ខ្មែរប៉ុស្ដិ៍ Close

កម្ពុជានៅ​មិន​ទាន់​ធ្លាក់ចូល​ក្នុង​អន្ទាក់​បំណុលរបស់​ចិន​នៅឡើយទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 130
កម្ពុជានៅ​មិន​ទាន់​ធ្លាក់ចូល​ក្នុង​អន្ទាក់​បំណុលរបស់​ចិន​នៅឡើយទេ កម្ពុជានៅ​មិន​ទាន់​ធ្លាក់ចូល​ក្នុង​អន្ទាក់​បំណុលរបស់​ចិន​នៅឡើយទេ

ខណៈពេលដែលបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានាបានធ្លាក់ចូលទៅក្នុងអន្ទាក់បំណុលរបស់បរទេស ប្រទេសកម្ពុជាកំពុងត្រូវបានគេតាមដានពីកម្រិតហានិភ័យនៃការដែលអាចធ្លាក់ចូលទៅក្នុង «អន្ទាក់បំណុល» របស់ចិន។ ប្រទេសអេត្យូពី និង ហ្សាំប៊ី (Zambie) គឺជាប្រទេសចុងក្រោយបង្អស់ដែលបានស្នើសុំឱ្យមានការរៀបចំរចនាសម្ព័ន្ធបំណុលដែលពួកគេបានជំពាក់ចិនឡើងវិញ ដែលនេះមានលក្ខណៈដូចគ្នាទៅនឹងអ្វីដែលបានកើតឡើងនៅប្រទេសប៉ាគីស្ថាន ស្រីលង្កា និងឡាវ។

ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់មានសញ្ញាស្លន់ស្លោណាមួយនោះទេសម្រាប់កម្ពុជា។ ប៉ុន្តែ​អត្ថបទមួយរបស់កាសែត The Economist កាលពីពេលថ្មីៗ​នេះ​ អាចជា​ការ​ព្រមាន​មួយសម្រាប់​កម្ពុជា ដោយក្នុងនោះ គេបានចុះផ្សាយថា «កម្ពុជាប្រហែលជានៅតែជាប្រទេសមួយ ដែលត្រូវអោនលំទោនចំពោះចិន ដែលជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតរបស់ខ្លួន»។

សម្រាប់ពេលនេះ ហានិភ័យនៅមានកម្រិតតិចតួច ប៉ុន្តែទម្រង់បំណុលរបស់កម្ពុជាអាចនឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ប្រសិនបើផែនការមេហេដ្ឋារចនាសម្ព័ន្ធរយៈពេល ១០ ឆ្នាំដែលមានទំហំទឹកប្រាក់ ៥០ ពាន់លាន ដុល្លារអាមេរិក ដែលភាគច្រើនត្រូវបានផ្តល់មូលនិធិតាមរយៈឥណទាន អាចទទួលបានការផ្គត់ផ្គង់ថវិកាពេញលេញ។

លោក Alasdair Scott ដែលជាប្រធានបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជាបានកត់សម្គាល់ថា «ការវិភាគលើនិរន្តរភាពបំណុលរបស់ធនាគារពិភពលោក និង IMF នៅពេលថ្មីៗនេះ បានរកឃើញថា ប្រទេសកម្ពុជាមានហានិភ័យទាបពាក់ព័ន្ធនឹងវិបត្តិបំណុលបរទេស និងវិបត្តិបំណុល ជារួម។ បំណុលសាធារណៈបានកើនឡើងដល់ ៣៥% នៃ GDP នៅចុងឆ្នាំ ២០២១ ដោយបានកើនឡើងពី ២៨,២% នៅក្នុងឆ្នាំ ២០១៩ «យោងតាមធនាគារពិភពលោក»។

ការកើនឡើងនេះ ភាគច្រើនបណ្តាលមកពីវីរុសរាតត្បាត ដែលបានកាត់បន្ថយកំណើនសេដ្ឋកិច្ច, កាត់បន្ថយចំណូលពន្ធ និងបានបង្ខំឱ្យរដ្ឋាភិបាលទទួលយកបំណុលបន្ថែមទៀត។ លោក Scott បាននិយាយថា «ការព្យាករបានបង្ហាញអំពីអនុបាតបំណុលសាធារណៈធៀបនឹង GDP និងបំណុលសាធារណៈដែលមានការធានាធៀបនឹង GDP បានកើនឡើងប្រហែល ៥% នៅក្នុងអំឡុងទសវត្សរ៍ក្រោយនេះ ក៏ប៉ុន្តែនៅតែមានស្ថិរភាពនៅក្នុងកម្រិត ៤០%»។

តាមការប្រៀបធៀបអនុបាតបំណុល ធៀបនឹង GDP របស់ប្រទេសឡាវ បានកើនឡើងពី ៦៨% ទៅ ៨៨% នៃ GDP នៅចន្លោះឆ្នាំ ២០១៩ ដល់ ២០២១។ អ្នកសេដ្ឋកិច្ចបានវិភាគថា «បំណុលលើសពី ៤០% នៃ GDP សម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា អាចធ្វើឱ្យស្ថានភាព មានភាពមិនច្បាស់លាស់ និងពោរពេញទៅដោយហានិភ័យ»។

លោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែមុនថា «បំណុលបរទេសសរុបរបស់កម្ពុជា ស្ថិតនៅចន្លោះពី ៣៣% ទៅ ៣៥% នៃ GDP ដែលនៅតែទាបជាងកម្រិត ៤០%»។ លោក ឆេង គីមឡុង សេដ្ឋវិទូនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានវាយតម្លៃថា «សមាមាត្របំណុលធៀបនឹង GDP របស់កម្ពុជា នឹងមិនមានការផ្លាស់ប្តូរច្រើនទេសម្រាប់ឆ្នាំ ២០២៣ ឬ ២០២៤»។

លោក​បាន​បន្ត​ថា​ «​GDP ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​កើនឡើង​ចន្លោះ​ពី ៥% ទៅ ៦% នៅ​ក្នុង​អំឡុង​ពេល​នេះ។ ដូច្នេះ បើ​ទោះបីជា​បរិមាណ​នៃ​ការ​ខ្ចី​ប្រាក់មានការកើនឡើង​ក៏​ដោយ ក៏វា​អាចនឹងត្រូវប៉ះប៉ូវបាន​ដោយ GDP ដែល​កំពុង​តែកើនឡើង​»​។ ទន្ទឹមនឹងនេះ ធនាគារពិភពលោកបានវាយតម្លៃថា «សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៤,៥% នៅឆ្នាំនេះ និង ៥,៥% នៅឆ្នាំ ២០២៣»។

ប៉ុន្តែលោក អៀរ សុផល ដែលជាសាស្ត្រាចារ្យរងនៅ សាលា Thunderbird School of Global Management នៅសាកលវិទ្យាល័យ Arizona State បាននិយាយថា «ជាមួយនឹងការកើនឡើងនៃបំណុលពី ២៨,២% នៃ GDP ក្នុងឆ្នាំ ២០១៩ ដល់ ៣៥% ក្នុងឆ្នាំ ២០២១ គឺជាការកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលត្រឹមតែ ២ ឆ្នាំប៉ុណ្ណោះ។ ប្រទេសកម្ពុជាអាចប្រឈមមុខនឹងហានិភ័យក្នុងការក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ចិនទាំងស្រុង បើផ្អែកលើនិន្នាការនេះ»។

លោកបានបន្តថា «សុភាសិតអាហ្រ្វិកមួយបានលើកឡើងថា ប្រសិនបើអ្នកដាក់ដៃរបស់អ្នកនៅក្នុងហោប៉ៅរបស់បុរសផ្សេងទៀត នោះអ្នកត្រូវតែផ្លាស់ទីទៅតាមបុរសម្នាក់នោះ»។ បំណុលសរុបដែលកម្ពុជាជំពាក់ចិន បានកើនឡើងដល់ ៤,០៥ ពាន់លានដុល្លារអាមេរិក ឬ ៤៤,៣% នៃបំណុលសរុបរបស់កម្ពុជា បើគិតត្រឹមដំណាច់ឆ្នាំ ២០២១ (យោងតាមការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពលោក)។

បំណុលសាធារណៈសរុបរបស់កម្ពុជាមានចំនួន ៩,៧ ពាន់លានដុល្លារ ដោយគិតត្រឹមខែមិថុនា ឆ្នាំ ២០២២ (យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈរបស់កម្ពុជាដែលបានចេញផ្សាយកាលពីដើមខែនេះ) ដោយក្នុងនោះ ៦៨% មានប្រភពមកពីដៃគូទ្វេភាគី ដែលភាគច្រើនគឺប្រទេសចិន និង ៣២% មានប្រភពមកពីអ្នកផ្តល់ប្រាក់កម្ចីពហុភាគី។ យោងតាម​ព្រឹត្តិបត្រ​នេះ រដ្ឋាភិបាល​កម្ពុជាបាន​ចុះហត្ថលេខា​លើ​កម្ចី​សម្បទាន​ថ្មី​ដែល​មាន​តម្លៃ​ប្រហែល ៦៣៥ លាន​ដុល្លារ​ក្នុង​រយៈពេល ៦ខែ​ដំបូង​នៃ​ឆ្នាំ​នេះ។

ក្នុងរយៈពេលដូចគ្នានេះ រដ្ឋបានបង់ថ្លៃសេវាបំណុលចំនួន ២១៣ លានដុល្លារ ដោយក្នុងនោះ ១៥៥ លានដុល្លារត្រូវបានបង់ទៅកាន់ម្ចាស់បំណុលទ្វេភាគី។ ទឡ្ហីករណ៍អំពីគោលនយោបាយ «អន្ទាក់បំណុល» របស់ចិនត្រូវបានពិភាក្សាយ៉ាងក្តៅគគុកដោយអ្នកសិក្សាស្រាវជ្រាវ ដោយក្នុងនោះអ្នកខ្លះបានលើកឡើងថា «ចិនចង់ទាក់ទាញប្រទេសនានាតាមរយៈបំណុល ហើយបន្ទាប់មកនឹងដកហូតទ្រព្យសម្បត្តិសំខាន់ៗរបស់ពួកគេ បូករួមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅពេលដែលពួកគេគ្មានលទ្ធភាពសងបំណុល»។

បំណុលក៏មានជាប់ទាក់ទងនឹងឥទ្ធិពលរបស់ចិនលើប្រទេសទាំងនោះផងដែរ។ អ្នកខ្លះទៀតបាននិយាយថា «ប្រទេសកំពុងអភិវឌ្ឍមានការលោភលន់ និងជឿថា ពួកគេអាចក្លាយជាអ្នកមានបាន ដោយដើរតាមគន្លងនៃការអភិវឌ្ឍរបស់ចិន ដែលត្រូវបានជំរុញដោយបំណុល និងការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលពោរពេញទៅដោយអំពើពុករលួយ និងគ្មានប្រសិទ្ធភាព»។

លោក ហ៊ុន សែន បានបន្ត​ច្រាន​ចោល​ការជជែកវែកញែក​អំពី «អន្ទាក់​បំណុល» សម្រាប់​ប្រទេស​របស់​លោក ដោយក្នុងនោះលោកបាននិយាយថា «ខ្ញុំចង់បញ្ជាក់ម្តងទៀតថា យើងមិនអាចក្លាយជាកូនបំណុលតែ មួយគត់របស់ចិនទេ ហើយចិន​ក៏​គ្មាន​ចេតនា​រុញឱ្យកម្ពុជា​ជា​កូន​បំណុលរបស់ខ្លួន​ដែរ»។

អ្នក​ជំនាញ​ផ្នែកសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​បាន​និយាយ​ថា «ដើម្បី​ឱ្យ​បំណុល​អាច​នៅតែគ្រប់​គ្រង​បាន​ មានរឿងចំនួន ៣ ​ត្រូវ​កើត​ឡើងដែល ទី១ និងដែលសំខាន់បំផុតគឺ ៖ សេដ្ឋកិច្ចរបស់កម្ពុជាត្រូវចាប់ផ្តើមឡើងវិញឱ្យបានឆាប់រហ័សនៅក្នុងយុគសម័យក្រោយវីរុសរាតត្បាត»។ ការផលិតបានស្ទុះងើបឡើងវិញនៅឆ្នាំនេះ ខណៈពេលដែលវិស័យសំណង់ និងទេសចរណ៍ ដែលជាកត្តាជំរុញដ៏សំខាន់ ២ ផ្សេងទៀតនៃកំណើននៅក្នុងរយៈពេល ២ ទស្សវត្សរ៍ចុងក្រោយនេះ អាចនឹងងើបឡើងវិញនៅឆ្នាំក្រោយ។

អ្នកជំនាញបាននិយាយថា «ប្រសិនបើ GDP បន្តកើនឡើងក្នុងអត្រាលឿនជាងការខ្ចីបំណុលថ្មីៗនោះ សមាមាត្របំណុលធៀបនឹង GDP អាចនឹងនៅតែមានស្ថិរភាព ឬអាចធ្លាក់ចុះ»។ ប៉ុន្តែ លោក អ៊ូ វីរៈ ដែលជាប្រធានវេទិកាអនាគតបានព្រមានថា «ប្រទេស​ក្រីក្រងាយ​ប្រឈម​នឹង​ការជាប់គាំងខ្លាំង​ណាស់ ហើយ​ជា​ទូទៅ​ក៏មិន​សូវ​មាន​ភាព​ធន់​ខ្លាំងនោះដែរ​»។

លោកបានបន្តថា «យើងមានសំណាងណាស់ដែលការនាំចេញសម្លៀកបំពាក់របស់យើងនៅតែមានភាពរឹងមាំ និងបានដើរតួនាទីជាអ្នកសង្គ្រោះនៅក្នុងអំឡុងពេលកើតមានវីរុសកូវីដ-១៩។ យើងក៏ត្រូវពង្រឹងការងើបឡើងវិញនៅក្នុងវិស័យផ្សេងៗទៀតផងដែរ ជាពិសេសវិស័យ​ទេសចរណ៍ដែលនៅតែ​មាន​ភាព​តានតឹងខ្លាំងនៅឡើយ»។

ចំណុចសំខាន់ទី​២ គឺ «រដ្ឋាភិបាល​ត្រូវ​ចំណាយ​ប្រាក់​កម្ចីប្រកប​ដោយ​ភាពឆ្លាតវៃ»។ ស្ទើរតែទាំងអស់នៃប្រាក់កម្ចីដែលនៅសល់ត្រូវបានចំណាយទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយក្នុងនោះ ធនាគារពិភពលោកបានវាយតម្លៃថា «៨២% ត្រូវបានផ្តល់ទៅដល់ការវិនិយោគសាធារណៈនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ»។

កាលពីខែមិថុនា លោក ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ជូន បានប្រកាសផែនការមេហេដ្ឋារចនាសម្ព័ន្ធរយៈពេល ១០ ឆ្នាំថ្មីមួយដែលមានទំហំគិតជាទឹកប្រាក់ ៥០ ពាន់លានដុល្លារ ដែលមានគោលបំណងពង្រឹងទំនាក់ទំនងដឹកជញ្ជូន និងថាមពលរបស់ប្រទេស បូករួមទាំងការសាងសង់កំពង់ផែសមុទ្រទឹកជ្រៅថ្មីៗ និងឃ្លាំងស្តុកទំនិញមួយចំនួន។

លោក ស៊ុន ចាន់ថុល បានជួបជាមួយមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាអ្នកផ្តល់ប្រាក់កម្ចីពហុភាគីកាលពីដើមខែនេះ ដើម្បីសុំជំនួយជាប្រាក់កម្ចីសម្រាប់ផែនការមេនេះ។ ប្រទេសជប៉ុននិងកូរ៉េខាងត្បូង ដែលជាម្ចាស់បំណុលដ៏សំខាន់ ២ ផ្សេងទៀត បានផ្តល់ប្រាក់កម្ចីសម្រាប់ផ្នែកខ្លះនៃផែនការនេះ។

ប៉ុន្តែវាអាចទៅរួចដែលថា «កម្ពុជានឹងងាកទៅរកប្រទេសចិនសម្រាប់ការចូលរួមចំណែកដ៏សំខាន់នៅក្នុងការផ្តល់មូលនិធិដល់គម្រោងនេះ»។ ​ធនធាន​ហិរញ្ញវត្ថុ​របស់​កម្ពុជា​នៅ​មាន​កម្រិតតិចតួច និងកំពុងមានការ​ថយ​ចុះ ដោយក្នុងនោះទុនបម្រុងសារពើពន្ធបានធ្លាក់ចុះមកនៅត្រឹម ១៧% នៃ GDP នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានធ្លាក់ចុះពីចំនួន ២២,៥% កាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលកម្ពុជាបានបន្តបង្កើនការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលរាប់ចាប់ពីវិស័យអប់រំ រហូតដល់វិស័យថែទាំសុខភាព។ ដោយសារវីរុសរាតត្បាត ថវិការដ្ឋសម្រាប់ឆ្នាំ ២០២២ ត្រូវបានកំណត់ត្រឹមចំនួន ៨ ពាន់លានដុល្លារ ដោយបានកើនឡើង ៦,៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការពិភាក្សាសម្រាប់ថវិកាឆ្នាំក្រោយកំពុងដំណើរការ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាអាចនឹងមិនកាត់បន្ថយការចំណាយនោះទេ។

ការធ្លាក់ចុះនៃការប្រមូលចំណូលអាចជំរុញឱ្យកម្ពុជាស្វែងរកប្រាក់កម្ចីបន្ថែមទៀតពីប្រភពខាងក្រៅ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ថវិការដ្ឋ។ ជាងនេះទៅទៀត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗជាច្រើនអាចនឹងធ្វើឱ្យការប្រមូលពន្ធគយរបស់កម្ពុជាមានការធ្លាក់ចុះ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាននិយាយកាលពីដើមខែនេះថា «ការប្រមូលចំណូលថវិការដ្ឋសម្រេចបានប្រហែល ៣,៩ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ ឬស្មើនឹង ៧០% នៃគោលដៅពេញមួយឆ្នាំ»។

ចំណុចសំខាន់ទី៣ គឺ «កម្ពុជាត្រូវកាត់បន្ថយការពឹងផ្អែកលើម្ចាស់បំណុលបរទេស»។ យោងតាមធនាគារពិភពលោក «បំណុលសាធារណៈរបស់កម្ពុជាទាំងអស់គឺជាបំណុលបរទេស» ដោយក្នុង​នោះ ភាគហ៊ុនបំណុល​សរុប​របស់​កម្ពុជា​ប្រមាណ ៤៣,៥% គឺជា​ប្រាក់​ដុល្លារ​អាមេរិក ដែល​ជាហេតុធ្វើឱ្យកម្ពុជា​ងាយ​រង​គ្រោះ​នឹង​ការ​ដំឡើង​អត្រា​ការ​ប្រាក់​នៅ​សហរដ្ឋអាមេរិក។

បើទោះបីចិនគឺជាម្ចាស់បំណុលដ៏ធំជាងគេរបស់កម្ពុជាក៏ដោយ ក៏កម្ពុជាមានភាគហ៊ុនបំណុលត្រឹមតែ ១៤,៥%ប៉ុណ្ណោះជាប្រាក់យ័ន»។ បើទោះបីជា​ពេល​នេះ ​អ្នក​សេដ្ឋកិច្ច​ភាគ​ច្រើន​មិន​សូវមានការ​ព្រួយបារម្មណ៌អំពី​ទម្រង់​បំណុល​របស់​ប្រទេស​កម្ពុជាក៏ដោយ ក៏វាមាន​សញ្ញា​មួយ​ចំនួន​ដែលបង្ហាញ​ថា​ «កម្ពុជា​អាច​នឹង​កំពុងស្ថិតនៅលើផ្លូវ​ស្រដៀង​គ្នា​នឹង​ប្រទេស​ឡាវ, ប៉ាគីស្ថាន និង​ស្រីលង្កា»។

ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍ កម្ពុជា​ពិតជាត្រូវ​ការ​ឥណទាន​បន្ថែម​ទៀត បូក​រួម​ទាំង​ពី​ប្រទេស​ចិន។ «គន្លឹះនៃនិរន្តរភាពបំណុល និងហានិភ័យនៃការធ្លាក់ចូលទៅក្នុងអន្ទាក់បំណុល នឹងអាស្រ័យលើរបៀបដែលកម្ពុជាប្រើប្រាស់ប្រាក់កម្ចីទាំងនោះ»៕

David Hutt / Asia Times

អត្ថបទទាក់ទង