ខ្មែរប៉ុស្ដិ៍ Close

ជំនួបនាយករដ្ឋមន្ត្រី-មេដឹកនាំគណបក្សនយោបាយ៖ វប្បធម៌ថ្មី និងភាពចាស់ទុំនយោបាយជួយកម្ពុជាឱ្យកាន់តែរីកចម្រើននិងរឹងមាំ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 58
ជំនួបនាយករដ្ឋមន្ត្រី-មេដឹកនាំគណបក្សនយោបាយ៖  វប្បធម៌ថ្មី និងភាពចាស់ទុំនយោបាយជួយកម្ពុជាឱ្យកាន់តែរីកចម្រើននិងរឹងមាំ ជំនួបនាយករដ្ឋមន្ត្រី-មេដឹកនាំគណបក្សនយោបាយ៖ វប្បធម៌ថ្មី និងភាពចាស់ទុំនយោបាយជួយកម្ពុជាឱ្យកាន់តែរីកចម្រើននិងរឹងមាំ

ជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំនៃគណបក្សមួយចំនួនដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៨ នៅវិមានសន្តិភាព។ ជាជំនួបប្រវត្តិសាស្ត្រលើកទី១ ដែលមានគោលបំណងពង្រឹងទំនាក់ទំនង សាមគ្គីជាតិ ខ្មែរក្នុងចំណោមគណបក្សនយោបាយដើម្បីបម្រើជាតិ និងប្រជាជន។ នេះគឺជា វប្បធម៌សន្ទនារវាងគណបក្សនយោបាយ និងរដ្ឋាភិបាលដែលជាឱកាសផ្លាស់ប្តូរ បទពិសោធ ក៏ដូចជាការលើកសំណូមពរផ្សេងៗពីសំណាក់គណបក្សនយោបាយ ដែលមានចូលរួមប្រកួតក្នុងការបោះឆ្នោតដើម្បីភាពរីកចម្រើនរបស់ជាតិ។ ពួកគាត់មិនទទួល បានអាសនៈនៅរដ្ឋសភាមែន ប៉ុន្តែគណបក្សនយោបាយទាំងនេះទទួលបានសំឡេងគាំទ្រពីអ្នកគាំទ្ររបស់ខ្លួនរាប់សិបម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា។

ជំនួបរដ្ឋាភិបាល-គណបក្សនយោបាយនេះ ផ្តួចផ្តើមដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្វាគមន៍ដោយគណបក្សនយោបាយនានាដោយបានមើលឃើញពីផលប្រយោជន៍ជាតិរួម។ ការចាប់ផ្តើមឡើងនូវកិច្ចសន្ទនាថ្មីនេះ បានបង្ហាញពីភាពចាស់ទុំនៃអ្នកនយោបាយខ្មែរ ក៏ដូចជាបង្ហាញពីការគិតគូរ ផលប្រយោជន៍ជាតិ និងប្រជាជនជាធំក្នុងនាមជាជនជាតិខ្មែរម្ចាស់ប្រទេស។ គណបក្សនយោបាយនិងរាជរដនឋាភិបាលគឺជា “ខ្មែរនិយម”។ ខ្មែរគ្រប់ភាគីទាំងអស់បាននិយាយគ្នា តម្កល់ឧត្តមផលប្រយោជន៍ប្រជាជនជាអាទិភាព ដោះស្រាយបញ្ហាជាតិ និងសង្គមរួមគ្នា និងមានគោលដៅរួមគ្នាកសាងប្រទេស ធ្វើឱ្យជាតិរីកចម្រើន ពលរដ្ឋមានសេចក្តីសុខសប្បាយ មានជីវភាពធូរធារ ហើយ ប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងមានការគោរពឯករាជភាព អធិបតេយ្យភាព និងបូរណភាពដែនដី។ អ្នកនយោបាយទាំងអស់នេះ ទោះបីជាមានអ្វីកើតឡើងក៏ដោយក៏មិនបានរត់ចោលស្រុក និងរត់ចោលប្រជាជន ដូចក្រុមអ្នកនយោបាយប្រឆាំងឡើយ។

ចំណែកអ្នកនយោបាយនៃខ្មោចគណបក្សសង្គ្រោះជាតិបានប្រកាន់នូវបន្ទាត់នយោបាយបរទេសនិយម ស្តាប់ការបង្គាប់បញ្ជារបស់បរទេស និងឃុបឃិតជាមួយបរទេស ដើម្បីអនុវត្តផែនការក្បត់ជាតិ ផែនការបដិវត្តន៍ពណ៌បំផ្លាញកម្ពុជា។ អ្នកនយោបាយប្រឆាំងក្រៅច្បាប់ទាំងនេះនិយមតែបរទេស ហើយហៅតែបរទេសឱ្យមកជិះជាន់លើខ្មែរ ធ្វើសកម្មភាពបម្រើបរទេសប្រឆាំងខ្មែរ បញ្ចុះបញ្ចូលបរទេសឱ្យដាក់ទណ្ឌកម្មលើខ្មែរ បិទរោងចក្រឱ្យកម្មករអត់ការងារធ្វើ។ ចុងក្រោយ ក្រុមអ្នក នយោបាយរត់ចោលស្រុកបានខិតខំបំផ្លាញការបោះឆ្នោត និងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែត្រូវបានបរាជ័យទាំងស្រុងព្រោះ ពលរដ្ឋខ្មែរមិនជឿតាមការញុះញង់របស់ពួកគេ ដេកផ្ទះ ឈ្នះស្អាត ដោយពលរដ្ឋបានចេញទៅបោះឆ្នោត ចំនួន ៨៣,០២% នៃចំនួនអ្នកមានឈ្នោះក្នុងបញ្ជីបោះឆ្នោត។ ពួកគេបានធ្វើយុទ្ធនាការកុំឱ្យបរទេសទទួលស្គាល់លទ្ធផលបោះឆ្នោត ប៉ុន្តែប្រទេសជាច្រើនបានទទួលស្គាល់លទ្ធផលបោះឆ្នោត ព្រមទាំងអប អរសាទរគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីថែមទៀត។

ទីបំផុតអ្នកដែលចាញ់ គឺក្រុមអ្នកនយោបាយរត់ចោលស្រុកអតីតបក្សសង្គ្រោះជាតិ បាត់បង់ទាំងការគាំទ្រ បាត់បង់ទីតាំងឈរជើងនយោបាយ ឥឡូវនេះផ្ទៃក្នុងទាំងមូលបានបែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ និង វណ្ឌកនឹងច្បាប់។ អ្នកដែលឈ្នះប្រកបដោយមោទនភាព និងកិត្តិយសបំផុតគឺប្រជាជនកម្ពុជាដែលបានជ្រើសរើសយកគណបក្សត្រូវដែលជឿជាក់ថានឹងអាចការពារជាតិ ការពារសន្តិភាព និងការអភិវឌ្ឍជាតិ បាន។ ឥឡូវនេះមេដឹកនាំដែលបងប្អូនបានផ្តល់សេចក្តីទុកចិត្តបានបង្កើតនូវវប្បធម៌បង្រួបបង្រួមកម្លាំងសាមគ្គីជាតិ ឯកភាពជាតិខ្មែរតាមគន្លងប្រជាធិបតេយ្យ ប្រមូលផ្តុំនូវកម្លាំងធនធានមនុស្សគ្រប់បក្សដើម្បីរួមគ្នាកសាងជាតិ និងបម្រើប្រជាជនកម្ពុជា។ ជំនួបនាយករដ្ឋមន្ត្រី-មេដឹកនាំគណបក្សនយោបាយ គឺវប្បធម៌ថ្មី និងភាពចាស់ទុំនយោបាយជួយកម្ពុជាឱ្យកាន់តែរីកចម្រើននិងរឹងមាំ៕

ដោយ ចៅ ចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៨

អត្ថបទទាក់ទង