ខ្មែរប៉ុស្ដិ៍ Close

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ជាចលករយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 64
គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ជាចលករយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ជាចលករយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញសុទិដ្ឋិនិយមជាខ្លាំងចំពោះគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលផ្តួចផ្តើមបង្កើតឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយចាត់ទុកគំនិតផ្តួចផ្តើមនេះ គឺជាចលករមួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា និងប្រទេសជាសមាជិកទាំងអស់សរុប១២៦ ប្រទេសនោះ។ លោក បានចាត់ទុកគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបង្កើតឡើងដោយលោក ស៊ី ជីនពីង នៅឆ្នាំ២០១៣ ជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈពិសេស ពីព្រោះបានផ្តោតជាសំខាន់លើការសម្របសម្រួលគោលនយោបាយអភិវឌ្ឍន៍ជាមួយប្រទេសដៃគូ ដោយឈរលើស្មារតីគោរពគ្នាទៅវិញទៅមក។

មុននឹងចេញទៅចូលរួមវេទិកានៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ នៅទីក្រុងប៉េកាំង ប្រទេសចិន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់នូវកិច្ចសម្ភាសន៍ដ៏ពិសេសមួយដល់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ ជុំវិញគុណតម្លៃនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ចាប់តាំងពីពេលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវបានបដិសន្ធិ លោកបានប្រមើលមើលឃើញនូវសក្តានុពល និងកាលានុវត្តភាពដ៏ធំមហិមាសម្រាប់ការពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាអន្តរជាតិ និងក្នុងតំបន់។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ សម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងមិនអាចកែប្រកែកបានក្នុងរយៈពេល៦ឆ្នាំគិតចាប់តាំងពីគំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងដោយលោក ស៊ី ជីនពីង ប្រធានាធិបតីចិនក្នុងឆ្នាំ២០១៣។
ប្រទេសកម្ពុជា បានក្លាយជាសមាជិកនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅឆ្នាំ២០១៦ ហើយកម្ពុជា ក៏ជាប្រទេសសមាជិកស្ថាបនិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលជាធនាគារដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញវត្ថុទ្រទ្រង់ដល់គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។ ជាសមាជិកនៃគំនិតផ្តួចផ្តើមមួយនេះ កម្ពុជាត្រូវបានមើលឃើញទាញបានប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលថ្មីមួយបានលិចចេញជារូបរាងនៅក្នុងប្រទេសកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមនេះ គឺការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ដែលនឹងក្លាយជាកម្លាំងចលករមួយកែប្រែវិមាត្រសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការតភ្ជាប់ក្នុងតំបន់ក្នុងកម្រិតមួយដែលមិននឹកស្មានដល់។ ក្រៅពីគម្រោងដ៏ធំមួយនេះ គំនិតផ្តួចផ្តើមនេះ ធ្វើឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ ជាពិសេសលើការកសាងសមត្ថភាពស្ថាប័ន ការចែករំលែកចំណេះដឹង និងការកសាងធនធានមនុស្សកំពុងតែបោះជំហ៊ានវិវឌ្ឍទៅមុខជាវិជ្ជមាន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំយល់ថា កិច្ចសហប្រតិបត្តិការទាំងនោះ រឹតតែមានគុណតម្លៃលើសពីការបោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទៅទៀត ហើយក៏ជាអ្វីដែលខ្ញុំរំពឹងថា នឹងកាន់តែទទួលបាននូវការយកចិត្តទុកដាក់ និងលើកស្ទួយថែមទៀត។ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងទាញយកនូវសក្តានុពល និងអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវឲ្យបានអស់ពីលទ្ធភាព ដើម្បីរួមចំណែកសម្រេចឲ្យបាននូវរបៀបវារៈគោលនយោបាយ ដែលជាយុទ្ធសាស្រ្តចតុកោណបានដាក់ចេញ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលប្រទេសទាំងពីរសម្រេចបាន ហើយខ្ញុំពេញចិត្តយ៉ាងខ្លាំងចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោមក្របខ័ណ្ឌ ខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនឥតគណនាដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម -វប្បធម៌ នៃប្រទេស និងប្រជាជនយើងទាំងពីរ។ ភាពជោគជ័យ នៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលជាគម្រោងវិនិយោគធំរបស់ចិន គឺជាសក្ខីភាពមួយយ៉ាងច្បាស់ នៃការកសាងគម្រោងផែនការកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវរវាងប្រទេសទាំងពីរ»។

លោកនាយករដ្ឋមន្ត្រីនៃកម្ពុជា បានមើលឃើញថា គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា មានគោលដៅ និង អាទិភាពដូចគ្នា ពោល គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់។ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាមានការផ្លាស់ប្តូរជារចនាសម្ព័ន្ធ និងមានតម្រូវការកាន់តែច្រើនលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ។ លោកបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមនេះ ព្រោះមើលឃើញថា ជាក្របខ័ណ្ឌដែលមានចរិតគាំទ្រដល់កិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមក ផ្អែកលើក្របខ័ណ្ឌ និងគំនិតផ្តួចផ្តើម ដែលមានស្រាប់ដោយឈរលើមូលដ្ឋានស្មើភាព គោរពអធិបតេយ្យភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដែលជាកត្តាពង្រឹងសុខសន្តិភាព ស្មារតីសាមគ្គីភាព និងការរួមរស់ជាមួយគ្នាដោយសុខដុម។ ជាក់ស្តែងគម្រោងសហប្រតិបត្តិការក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមនេះ សុទ្ធតែបានផ្សាភ្ជាប់ជាមួយនឹងផែនការអភិវឌ្ឍជាតិរបស់កម្ពុជា ដូចជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជាដើម។ ម្យ៉ាងទៀតគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គឺជាយុទ្ធសាស្ត្ររយៈពេលវែងថែមទាំងមានយន្តការហិរញ្ញប្បទានផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញការជឿជាក់ថា វេទិកាដ៏មានសារៈសំខាន់នេះ នឹងផ្តល់ឱកាសសម្រាប់ថ្នាក់ដឹកនាំប្រទេសដែលចូលរួមធ្វើការផ្លាស់ប្តូរយោបល់ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងបញ្ហាពហុភាគីព្រមទាំងបង្កើតនូវកាលនុវត្តភាពយ៉ាងសំខាន់មួយសម្រាប់បណ្តាប្រទេសទាំងអស់នៅលើខ្សែក្រវាត់និងផ្លូវ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការភាពជាដៃគូសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា។ លោក បានបញ្ជាក់ដូច្នេះ «ខ្ញុំសង្ឃឹមថា វេទិកាលើកទីពីរនេះ នឹងផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា ដែលជាប្រជាជាតិមានការជឿជាក់លើសកលភាវូបនីយកម្ម និងការបើកចំហសេដ្ឋកិច្ចឈរលើគោលការណ៍កិច្ចសហប្រតិបត្តិការជាដៃគូយូរអង្វែង រួមគ្នាពង្រឹងកម្លាំងសាមគ្គីភាព ពួតដៃគ្នាដើម្បីការពារនូវផលប្រយោជន៍រួម និងវិបុលភាពរួម។ ខ្ញុំចង់ឃើញបណ្តាប្រមុខដឹកនាំទាំងអស់ ដែលជាសមាជិកនៃគំនិតផ្តួចផ្តើមនេះ រួមគ្នាប្រើប្រាស់វេទិកានេះសម្រាប់ត្រិះរិះពិភាក្សា និងដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលជាផ្លែផ្កាថ្មីៗថែមទៀត ក៏ដូចជាការរួមគ្នាទប់នឹងចរន្តនៃការបំភ្លៃ បន្តុះបង្អាប់គំនិតផ្តួចផ្តើមនេះ ក្នុងនយ័កេងចំណេញផ្នែកនយោបាយ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញការជឿជាក់ផងដែរថា វេទិការនេះ នឹងជួយឱ្យប្រទេសសមាជិកទាំងអស់បន្តធ្វើនូវអ្វីដែលបានចាប់ផ្តើមកន្លងមក ដើម្បីបង្កើនការតភ្ជាប់ហេដ្ឋារចនាសម្ពន្ធ័ លើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន។ លើសពីនេះទៀត ភាគីទាំងអស់នឹងបន្តអនុវត្តគោលការណ៍សម្របសម្រួលជាយុទ្ធសាស្ត្រ និងការចែករំលែកផលប្រយោជន៍ទៅវិញទៅមក ជំរុញការតភ្ជាប់ទូទាំងពិភពលោក និងរួមគ្នាអនុវត្តរបៀបវារៈនៃការអភិវឌ្ឍប្រកដដោយនិរន្តភាពដាក់ចេញដោយអង្គការសហប្រជាជាតិ។

ជាចុងក្រោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមនេះ បានទទួលនូវការគាំទ្រពីសហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍជាច្រើន ហើយត្រូវបានចាត់ទុកជាចលករយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។ ការពង្រឹង និងពង្រីកការតភ្ជាប់រវាងទ្វីបអាស៊ីទាំងមូល ដែលរួមបញ្ជូលទាំងតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងប្រទេសចិន ដែលជាទីផ្សារធំបង្អស់និងជាមហាអំណាចធំបំផុតទី២ គឺជាកាលានុវត្តភាពមួយដ៏ធំសម្បើម និងមានសក្តានុពលដែលមិនអាចមើលរំលងបាន៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង