ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ លោក ឡៅ ម៉ុងហៃ ជាអ្នកអត្ថាធិប្បាយនយោបាយរេរាំតាមខ្យល់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 61
ទស្សនៈមិត្តអ្នកអាន៖ លោក ឡៅ ម៉ុងហៃ ជាអ្នកអត្ថាធិប្បាយនយោបាយរេរាំតាមខ្យល់ ទស្សនៈមិត្តអ្នកអាន៖ លោក ឡៅ ម៉ុងហៃ ជាអ្នកអត្ថាធិប្បាយនយោបាយរេរាំតាមខ្យល់

លោក ឡៅ ម៉ុងហៃ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា គាត់មានបំណងទូលថ្វាយព្រះមហាក្សត្រស្នើសុំប្រោសព្រះរាជទានលើកលែងទោសទាំងអស់ដល់ទណ្ឌិត សម រង្ស៊ី និងសំណើសុំព្រះរាជទានងារជា សម្តេច ទៀតផង។ លោក ឡៅ ម៉ុងហៃ លើកបែបនេះ ទំនងប្រហែលធ្វើឲ្យស្របគ្នាទៅនឹងការប្រកាសរបស់ទណ្ឌិតដែលមេឧទ្ទាមក្រៅច្បាប់ ហើយរួមរិតទៅដោយបទចោទជាច្រើនករណីទៀតនោះ ថាខ្លួននឹងចូលនិវត្តន៍ ដើម្បីទុកឱកាសឲ្យយុវជនជំនាន់ក្រោយ។

ក្នុងនាមជានិស្សិតច្បាប់ម្នាក់ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលបានដឹងថា សាស្ត្រាចារ្យបង្រៀនមុខវិជ្ជាច្បាប់បានបញ្ចប់ការសិក្សាផ្នែកច្បាប់ពីចក្រភពអង់គ្លេស ដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ បញ្ចេញទស្សនៈរវើរវាយបែបនេះទៅវិញ។ គួរដឹងថា ទណ្ឌិតរូបនេះ ជាអ្នកនយោបាយមានជំនាញខាងញុះញង់ លាបពណ៌ បង្កចលាចលសង្គម ហើយមានរឿងក្តីក្តាំជាច្រើនករណីនៅឯតុលាការ បច្ចុប្បន្នកំពុងរត់គេចខ្លួនទៅក្រៅប្រទេសមិនហ៊ានប្រឈមមុខនឹងផ្លូវច្បាប់នោះឡើយ តែបែរជាត្រូវបានលោក ឡៅ ម៉ុងហៃ លើកទឹកចិត្ត និងចង់ឲ្យរួចទោសទាំងអស់ ថែមទាំងទូលថ្វាយព្រះមហាក្សត្រប្រទានគោរមងារជា សម្តេច ថែមទៀត។
វាពិតជារឿងគួរឲ្យអស់សំណើច នៅពេលដែលអ្នកទោសរត់ចោលគុកបានប្រព្រឹត្តកំហុសជាច្រើន រួមទាំងទៅអង្វរលន់តួរឲ្យបរទេសដាក់ទណ្ឌកម្មមកលើប្រទេសជាតិខ្លួនឯង មានបំណងវាយបំបែកឆ្នាំងបាយកម្មករ-កម្មារិនី ត្រូវបានលោក ឡៅ ម៉ុងហៃ ចាត់ទុកថា ជាអ្នកស្នេហាជាតិ ជាវីរៈបុរស គួរទទួលបានងារជា សម្តេចទៅវិញ។ ឯណាទៅនីតិរដ្ឋដែលលោក ឡៅ ម៉ុងហៃ តែងលើកឡើងជារឿយៗថា កម្ពុជាគួរប្រកាន់យកនីតិរដ្ឋ ដោយយកច្បាប់ជាធំ?
លោកសាស្ត្រាចារ្យ គួរបែងចែកឲ្យដាច់រឿងនយោបាយ និងនីតិរដ្ឋ។ ទណ្ឌិតរូបនេះ ចង់ចូលនិវត្តន៍ឈប់ធ្វើនយោបាយដោយសារតែអស់សង្ឃឹមក្នុងជីវិតនយោបាយរបស់គាត់ជួបតែរឿងបរាជ័យ និងរងការអាម៉ាស់ផ្ទួនៗ ហើយមិនហ៊ានវិលចូលស្រុកវិញទេ។ ម្យ៉ាងទៀតការធ្វើនយោបាយរបស់មេឧទ្ទាមនេះ នាពេលកន្លងមកគ្មានតម្លៃអ្វីសម្រាប់ជាតិ និងប្រជាជនកម្ពុជានោះដែរ។ បើលោក ឡៅ ម៉ុងហៃ យល់ថា បើទណ្ឌិតនៃបទឧក្រិដ្ឋ ត្រូវរួចទោស ហើយទទួលបានងារជាសម្តេច ទៀតនោះ មានន័យថា លោក ឡៅ ម៉ុងហៃ ចង់ឲ្យឧក្រិដ្ឋជនជាប់ទោសផ្សេងៗដទៃទៀត ត្រូវតែរាជរដ្ឋាភិបាល ដោះលែង និងស្នើសុំផ្តល់គោរមងារជាសម្តេច ទាំងអស់ឬ?
ការសុំព្រះរាជទានទៅព្រះមហាក្សត្រវាជាការយល់សប្ដិមួយ ព្រោះគោរមងារជាសម្ដេចនេះ គេផ្ដល់ទៅដល់ឥស្សរជននយោបាយជាន់ខ្ពស់បំផុត ដែលមានគុណសម្បត្ដិ និងគុណូបការៈចំពោះជាតិមាតុភូមិ។ ក៏ប៉ុន្តែទណ្ឌិតរូបនេះ មិនត្រឹមតែមិនបានជួយអ្វីបន្តិចដល់ប្រទេសជាតិ និងប្រជាជាតិខ្មែរ សូម្បីតែរើសសំណល់ថង់ប្លាស្ទិកមួយនៅតាមដងផ្លូវយកទៅបោះចោល ក៏គ្មានដែរ តើសមនឹងទទួលគោរមងារជាសម្តេច ដែរឬទេ?
ក្នុងនាមជានិស្សិតច្បាប់ តើគួរឲ្យពួកយើងរៀនសូត្រយ៉ាងម៉េចទៅពីលោក ឡៅ ម៉ុងហៃ បើគាត់ជាអ្នកច្បាប់ បញ្ចប់ការសិក្សាពីប្រទេសប្រជាធិបតេយ្យយកច្បាប់យកនីតិរដ្ឋធ្វើជាគ្រឹះក្នុងការកសាងប្រទេស បែរជាជំរុញឲ្យមានវប្បធម៌និទណ្ឌភាពទៅវិញនោះ។ លោក ឡៅ ម៉ុងហៃ មិនមែនជាអ្នកវិភាគនយោបាយអីទេ តែជាអ្នកអត្ថាធិប្បាយនយោបាយរេរាំតាមខ្យល់ ម្តងថាអ្នកនេះល្អ ម្តងថាអ្នកនោះល្អ ម្តងថាត្រូវអនុវត្តច្បាប់ ម្តងថាមិនត្រូវអនុវត្តច្បាប់។ ពួកយើងដែលជានិស្សិតសិក្សាផ្នែកច្បាប់ យើងចង់ដឹងចង់ស្គាល់នូវតម្លៃពិតនៃនីតិរដ្ឋ អញ្ចឹងហើយបានជាយើងត្រូវខិតខំសិក្សារៀនលើមុខវិជ្ជាច្បាប់នេះ។ ការធ្វើអត្ថាធិប្បាយរបស់លោក ឡៅ ម៉ុង ហៃ បណ្ឌិតច្បាប់ ផ្តល់ជាគំនិតគ្មានមានទិសតំបន់ច្បាស់លាស់ បាតណាបាតណីដូច្នេះ ពួកយើងខ្ញុំយល់ថា លោកតា ឡៅ ម៉ុងហៃ គួរតែឈប់ធ្វើអត្ថាធិប្បាយនយោបាយតទៅទៀតទៅ ម្យ៉ាងលោកតា ក៏មានព្រះជន្មច្រើនណាស់ហើយដែរគួរទៅវត្តសុំសីលសន្សំក្តីសុខសម្រាប់ជាតិខាងមុខទៀតវាប្រសើរជាង៕

ដោយ៖ សេង កំពូល និស្សិតច្បាប់សកលវិទ្យាស័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច