លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួម «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» នៅប្រទេសចិន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមក្នុង «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ» និងកិច្ចប្រជុំសំខាន់ៗផ្សេងទៀត ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ដំណើរទៅកាន់ក្រុងប៉េកាំងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានរយៈ៥ថ្ងៃនេះ ត្រូវបានធ្វើឡើងដើម្បីតបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ឥស្សរជនអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន៖ លោកឧបនាយករដ្ឋមន្រ្ដីហោ ណាំហុង, លោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកឧបនាយករដ្ឋមន្រ្ដី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន, លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីសុខាភិបាល, លោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍ សមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។
នៅក្នុងសម័យប្រជុំជាន់ខ្ពស់នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ នៅថ្ងៃទី២៦ ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងថ្លែងសុន្ទរកថាពីមូលបទរបស់វេទិកា «កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវៈ បង្កើតជោគវាសនារួមដ៏ត្រចះត្រចង់»។ នៅថ្ងៃបន្ទាប់ នៅក្នុងសម័យប្រជុំតុមូលរបស់ថ្នាក់ដឹកនាំ លោកនាយករដ្ឋមន្រ្តីនឹងអញ្ជើញចែករំលែកទស្សនវិស័យលើមូលបទ «ការជំរុញការតភ្ជាប់ ដើម្បីស្វែងរកធនធានថ្មីសម្រាប់ការរីកចម្រើន»។ បន្ទាប់ពីអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រមុខរដ្ឋ/រដ្ឋាភិបាលផ្សេងទៀត នឹងអញ្ជើញចូលរួមពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ២០១៩ ដែលនៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្រ្តីនឹងសម្ពោធពន្លាជាតិរបស់កម្ពុជាផងដែរ៕