ខ្មែរប៉ុស្ដិ៍ Close

សម្តេច​តេជោ ហ៊ុន សែន ថ្លែងថាអ្នកដែលចង់លេងជាមួយលោកតាមកម្លាំងប្រដាប់អាវុធធ្វើក្តារមឈូសឱ្យហើយទៅ

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 93
សម្តេច​តេជោ ហ៊ុន សែន ថ្លែងថាអ្នកដែលចង់លេងជាមួយលោកតាមកម្លាំងប្រដាប់អាវុធធ្វើក្តារមឈូសឱ្យហើយទៅ សម្តេច​តេជោ ហ៊ុន សែន ថ្លែងថាអ្នកដែលចង់លេងជាមួយលោកតាមកម្លាំងប្រដាប់អាវុធធ្វើក្តារមឈូសឱ្យហើយទៅ

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាដើម្បីការពារសុខសន្តិភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើងហ៊ានកម្ចាត់ចោលមនុស្សមួយចំនួនប្រសិនបើចាំបាច់ ហើយអ្នកដែលចង់លេងជាមួយសម្តេចតាមកម្លាំងប្រដាប់អាវុធ សូមធ្វើក្តារមឈូសឱ្យហើយទៅ។ សម្តេច​បានបន្ថែមថា វ៉ៃពោះត្រូវតែក្បាលមិនវ៉ៃកន្ទុយទេក្នុងន័យនេះគឺកម្ចាត់រាល់ក្រុមថ្នាក់ដឹកនាំរបស់បក្សក្បត់ជាតិដែលព្យាយាមបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ សម្តេច​តេជោបានថ្លែងដូចនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងអាមេខ្សែកាបឆ្លងកាត់ទន្លេសាបមួយខ្សែប្រវែងបណ្តោយជិត១គីឡូម៉ែត្រឆ្លងកាត់ទន្លេសាបពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារទៅកាន់ផ្លូវជាតិលេខ៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារអាមេរិក។

ប្រមុខរាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន​ បានថ្លែងថាការអនុវត្តសម្រាប់លោក កឹម សុខា គ្មានការរាថយនោះឡើយប៉ុន្តែការអនុវត្តផ្លូវច្បាប់នេះគឺជារឿងប្រសើរជាងការប្រើអាវុធ ហើយការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារនេះក៏ព្រោះតែការប្រព្រឹត្តខុសច្បាប់។ ដោយឡែកចំពោះការអំពាវនាវរបស់លោក សម រង្ស៊ី ដែលបានលើកឡើងថាឱ្យកងទ័ពបែរចុងកាណុងមកកាន់លោកហ៊ុន សែននោះ ត្រូវបានសម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ឆ្លើយតបថា អ្នកដែលចង់លេងជាមួយលោក តាមកម្លាំងប្រដាប់អាវុធសូមឱ្យធ្វើក្តារមឈូសឱ្យហើយទៅ។

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា «សូមមេត្តាកុំមកចង់ផ្តួលរំលំលេងផ្លូវកាត់ឱ្យសោះ អ្នកមិនអាចទៅរួចទេ ហើយអ្នកក៏មិនអាចគេចវេសពីសំណាញ់ច្បាប់បានដែរ។ សម្តេច​បន្ថែម​ថា  អំពើរបស់អ្នកត្រូវផ្តន្ទាទោសហើយ ហើយការអនុវត្តផ្លូវច្បាប់ប្រសើរជាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធដូចដែលមានការញុះញង់ដោយជនក្បត់ដែលចង់ប្រើប្រាស់ការបះបោរប្រដាប់អាវុធ។ ការបះបោរប្រដាប់អាវុធវានឹងនាំដល់ការហូរឈាមនិងស្លាប់ជីវិតមនុស្ស ប៉ុន្តែការអនុវត្តផ្លូវច្បាប់គឺវាមិនស្លាប់មនុស្សទេគ្រាន់តែជាប់គុក ព្រោះការជាប់គុកមិនមែនបណ្តាលមកពីគេធ្វើបាបអ្នកឯងទេ មកពីអ្នកឯងធ្វើខុសបានវាជាប់គុក។ គ្មានអ្នកណាដែលគេទៅចាប់អ្នកដែលមិនបានប្រព្រឹត្តខុសដាក់គុកនោះទេ»៕

 

 

អត្ថបទទាក់ទង