កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា និងមិនទុកនរណាម្នាក់ចោល
លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោកស្រី នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តលោក ភួន ឈីម អភិបាលស្រុកបាទី រួមជាមួយសប្បុរសជន នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ ជ្រុះធ្លាក់ក្បឿងដំបូលផ្ទះ ស័ង្កសី ចំនួន ២៣គ្រួសារ ស្ថិតនៅភូមិក្រាំងធំ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។
មានប្រសាសន៍នាឱកាសនោះ លោក អ៊ូច ភា ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោក ក៏បានសម្ដែងនូវការចូលរួមសោកស្ដាយ ចំពោះការខូចខាតផ្ទះសំបែងទ្រព្យសម្បត្តិដែលនេះ ជាគ្រោះមហន្តរាយគ្មាននរណាម្នាក់ចង់ជួប ប្រទះឡើយ ហើយលោក ក៏បានបន្តថា ថ្វីត្បិតតែអំណោយ មនុស្សធម៌ដែលបាននាំយកមក ចែកជូនបងប្អូននា ពេលនេះមានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់ របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ គ្រប់រូបពីសំណាក់ ថ្នាក់ដឹកនាំ។
ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបាន លើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណា ម្នាក់ចោល” ខ្ញុំ ♥️ កាកបាទក្រហមកម្ពុជា។
លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រយ័ត្នខ្ពស់ នៅពេលមានខ្យល់ ឬភ្លៀងធ្លាក់ម្តងៗ ពិសេសត្រូវយកចិត្តទុកដាក់កូនចៅតូចៗ និងថែទាំសុខភាពឱ្យបានល្អ ព្រោះអាកាសធាតុក្តៅខ្លាំងប្រែប្រួល មិនទៀតទាត់ឡើយ ដើម្បីជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ត្រូវរស់នៅស្អាតហូបស្អាត និងផឹកស្អាតជាប្រចាំ។
អំណោយដែលបាន្ដល់ជូននាពេលនោះរួមមាន៖ អង្ករ ២៥គីឡូ តង់១ មុង១ ភួយ១ សារុង១ កន្ទេល១ ក្រមា១ និងថវិការមួយចំនួនផងដែរ ៕