លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អរគុណសារជាថ្មីចំពោះប្រជាពលរដ្ឋទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលបានបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលផ្តល់ឱកាសជូនលោកធ្វើជានាយករដ្ឋមន្រ្តី បន្តទៀត ទើបយើងមានឱកាសជួបជុំបើកការដ្ឋាននៅពេលនេះ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលរូបលោក និងលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញជាអធិបតីរួមគ្នាក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Express Way) ភ្នំពេញ-ព្រះសីហនុ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯងផង និងក្រុមគ្រួសារផង ហើយការបោះឆ្នោតនេះគឺដើម្បីថែរក្សាសន្តិភាពនិងការអភិវឌ្ឍទៅមុខជាបន្តទៀត៕