ស្ត្រីមេម៉ាយកូន៤នាក់ (ពិការដើរពុំរួច២នាក់) និងម្តាយជរាម្នាក់ ថ្លែងអំណរគុណលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលសាងសង់ផ្ទះថ្មីជូនមួយខ្នងតម្លៃជាង ៦ពាន់ដុល្លារ
ផ្ទះថ្មីមួយខ្នងតម្លៃ ៦,៩៨១ដុល្លារអាមេរិក ធ្វើអំពីឥដ្ឋ និងឈើប្រក់ស័ង្កសី ទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ តយ៉ាកមកមុខ ៣ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លា របស់កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ជូនគ្រួសារអ្នកស្រី សាន ខុម អាយុ ៣៩ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន ៤នាក់ (កូនប្រុស ២នាក់ពិការដើរមិនរួច កូនស្រីតូចម្នាក់) និងម្តាយចាស់ជរា រស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នៅក្នុងពិធីប្រគល់ផ្ទះ នាថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងសូមចូលរួមត្រេកអរចំពោះគ្រួសារដែលទទួលបានទីជម្រកថ្មីដ៏កក់ក្ដៅ សម្រាប់ជ្រកកោនតទៅទៀត។ ជាមួយគ្នានោះ លោកស្រី បានផ្តាំផ្ញើដល់ក្រុមគ្រួសារអ្នកស្រី សាន ខុម ត្រូវថែទាំសុខភាពឱ្យបានល្អ ប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត និងអប់រំកូនឱ្យខិតខំសិក្សារៀនសូត្រដើម្បីអនាគតភ្លឺស្វាង។
លោកស្រី ម៉ែន នារីសោភ័គ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់ទឹកដោយសន្សំសំចៃ ត្រៀមស្តុកទឹកសម្រាប់ប្រើប្រាស់ ក្នុងរដូវប្រាំងដែលអាចប្រឈមនឹងគ្រោះរាំងស្ងួតផងដែរ។
អំណោយដែលនាំយកទៅប្រគល់ជូន ក្នុងពិធីប្រគល់ផ្ទះនោះរួមមាន៖ អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា អាវយឺត កន្ទេល ខ្នើយ ចាន ឆ្នាំង សម្ភារផ្ទះបាយ និងថវិកាចំនួន ១,០០០,០០០រៀល។ ដោយឡែក ចាស់ៗដែលចូលរួមអបអរសាទរ និងធ្វើជាសាក្សីក្នុងពិធីប្រគល់ផ្ទះនោះ ក៏ទទួលបាន មុង ភួយ សារុង ក្រមា អាវយឺត និងថវិកាមួយចំនួនដែរ៕