ខ្មែរប៉ុស្ដិ៍ Close

អគ្គរដ្ឋទូតឡាវមានចំណាប់អារម្មណ៍ក្នុងការវិនិយោគ និងធ្វើ​ពាណិជ្ជកម្មនៅខេត្តសៀមរាប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 51
អគ្គរដ្ឋទូតឡាវមានចំណាប់អារម្មណ៍ក្នុងការវិនិយោគ និងធ្វើ​ពាណិជ្ជកម្មនៅខេត្តសៀមរាប អគ្គរដ្ឋទូតឡាវមានចំណាប់អារម្មណ៍ក្នុងការវិនិយោគ និងធ្វើ​ពាណិជ្ជកម្មនៅខេត្តសៀមរាប

នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នេះ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានជួបពិភាក្សាជាមួយអគ្គរដ្ឋទូតវិសាមញ្ញ​ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ លោក Amphay KINDAVONG អមដំណើរដោយអគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំខេត្តស្ទឹងត្រែង និង សហការី នៅសាលាខេត្តសៀមរាប។

មានប្រសាសន៍នោះដែរ លោក Amphay KINDAVONG ក៏បានបញ្ជាក់អំពីគោលបំណងរបស់ប្រតិភូមកកាន់ទឹកដីប្រវត្តិសាស្ត្រ ខេត្តសៀមរាបដើមី្បធ្វើការសិក្សាស្វែងយល់ អំពីស្ថានភាពនៃវិស័យទេស​ចរណ៍របស់ខេត្តសៀមរាប។ ក្នុងនោះលោកប្រធានប្រតិភូ ក៏បានធ្វើការកោតសរសើរផងដែរពីកិច្ចអភិវឌ្ឍន៍ រីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា សំខាន់ខេត្ត​សៀមរាប ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំទៅដោយភ្ញៀវទេសចរណ៍គ្រប់ជាតិសាសន៍ នៅលើពិភពលោកចូលមកទស្សនាកម្សាន្ត។ ក្នុងនោះដែរលោកក៏បានលើកផងដែរ អំពីកិច្ចទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងកម្ពុជា ឡាវ មានតាំងពីដូនតាដ៏យូលង់មកហើយ។ ម៉្យាងទៀតប្រទេសទាំងពីរ មានភូមិផងរបងជាមួយគ្នា និងមានវប្បធម៌ ប្រពៃណី សាសនាដូចគ្នា ដែលប្រជាជនទាំងពីរបានធ្វើការប្រតិបត្តិគ្នាទៅវិញទៅមកទៀតផង។ លោកក៏បានបញ្ជាក់ផងដែរ ពីការ​ដឹកនាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើកិច្ចទំនាក់ទំនងគ្នាល្អ ក្នុងការដោះស្រាយរាល់វិវាទជាមួយគ្នាប្រកបដោយសន្តិវិធី។

លោក Amphay KINDAVONG ក៏បានឲ្យដឹងផងដែរថា ដំណើរបំពេញបេសកកម្មរបស់ប្រតិភូ និងធ្វើការទំនាក់ទំនងជាមួយបណ្តាខេត្តជាប់នៅព្រំដែនឡាវ ក្នុងការធ្វើពាណិជ្ជកម្មនឹងគ្នាទៀតផង។ ម៉្យាងទៀតដោយ ខេត្តសៀមរាប ដែលមានសម្បត្តិវប្បធម៌ដ៏លី្បល្បាញ គឺប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសក្តានុពលមួយដ៏ខ្លាំងក្លាក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ដូច្នេះហើយទឹកដីនៃខេត្តសៀមរាប ទោះបីមិនជាប់នឹងប្រទេសឡាវ ក៏វាមិននៅឆ្ងាយ ពីគ្នាផងដែរ។ លោកក៏បានគូសបញ្ជាក់ថា ក្នុងវិស័យអាកាសចរណ៍ ក៏មានក្រុមហ៊ុនអាកាសចរណ៍ឡាវ មួយបានកំពុងធ្វើអាជីវកម្ម នៅក្នុងខេត្តសៀមរាបផងដែរ។

ក្នុងកិច្ចស្វាគមន៍ចំពោះប្រតិភូ នាឱកាសនោះដែរ លោក ទៀ សីហា ក៏បានលើកឡើងអំពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា ឡាវ មានជាយូរលង់មកហើយ ព្រមទាំងបានប្រគៀកស្មាគ្នា ដើមី្បទាមទារនូវឯករាជ្យទឹកដី ពីពួកអាណានិគមនិយមបារាំងសេសទៀតផង។ ក្នុងនោះដែរលោក ក៏បានលើកពីសក្តានុពលរបស់ខេត្តសៀមរាប ដោយពឹងផ្អែកទៅលើវិស័យទេសចរណ៍ និង កសិកម្ម ព្រមទាំងបានលើកផងដែរ អំពីស្ថានភាពនៃភ្ញៀវទេសចរណ៍ ដែលបានចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដោយខេត្តសៀមរាប សម្បូរ​ទៅដោយសម្បតិ្តវប្បធម៌ដ៏សម្បូរបែប ដែលមានរមណី​ដ្ឋានវប្បធម៌ និង ធម្មជាតិជាច្រើនទៀតផង។

លោកអភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា ខេត្តសៀមរាបក៏មានទំនាក់ទំនង សហប្រតិបត្តិការជាមួយខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមរយៈខ្លឹមសារ អនុស្សរណៈ នៃការយោគយល់គ្នា រវាងខេត្តចំប៉ាសាក់ និង ខេត្តសៀមរាប នាឆ្នាំ២០១១ ដោយផ្តោតលើវិស័យ ទេសចរណ៍ វប្បធម៌ កសិកម្ម វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និង វិស័យផ្សេងៗទៀត។ តែក្នុងរយៈពេល កន្លងមកនេះ ភាគីទាំងពីរមិនទន់បានធ្វើអ្វីមួយរួមគ្នាដើមី្បជាគុណប្រយោជន៍គ្នាទៅវិញទៅមកឡើយ គឺបានត្រឹមផ្លាស់ប្តូរនូវ ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូខេត្តទាំងពីរតែប៉ុណ្ណោះ។ ក្នុងនោះដែរឯកឧត្តមក៏បានបញ្ជាក់ជូនប្រតិភូផងដែរថា ចំពោះបងប្អូន ប្រជាជនឡាវ ដែលមកស្នាក់នៅខេត្ត​សៀមរាបស្របច្បាប់ ចំនួន ៤នាក់ ព្រមទាំងមានក្រុម​ហ៊ុនរបស់ជនជាតិឡាវ១ក្រុមហ៊ុន ដែលបានចុះបញ្ជីពាណិជ្ជកម្ម។

ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានលើកនូវសំណូមពរមួយចំនួន ដើមី្បធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ទៅលើវិស័យកសិកម្ម និង ពាណិជ្ជកម្ម រួមទាំងវិស័យទេសចរណ៍ ដោយប្រទេសយើងទាំងពីរ មានស្ថានភាពភូមិសាស្ត្រដីដូចគ្នា ដែលមានទន្លេមេគង្គឆ្លងកាត់ដូចគ្នា ព្រមទាំងសម្បត្តិវប្បធម៌ ប្រាង្គប្រាសាទ ប្រពៃណី និង សាសនាផងដែរ៕

អត្ថបទទាក់ទង