ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ សិទ្ធិបញ្ចេញមតិ និងការទទួលខុសត្រូវ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 45
ទស្សនៈមិត្តអ្នកអាន៖ សិទ្ធិបញ្ចេញមតិ និងការទទួលខុសត្រូវ ទស្សនៈមិត្តអ្នកអាន៖ សិទ្ធិបញ្ចេញមតិ និងការទទួលខុសត្រូវ

អ្នកតាំងខ្លួនជាអ្នកវិភាគលើកឡើងថា ការបញ្ចេញមតិតាមបណ្តាញសង្គម គឺជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញ។ ជាការពិតហើយការបញ្ចេញមតិរបស់បុគ្គលគ្រប់រូបអាចធ្វើទៅបានដោយសេរី គ្មានការរឹតត្បិត និងការហាមឃាត់នោះឡើយ តែការបញ្ចេញមតិទាំងនេះ ក៏ត្រូវតែស្ថិតនៅក្រោមបន្ទាត់មួយគូសវាសដោយច្បាប់ដែលជាម៉ែត្រវាស់ផងដែរ។ ការបញ្ចេញមតិបែបជេរប្រមាថ លាបពណ៌ ញុះញង់ និងបង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំប្រទេស ពីសំណាក់ក្រុមប្រឆាំងតាមបណ្តាញសង្គម ឬប្រព័ន្ធផ្សព្វផ្សាយនានា មិនត្រូវបានចាត់ទុកថា ជាការបញ្ចេញមតិនោះឡើយ។ ការចេញមុខមកការពារក្រុមប្រឆាំងពីសំណាក់អ្នកវិភាគនៅពេលនេះ គឺមិនបានគិតពីតម្លៃកិត្យានុភាពរបស់ច្បាប់ អំណាចច្បាប់ដែលគេអនុវត្ត ទោះបីអះអាងថា ជាសិទ្ធិបញ្ចេញមតិក៏ដោយ ប៉ុន្តែត្រូវគោរពសិទ្ធិរបស់អ្នកដទៃផងដែរ ដោយមិនត្រូវបញ្ចេញមតិប៉ាតណាប៉ាតណី អនាធិបតេយ្យបែបនេះទេ។ ដូច្នេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទាំងអស់គ្នា។

មាត្រា ៣១ និង ៤១ នៃរដ្ឋធម្មនុញព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់សិទ្ធិពលរដ្ឋ និងបើកទូលាយឲ្យប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិបញ្ចេញមតិតាមគ្រប់រូភាព កុំឲ្យតែប៉ះពាល់ដល់សិទ្ធិអ្នកដទៃ កិត្តិយស សេចក្តីថ្លៃថ្នូរអ្នកដទៃ សណ្តាប់ធ្នាប់សាធារណៈ ទំនៀមទម្លាប់ប្រពៃណីរបស់ជាតិ និងសន្តិសុខជាតិ។ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ព៌ណសម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាកានយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ មិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្តតាមល័ក្ខខ័ណ្ឌកំណត់ក្នុងច្បាប់។

បុគ្គលគ្រប់រូបអាចបញ្ចេញមតិបានដោយសេរី តាមរយៈការធ្វើមូលវិចារណ៍អត្ថាធិប្បាយលើអត្ថបទព័ត៌មាន ប្រតិកម្មចំពោះឃ្លីបវីដេអូ ឬក៏គ្រាន់តែសំដែងអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គម។ ក៏ប៉ុន្តែអ្វីដែលគេគួរដឹងនោះ គឺជួនកាលគម្លាតរវាងសេរីភាពក្នុងការបញ្ចេញមតិដែលសមស្របតាមច្បាប់ ទៅការបញ្ចេញមតិដែលមិនស្របច្បាប់ គឺវាឃ្លាតពីគ្នាត្រឹមតែមួយជំហាន ឬត្រឹមពាក្យមួយម៉ាត់ ពីរម៉ាត់ប៉ុណ្ណោះ។ បុគ្គលគ្រប់រូបត្រូវដឹង និងចងចាំថា សេរីភាពនៃការបញ្ចេញមតិ គឺជាសិទ្ធិមូលដ្ឋានក៏ពិតមែនហើយ តែមិនមែនបានសេចក្តីថា វាគឺជាសិទ្ធិដែលគ្មានដែនកំណត់នោះទេ ព្រោះថា សិទ្ធិនេះក៏នឹងត្រូវប្រឈមជាមួយនឹងសិទិ្ធមូលដ្ឋានដទៃទៀតផងដែរដូចជា សិទ្ធិលើជីវិតឯកជន សិទ្ធិលើរូបភាព សិទ្ធិលើកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ និងសិទ្ធិទទួលបានសន្តិសុខជាដើម។ ដូច្នេះ អ្វីដែលគួរធ្វើកំណត់ចំណាំនោះ គឺអ្នកប្រើប្រាស់បណ្តាញសង្គមដែលសរសេរ ឬសំដែងមតិលើអ៊ីនធឺណិត ក៏មានទំនួលខុសត្រូវតាមផ្លូវច្បាប់ ដូចជាអ្នកសរសេរ ឬសំដែងមតិក្នុងជីវិតពិតផងដែរ។ សំដី ឬឃ្លោងឃ្លាទាំងឡាយណាដែលហួសពីដែនសិទ្ធិរបស់ខ្លួន ហើយជ្រៀតជ្រែកប៉ះពាល់ដល់សិទ្ធិរបស់អ្នកដទៃ វាក៏អាចនឹងបង្កឲ្យមានការប្តឹងផ្តល់តាមផ្លូវច្បាប់ទៅតុលាការ មិនថា សំដីនោះស្តែងឡើងតាមមធ្យោបាយណានោះទេ។

ក្នុងករណីនេះ ចៅក្រមដែលទទួលពាក្យបណ្តឹងនឹងពិនិត្យថា តើសំដី ឬមតិដែលថ្លែងឡើងនេះ គួរ ឬមិនគួរ និងថាតើវាពិតជាធ្វើឲ្យមានផលប៉ះពាល់ដល់សិទ្ធិរបស់ដើមបណ្តឹងដែរឬទេ? បើសិនជាតុលាការ រកឃើញថា វាពិតជាប៉ះពាល់ និងបានបង្កផលវិបាកចំពោះកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ដើមបណ្តឹងមែននោះ តុលាការអាចនឹងចេញដីការបង្គាប់ឲ្យអ្នកប្រើប្រាស់អ៊ីនធឺណិតនោះបង់ប្រាក់សងជំងឺចិត្តដល់ជនរងគ្រោះ។
ម៉្យាងវិញទៀត ការនិយាយស្តីជ្រុលជ្រួសហួសដែនកំណត់នៃសេរីភាព នៃការបញ្ចេញមតិលើបណ្តាញអ៊ីនធឺណិត ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា ជួនកាលក៏អាចបណ្តាលទៅដល់ផលវិបាកធ្ងន់ធ្ងរខាងទំនួលខុសត្រូវព្រហ្មទណ្ឌផងដែរ។ ដូចសុភាសិតខ្មែរពោលថា “រនាបបាក់យករនាបជួស សម្តីជ្រុលហួសជួសមិនបាន”៕

ដោយ៖ សុខ សុវណ្ណ