅតែពីការរារាំងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងនិយាយអាក្រក់អំពីគម្រោង BRI ដើម្បីបម្រើដល់តម្រូវការ នយោបាយរបស់ពួកគេតែប៉ុណ្ណោះ។
នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុន Coastal City Development Group Co បានប្រាប់ដល់សារព័ត៌មាន Global Times នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា រមណីយដ្ឋានតារាសាគរដែលកំពុងទទួលបានការវិនិយោគ និងអភិវឌ្ឍដ៏ធំទូលំទូលាយ និងត្រូវបានអនុម័តទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា គឺជាតំបន់ដែលបានអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិក្នុងប្រទេសកម្ពុជា ហើយបានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។
នាយកប្រតិបត្តិរូប នោះបាននិយាយថា «ក្រោយពីការអភិវឌ្ឍ និងសាងសង់អស់រយៈពេលជាង ១០ ឆ្នាំ គម្រោងនេះបានចាប់ផ្តើមលេចចេញជារូបរាង និងទទួលបានការទទួលស្គាល់ពីសំណាក់រដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងឡាយ មិនថាជនជាតិខ្មែរ ឬចិននោះទេ ហើយយើងក៏បានបង្កើតនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងយូរអង្វែងជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាផងដែរ»។
ដោយលើកយកវិថី សាយ ភូថង ធ្វើជាឧទាហរណ៍គម្រូ ផ្លូវនេះគឺជាវិថីដ៏ល្អមួយនៅក្នុងរមណីយដ្ឋានតារាសាគរ ក្នុងចំណោមវិថីផ្សេងៗ ទៀតដែលមានប្រវែងជិត ៣០០ គីឡូម៉ែត្រ ហើយកំពុងតែត្រូវបានសាងសង់។
នាយកប្រតិបត្តិខាងលើបានបន្ថែមទៀតថា «ការប្រកាសដាក់ឱ្យប្រើប្រាស់វិថីនេះជាផ្លូវការ គឺជាការបំពេញចន្លោះនៃការតភ្ជាប់ផ្លូវគោករវាងតំបន់តារាសាគរ និងពិភពខាងក្រៅ ហើយវាក៏បានផ្តល់នូវភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋនៅតាមដងផ្លូវក្នុងការធ្វើដំណើរ បន្ថែមពីលើអត្ថប្រយោជន៍ជាក់ស្តែងខាងផ្នែកសេដ្ឋកិច្ច និងសង្គម»។
បើទោះបីជាគម្រោងតារាសាគរ ត្រូវបានគេដាក់ចេញ មុនគម្រោង BRI រហូត ដល់ទៅ ៥ឆ្នាំក៏ដោយ ក៏គម្រោងនេះមានភាព ស្របគ្នាទៅនឹងតម្លៃស្នូលរបស់ BRI ជាពិសេសសម្រាប់ប្រទេសកម្ពុជាដែលជាអ្នកចូលរួមដ៏សំខាន់នៅក្នុងគំនិតផ្តួចផ្តើមនេះ។
គម្រោងនេះត្រូវបានគេបញ្ចូលទៅក្នុងបញ្ជី «គម្រោងសំខាន់ៗពាក់ព័ន្ធនឹងសមត្ថភាពផលិតកម្មនិងកិច្ចសហប្រតិបត្តិការវិនិយោគ» ដែលត្រូវបានចុះហត្ថលេខា រួមគ្នាដោយគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីឆ្នាំ ២០១៦។
នៅក្នុងឆ្នាំ ២០២០ ក្រុមហ៊ុនអភិវឌ្ឍន៍ចិន Union Development Group Co (UDG) ត្រូវបានរដ្ឋាភិបាលអាមេរិកដាក់ទណ្ឌកម្ម ក្រោមច្បាប់ស្តីពីគណនេយ្យភាពសិទ្ធិមនុស្ស (Global Magnitsky) ដោយសារតែគម្រោងនេះត្រូវបានគេផ្សារភ្ជាប់ទៅនឹងការរំលោភសិទ្ធិមនុស្ស។ គម្រោងក្រៅប្រទេសរបស់ក្រុមហ៊ុន UDG ត្រូវបានអភិវឌ្ឍ និងដំណើរការដោយក្រុមហ៊ុន Coastal City Development។
អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជា បានឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មនេះវិញតាមរយៈការថ្កោលទោសអាមេរិកចំពោះការដាក់ទណ្ឌកម្មមកលើក្រុមហ៊ុនចិននៅកម្ពុជា ដោយបានចោទថា «អាមេរិកកំពុងរំលោភមកលើសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន និងអធិបតេយ្យភាពរបស់កម្ពុជា»។
អ្នកនាំពាក្យរូបនោះបាននិយាយថា «ការដាក់ទណ្ឌកម្មរបស់អាមេរិកដោយឈរលើច្បាប់ក្នុងស្រុករបស់ខ្លួន គឺជាទង្វើខុសឆ្គងយ៉ាងធ្ងន់ធ្ងរ។ ការគាបសង្កត់របស់អាមេរិកមកលើការវិនិយោគស្របច្បាប់របស់សហគ្រាសចិននៅកម្ពុជា មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងជាការជាន់ឈ្លីមកលើអធិបតេយ្យភាពរបស់កម្ពុជាផងដែរ»។
លោក Xu Liping នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ីអាគ្នេយ៍ នៅបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន នៅទីក្រុងប៉េកាំងបាន ប្រាប់សារព័ត៌មាន Global Times កាល ពីថ្ងៃពុធថា «ការលាបពណ៌មកលើគម្រោង BRI ពីសំណាក់ប្រទេសលោកខាងលិច មិនមែនទើបតែកើតឡើងនៅថ្ងៃនេះទេ តែវាបានកើតឡើងតាំងពីយូរមកហើយ ដោយផ្អែកទៅលើតម្រូវការនយោបាយរបស់ពួកគេ។ ដោយប្រើប្រាស់ការចោទប្រកាន់បែបភូតកុហកដើម្បីជាឧបករណ៍ចរចានៅក្នុងតំបន់ អាមេរិកបានបំផ្លាញមុខមាត់របស់ប្រទេសចិននៅក្នុងបេះដូងរបស់ប្រជាជនក្នុងតំបន់ និងបានរារាំងដល់ការរីកចម្រើននៃគម្រោងនេះ»។
លោក Xu បាននិយាយថា គម្រោងកំពង់ផែនិងព្រលានយន្តហោះនៅក្នុងរមណីយដ្ឋានតារាសាគរគឺជាអ្វីដែលស្របតាមតម្រូវការរបស់ប្រជាជនក្នុងស្រុក និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈ
ការពង្រីកការដឹកជញ្ជូននៅក្នុងប្រទេស និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Coastal City បានកត់សម្គាល់ថា «យើងនឹងបន្តរក្សានិងពង្រឹងយុទ្ធសាស្រ្តការសាងសង់តាមបែបអរិយធម៌អេកូឡូស៊ី និងដើរតាមគន្លងនៃអាទិភាពអេកូឡូស៊ី និងការអភិវឌ្ឍបៃតង ហើយនឹងបន្តលើកកម្ពស់ការអភិវឌ្ឍតំបន់បៃតង ដែលមានកម្រិតកាបូនទាប»។
ដោយដកស្រង់សម្តីរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំមុន ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា គម្រោង BRI នៅកម្ពុជាដែលរួមមានទាំងការសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី, ពហុកីឡដ្ឋានជាតិ និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ក្នុងចំណោមគម្រោងផ្សេងៗទៀតជាច្រើន ពិតជាបានផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩។
អ្នកជំនាញ និងតំណាងធុរកិច្ចបានអះអាងថា គម្រោង BRI, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងដើរតួនាទីយ៉ាង
សំខាន់ក្នុងការជំរុញការវិនិយោគរបស់ចិន នៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ។
ការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០២១ បើទោះបីជារងនូវឥទ្ធិពលអវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ ដែលនេះ គឺជាការឆ្លុះបញ្ចាំងអំពីការជឿទុកចិត្តរបស់អ្នកវិនិយោគចិនមកលើបរិយាកាសធុរកិច្ចរបស់កម្ពុជា។
យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ប្រទេសកម្ពុជាបានទាក់ទាញការវិនិយោគទ្រព្យសកម្មថេរចំនួន ២,៣២ ពាន់លានដុល្លារពីប្រទេសចិនកាលពីឆ្នាំមុន និងបានកើនឡើងចំនួន ៦៧% ។ របាយការណ៍ខាងលើបានបញ្ជាក់ទៀតថា ក្នុងចំណោមគម្រោងដែលត្រូវបានអនុម័តកាលពីឆ្នាំមុន ប្រទេសចិននៅតែជាវិនិយោគិនបរទេសកំពូលសម្រាប់ប្រទេសកម្ពុជា ដែលបានកាន់កាប់គម្រោងចំនួន ៥៣,៤% នៃការវិនិយោគសរុបដែលមានតម្លៃ ៤,៣៥ ពាន់លានដុល្លារនៅកម្ពុជា។
ទិន្នន័យផ្លូវការបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន មានតម្លៃជិត ១១,២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ កើនឡើងចំនួន ៣៨% ធៀបនឹងឆ្នាំ ២០២០។
យោងតាមការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុន Coastal City បានឱ្យដឹងថា «ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP ដែលទើបនឹង បានចូលជាធរមាន និងគោលនយោបាយអំណោយផលនៃ CCFTA ក៏ដូចជាច្បាប់ថ្មីរបស់កម្ពុជាស្តីពីការវិនិយោគដែលនឹងចូលជាធរមាននៅ ពេលខាងមុខ វានឹងកាន់តែផ្តល់នូវភាពងាយស្រួល និងអត្ថប្រយោជន៍នៃការរួចពន្ធកាន់តែច្រើនសម្រាប់អ្នកវិនិយោគដែលកំពុងស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា»៕ Global Times