ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរខេត្តប៉ៃលិន បើកការដ្ឋានធ្វើផ្លូវបេតុង១ខ្សែ ប្រវែង៦៨០ម៉ែត្រ ឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 47
អាជ្ញាធរខេត្តប៉ៃលិន បើកការដ្ឋានធ្វើផ្លូវបេតុង១ខ្សែ ប្រវែង៦៨០ម៉ែត្រ ឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន អាជ្ញាធរខេត្តប៉ៃលិន បើកការដ្ឋានធ្វើផ្លូវបេតុង១ខ្សែ ប្រវែង៦៨០ម៉ែត្រ ឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរខេត្តប៉ៃលិន បានបើកការដ្ឋានធ្វើផ្លូវបេតុង១ខ្សែ ប្រវែង ៦៨០ម៉ែត្រ ទទឹង៥ម៉ែត្រ ឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាព លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ចេង ញ៉ាន់ អភិបាលរងខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានធ្វើផ្លូវបេតុងក្នុងភូមិ១ខ្សែនេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា សមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានា ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ផ្តល់អំណោយមនុស្សធម៌ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា ចាស់ជរាឥតទីពឹង ដោយមិនទុកបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ការធ្វើផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សាសិស្ស បានធ្វើដំណើរទៅសាលារៀន។

ក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការកសាងផ្លូវនេះ ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង ជាពិសេសចូលរួមអនាម័យបរិស្ថាននៅតាមដងផ្លូវ និងរស់នៅស្អាត ហូបស្អាត ហើយបើបងប្អូនមានបញ្ហាអ្វី សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ដើម្បីថ្នាក់ដឹកនាំធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា។

លោក រស់ ម៉ុន មេភូមិអូរតាពុកលើ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ជាពិសេសលោកអភិបាលខេត្ត ដែលបានសម្រេចធ្វើផ្លូវបេតុង១ខ្សែនេះ ជូនដល់ភូមិអូរតាពុកលើ ព្រោះផ្លូវត្រូវបានខូចខាតជាច្រើនឆ្នាំមកហើយ ជាពិសេសពេលមានភ្លៀងធ្លាក់ម្តងៗ។

ចំណែកប្រជាពលរដ្ឋរស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានសំដែងនូវសេចក្តីត្រេកអរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអភិបាលខេត្ត និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា ផ្លូវបេតុងដែលបើកការដ្ឋាននាពេលនេះ គឺមានប្រវែង ៦៨០ម៉ែត្រ ទទឹង៥ ម៉ែត្រ ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយអនុវត្តន៍គម្រោងរយៈពេលចំនួន ២ខែ ដើម្បីសម្ពោធដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់៕

អត្ថបទទាក់ទង