ខ្មែរប៉ុស្ដិ៍ Close

តើផែនការផ្លូវមួយ ខ្សែក្រវ៉ាត់មួយបង្កផលប៉ះពាល់ដល់ផ្ទៃសមុទ្រ និងឆ្នេរសមុទ្រដូចម្តេចខ្លះ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 64
តើផែនការផ្លូវមួយ ខ្សែក្រវ៉ាត់មួយបង្កផលប៉ះពាល់ដល់ផ្ទៃសមុទ្រ និងឆ្នេរសមុទ្រដូចម្តេចខ្លះ? តើផែនការផ្លូវមួយ ខ្សែក្រវ៉ាត់មួយបង្កផលប៉ះពាល់ដល់ផ្ទៃសមុទ្រ និងឆ្នេរសមុទ្រដូចម្តេចខ្លះ?

ពលរដ្ឋជាង ១/៣ នៅក្នុងពិភពលោកកំពុងរស់នៅតាមបណ្តាទីក្រុង និងភូមិដ្ឋាននៅតាមឆ្នេរសមុទ្រ។ ពួកគេពឹងផ្អែកទៅលើសមុទ្រដែលមានសុខភាពល្អ សម្រាប់បរិការណ៍ជាច្រើន ដែលរួមមានទាំងម្ហូបអាហារ ប្រាក់ចំណូល, អាកាសធាតុស្ថិតស្ថេរ និងការភ្ជាប់ខ្លួនជាមួយនឹងធម្មជាតិ។

ប៉ុន្តែខណៈពលរដ្ឋដែលរស់នៅតាមឆ្នេរសមុទ្រកំពុងតែបន្តកើនឡើង នោះបណ្តារដ្ឋាភិបាលកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង ក្នុងការបង្កើនការអភិវឌ្ឍសម្រាប់ប្រព័ន្ធដឹកជញ្ជូន, ការផលិតចរន្តអគ្គិសនី និងកំណើនសេដ្ឋកិច្ច ហើយគម្រោងទាំងនោះអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដី, ទឹក និងជីវិតសត្វ។

មេដឹកនាំពិភពលោកបានជួបប្រជុំគ្នានៅទីក្រុង Montreal សម្រាប់សន្និសីទស្តីពីភាគីនៃសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីអំពីជីវៈចម្រុះ (Conference of Parties to the United Nations Convention on Biological Diversity ឬ COP15)។ សន្ធិសញ្ញានេះ ដែលត្រូវបានគេអនុម័តនៅកិច្ចប្រជុំស្តីពីភពផែនដីកាលពីឆ្នាំ ១៩៩២ (1992 Earth Summit) នៅទីក្រុង Rio de Janeiro គឺជាសន្ធិសញ្ញាដែលមានគោលបំណងការពារប្រព័ន្ធជីវៈចម្រុះ។

នៅក្នុងសន្និសីទរយៈពេល ២ សប្តាហ៍នេះ គេរំពឹងថា ប្រជាជាតិនានានឹងអនុម័តជាផ្លូវការនូវក្របខណ្ឌជីវៈចម្រុះ សកលក្រោយឆ្នាំ ២០២០ (Post- 2020 Global Biodiversity Framework) ដែលនឹងជួយតម្រង់ទិសដល់កិច្ចខិតខំប្រឹងប្រែងស្តីពីការអភិរក្សជាសកលសម្រាប់រយៈពេល ១ ទសវត្សរ៍ទៀត។ ប្រទេសចិន គឺជាប្រធានរបស់កិច្ចប្រជុំ COP នៅឆ្នាំនេះ ហើយវានឹងបង្ហាញយ៉ាងច្បាស់នូវផលប៉ះពាល់ផ្ទាល់របស់ប្រទេសចិនទៅលើបរិស្ថាន។

ពួកយើងបានសិក្សាទៅលើការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍសកល និងបានវិភាគថា តើការគាំទ្ររបស់ចិនដល់ការអភិវឌ្ឍនៅជុំវិញពិភពលោកកំពុងបង្កផលប៉ះពាល់ដល់សហគមន៍ដើម និងធម្មជាតិដោយរបៀបណាខ្លះ។ នៅក្នុងការសិក្សាដែលទើបនឹងចេញផ្សាយនៅពេលថ្មីៗនេះ យើងបានរកឃើញហានិភ័យដែលថា គម្រោងហិរញ្ញប្បទានអភិវឌ្ឍរបស់ប្រទេសចិន បានបង្កឡើងនូវគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូហ្ស៊ីនៅតាមឆ្នេរសមុទ្រ និងជីវិតក្រោមសមុទ្រ ក៏ដូចជាសហគមន៍ជនជាតិដើមដែលពឹងអាស្រ័យទៅលើសមុទ្រដែលមានសុខភាពល្អ។

យើងបានរកឃើញថា ហានិភ័យទាំងនោះមានកម្រិតទាបនៅទីកន្លែងខ្លះ ប៉ុន្តែអាចនឹងខ្ពស់នៅទីតាំងផ្សេងទៀត ជាពិសេសនៅតំបន់អាហ្វ្រិកខាងលិច និងតំបន់ Caribbean។ ខណៈប្រទេសចិនកំពុងតែធ្វើជាប្រធាននៃការពិភាក្សាអំពីការអភិរក្សសកលនោះ យើងជឿជាក់ថា វាគឺជារឿងសំខាន់ក្នុងការសម្លឹងមើលទៅលើផលប៉ះពាល់ធំដែលបង្កឡើងដោយចិនដោយផ្ទាល់ទៅលើប្រព័ន្ធជីវៈចម្រុះ តាមរយៈការផ្តល់ប្រាក់កម្ចីរបស់ខ្លួនដល់ការអភិវឌ្ឍសកល។

នៅឆ្នាំ ២០១៣ ប្រធានាធិបតីចិន Xi Jinping បានដាក់ឱ្យដំណើរការកិច្ចផ្តួចផ្តើមគំនិតផ្លូវមួយខ្សែក្រវ៉ាត់មួយដែលជាកិច្ចខិតខំប្រឹងប្រែងដ៏ធំរបស់ចិនក្នុងការប្រើប្រាស់ថវិការាប់ពាន់លានដុល្លារអាមេរិក សម្រាប់ផ្តល់ហិរញ្ញប្បទាន ការវិនិយោគ និងការធ្វើពាណិជ្ជកម្មដើម្បីតភ្ជាប់ជាមួយដៃគូសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានកាន់តែប្រសើរឡើង។

បច្ចុប្បន្ន ចិនគឺជាម្ចាស់ឥណទានទ្វេភាគីដ៏ធំជាងគេរបស់ពិភពលោក។ ចាប់ពីឆ្នាំ ២០០៨ មក ចិនបានផ្តល់កម្ចីជាងកន្លះទ្រីលានដុល្លារសំរាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍនៅបរទេសជាង ៨០០ គម្រោង ដែលគម្រោងទាំងនោះរួមមាន បណ្តាញនៃផ្លូវថ្នល់, ផ្លូវដែក កំពង់ផែ និង រោងចក្រថាមពល នៅទូទាំងអាមេរិកឡាទីន ទ្វីបអាហ្វ្រិក និងអាស៊ី។

កសិដ្ឋានផ្ទាំងសូឡាទ្រង់ទ្រាយធំ Cauchari របស់ប្រទេស Argentina, ផ្លូវរថភ្លើងរបស់ប្រទេស Kenya, និងបំពង់បង្ហូរឧស្ម័នអាស៊ីកណ្តាល-ចិន (Central Asia-China Pipeline) ដែលគ្រោងនាំយកឧស្ម័នធម្មជាតិពីប្រទេស Turkmenistan, Uzbekistan, និង Kazakhstan ទៅកាន់ប្រទេសចិននោះ គឺជាឧទាហរណ៍ស្រាប់។

គម្រោងនានានៃផែនការផ្លូវមួយខ្សែក្រវ៉ាត់មួយ មានគោលដៅជួយបំប៉នដល់បណ្តាសេដ្ឋកិច្ចដែលកំពុងរីកលូតលាស់ឱ្យរីកធំធាត់ ប៉ុន្តែវាក៏មានបច្ច័យអវិជ្ជមានផងដែរ រួមមានការខូចខាតបរិស្ថានដែលអាចធ្វើឱ្យរងគ្រោះដល់សហគមន៍ដើម ឬជីវភាពរស់នៅក្នុងតំបន់។ តួយ៉ាងដូចជានៅប្រទេស Mauritania ការសាងសង់កំពង់ផែក្រោមការផ្តល់ហិរញ្ញប្បទានដោយប្រទេសចិន បានបង្កើតឱ្យមានកិច្ចព្រមព្រៀងនេសាទមួយជាមួយកងនេសាទចិន។ កងនេសាទរបស់ចិនបានយកឈ្នះអ្នកនេសាទទ្រង់ទ្រាយតូចតាមបែបប្រពៃណី ដែលបញ្ហានេះកំពុងតែបង្កនូវក្តីបារម្ភខ្លាំង នៅចំពេលមានការចោទប្រកាន់អំពីការនេសាទជ្រុលហួសហេតុដែលមិនមានចីរភាព។

ដើម្បីវិភាគថា តើគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយអាចប៉ះពាល់ដល់សមុទ្រ និងឆ្នេរសមុទ្រដោយរបៀបណានោះ យើងបានជ្រើសរើសគម្រោងអភិវឌ្ឍន៍ចំនួន ១១៤ នៅទូទាំងប្រទេសដែលមានប្រាក់ចំណូលទាប និងប្រាក់ចំណូលមធ្យមចំនួន ៣៩ ដែលត្រូវបានផ្តល់ហិរញ្ញប្បទានដោយស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ដែលសកម្មបំផុតចំនួន២ របស់ចិន គឺធនាគារអភិវឌ្ឍចិន (China Development Bank) និងធនាគារអាហរ័ណ-នីហរ័ណរបស់ចិន (Export-Import Bank of China)។

ជារួម ប្រាក់កម្ចីទាំងនេះមានចំនួនជិត ៦៥ ពាន់លានដុល្លារ ក្រោមការផ្តល់ហិរញ្ញប្បទានពីបណ្តាម្ចាស់ឥណទានអភិវឌ្ឍន៍ចិន នៅចន្លោះឆ្នាំ ២០០៨ និង ២០១៩។ គម្រោងទាំងនោះរួមមាន ហេដ្ឋារចនាសម្ព័ន្ធជាច្រើនប្រភេទនៅតាមឆ្នេរសមុទ្រ ដូចជា កំពង់ផែ, ផ្លូវថ្នល់, ស្ពាន, រោងចក្រថាមពល, និងព្រលានយន្តហោះ។

ប្រភេទផ្សេងៗគ្នានៃគម្រោងហេដ្ឋារចនាសម្ព័ន្ធនោះបានបង្កហានិភ័យផ្សេងៗពីគ្នាដល់ជីវិត និងប្រភេទសត្វសមុទ្រ។ កំពង់ផែបានបង្កើតឱ្យមានការគំរាមកំហែងធ្ងន់ធ្ងរបំផុត រួមមានការបំផ្លាញទីជំរក, ការបំពុលទឹក និងការប៉ះពាល់ធ្ងន់ធ្ងរលើជីវៈចម្រុះ ចេញពីនាវាដែលឆ្លងកាត់តំបន់នោះ។

ស្ពាន, ផ្លូវថ្នល់, រោងចក្រថាមពល, និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក៏បានបង្កការគំរាមកំហែងដល់ដែនទឹកតាមឆ្នេរសមុទ្រជិតខាងផងដែរ។ គម្រោងទាំងនេះ អាចបង្កផលប៉ះពាល់ដល់ជីវិតសត្វសមុទ្រ ដោយសារភ្លើងភ្លឺខ្លាំង, សម្លេងថ្លង់ ឬរំញ័រ និងការបង្ហូរចោលនូវលោហៈពុលជាច្រើនទៀតចេញពីប្រព័ន្ធលូទីក្រុង។ ហានិភ័យខាងលើ ភាគច្រើនគឺមានតែនៅលើបណ្តាតំបន់នៅជុំវិញទីតាំងអភិវឌ្ឍ។

ជារួម យើងបានកំណត់អត្តសញ្ញាណត្រី, សត្វសមុទ្រ, ល្មូនសមុទ្រ, សត្វស្លាបសមុទ្រ, ត្រីឆ្លាម, និងត្រីបបែលចំនួន ៣២៤ ប្រភេទដែលអាចនឹងរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍតាមឆ្នេរសមុទ្ររបស់ប្រទេសចិន។

ទំហំនៃហានិភ័យគឺអាស្រ័យទៅលើកម្រិតប្រឈមផ្ទាល់ និងភាពងាយរងផលប៉ះពាល់របស់ប្រភេទសត្វផ្សេងៗគ្នា។ តួយ៉ាង បណ្តាញខ្សែនាំចរន្តអគ្គិសនី បានបង្កហានិភ័យទាបដល់ជីវិតសត្វសមុទ្រ ប៉ុន្តែប្រសិនបើវាបំពាក់ដោយភ្លើងភ្លឺ, វានឹងបង្កការគំរាមកំហែងដល់សត្វស្លាបសមុទ្រ ដោយសារតែការបំពុលចេញពីពន្លឺ (light pollution)។

ជារួម យើងបានរកឃើញថា ទ្វីបអាហ្វ្រិក និងតំបន់ Caribbean បានក្លាយជាទីតាំងដែល មានហានិភ័យធំធេងជាងគេ។ បណ្តាប្រទេសដែលកំពុងមានហានិភ័យដែលបង្កឡើងដោយការពង្រីកផ្ទៃដីចូលសមុទ្រធំជាងគេ រួមមានប្រទេស Antigua និង Barbuda, the Bahamas, Cameroon, Mozambique និង Sri Lanka។

យើងប៉ាន់ប្រមាណថា ហានិភ័យអាចប៉ះពាល់ទៅលើតំបន់សំខាន់ៗរបស់សហគមន៍តាមតំបន់ឆ្នេរសមុទ្រយ៉ាងតិចចំនួន ៥៥ នៅជុំវិញពិភពលោក ជាពិសេសគឺនៅតំបន់អាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាល។ ជីវិតសត្វសមុទ្រនៅជាប់តំបន់សហគមន៍ខ្លះនៅក្នុងប្រទេស Ivory Coast ដែលបានផ្តល់នូវម្ហូបសមុទ្រជាង ១០០០ តោនជារៀងរាល់ឆ្នាំ ក៏បានប្រឈមមុខនឹងហានិភ័យខ្ពស់ខ្លាំងគួរសមដែរពីសំណាក់គម្រោងអភិវឌ្ឍក្បែរខាងនោះ។

អ្នកជំនាញបានយល់ស្របគ្នាថា ភពផែនដីកំពុងបាត់បង់សត្វនៅក្នុងអត្រាដ៏គួរឱ្យព្រួយបារម្ភខ្លាំង ហើយការបាត់បង់ជំរក និងការបំពុលដែលបង្កឡើងពីការអភិវឌ្ឍ គឺជាកំលាំងចលករដ៏ធំសម្រាប់ការធ្លាក់ចុះនេះ។ ប្រសិនបើប្រទេសចិនមានភាពហ្មត់ចត់ទៅលើការដើរតួនាទីជាអ្នកដឹកនាំក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្សនោះ យើងជឿជាក់ថា គំនិតផ្លូវមួយខ្សែក្រវ៉ាត់មួយនោះ គឺជាចំណុចចាប់ផ្តើម។

ការអភិវឌ្ឍដោយចីរភាពនឹងកំណត់នូវអនាគតនៃសង្គមនិងបរិស្ថាន ប៉ុន្តែម៉ូដែលនៃការធ្វើផែនការ ជារឿយៗច្រើនតែបានជួបប្រទះនឹងការលំបាកខ្លាំងក្នុងការស្វែងរកវិធីដោះស្រាយផលប៉ះពាល់ទៅលើដែនសមុទ្រដែលបង្កឡើងដោយការអភិវឌ្ឍនៅលើដីគោក។ អង្គការសហប្រជាជាតិមានគោលដៅពង្រួញគម្លាតនេះ តាមរយៈការផ្លាស់ប្តូរទំនាក់ទំនងរបស់មនុស្សជាមួយសមុទ្រ ដូចនៅក្នុងអ្វីដែលគេហៅថា ទសវត្សរ៍នៃវិទ្យាសាស្ត្រសមុទ្រសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព (Decade of Ocean Science for Sustainable Development) ។

ការសិក្សារបស់យើងបានបង្ហាញថា ហានិភ័យទៅលើប្រព័ន្ធអេកូឡូហ្ស៊ីសមុទ្រ និងឆ្នេរសមុទ្រពាក់ព័ន្ធនឹងការអភិវឌ្ឍអាចត្រូវបានគេដោះស្រាយនៅក្នុងកម្រិតតំបន់ ប្រសិនបើបណ្តាសហគមន៍ និងរដ្ឋាភិបាលរួមគ្នាផ្តល់អាទិភាពដល់តម្រូវការអភិវឌ្ឍ និងការវិនិយោគផ្ទាល់របស់ពួកគេ និងត្រួតពិនិត្យទៅលើរបៀបដែលសំណើរនៃគម្រោងទាំងនោះអាចបង្កផលប៉ះពាល់ដល់បរិស្ថាន។

សូម្បីតែមានការផ្លាស់ប្តូរខ្លះនៅក្នុងទីតាំងនៃកំពង់ផែ ផ្លូវថ្នល់ធំៗនៅតាមឆ្នេរសមុទ្រ និងគម្រោងផ្សេងៗទៀតនោះ គឺសុទ្ធតែអាចការពារប្រព័ន្ធអេកូឡូហ្ស៊ី និងសហគមន៍ដែលពឹងអាស្រ័យទៅលើប្រព័ន្ធអេកូឡូហ្ស៊ី នោះបានផងដែរ។

ប្រទេសចិនកំពុងចាប់ផ្តើមដោះស្រាយក្តីកង្វល់ទាំងនេះខ្លះៗ។ នៅឆ្នាំ ២០២១ ក្រសួងពាណិជ្ជកម្ម និងក្រសួងអេកូឡូហ្ស៊ីនិងបរិស្ថានរបស់ចិន បានចេញនូវគោលការណ៍ណែនាំរួមដែលបានជំរុញឱ្យវិនិយោគិន និងម្ចាស់ឥណទានចិនប្រកាន់យកអភិក្រម «វដ្តជីវិតរួម» មួយដើម្បីបង្កើនការគ្រប់គ្រង ដោយចាប់ផ្តើមធ្វើការពិចារណាទៅលើចំណុចដំបូងៗ ដូចជាតើគេគួរបោះទីតាំងគម្រោងមួយនៅទីណា? ជាដើម។

នៅឆ្នាំ ២០២២ គណៈកម្មការធនាគារនិងនិយ័តករធានារ៉ាប់រងចិន (China Banking and Insurance Regulatory Commission) បានណែនាំម្ចាស់ឥណទានឱ្យបង្កើតយន្តការតវ៉ាសម្រាប់ដោះស្រាយក្តីកង្វល់ស្តីពីបរិស្ថាននៅតាមតំបន់ និងកាត់បន្ថយហានិភ័យបរិស្ថាន។ ការធ្វើតេស្តដ៏សំខាន់មួយនឹងត្រូវធ្វើឡើងនៅពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ ខណៈដែលអង្គការពាណិជ្ជកម្មពិភពលោកនឹងចាប់ផ្តើមចរចាលើវិធានច្បាប់ខ្លះក្នុងការទប់ស្កាត់ការធ្វើនេសាទជ្រុលហួសហេតុ។

ប្រសិនបើចិនបង្ហាញនូវភាពជាអ្នកដឹកនាំលើបញ្ហានេះតាមរយៈតម្លាភាព និងការចែករំលែកចំណេះដឹង នោះប្រទេសនេះនឹងអាចកាត់បន្ថយការខូចខាតផ្នែកបរិស្ថាន និងសេដ្ឋកិច្ច ដែលបង្កឡើងដោយការអភិវឌ្ឍកំពង់ផែនៅពេលអនាគត នៅតាមបណ្តាប្រទេសមួយចំនួន ដូចជា Mauritania ជាដើម។

ខណៈកិច្ចប្រជុំ COP15 បានផ្តល់អាទិភាពដល់ប្រព័ន្ធជីវៈចម្រុះសកលនោះ យើងជឿជាក់ថា វាគឺជារឿងសំខាន់ក្នុងការកត់សម្គាល់ថា សូម្បីតែម្ចាស់ឥណទានទ្វេភាគីធំជាងគេរបស់ពិភពលោក ក៏ត្រូវការនូវកិច្ចសហប្រតិបត្តិការពីអាជ្ញាធរក្នុងតំបន់ផងដែរ ដើម្បីទទួលបានការអនុម័ត និងសាងសង់គម្រោងនានា។ នៅក្នុងទស្សនៈយល់ឃើញរបស់យើង តម្លាភាពនិងការចូលរួមពីសាធារណជនអាចជួយធ្វើឱ្យការវិនិយោគសកលមានលក្ខណៈបៃតង និងពណ៌ខៀវ៕

Asia Times

អត្ថបទទាក់ទង