ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំប្រចាំឆមាស របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានផ្តល់នូវផ្លែផ្កាជាច្រើនថែមទៀតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 55
កិច្ចប្រជុំប្រចាំឆមាស របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានផ្តល់នូវផ្លែផ្កាជាច្រើនថែមទៀតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន កិច្ចប្រជុំប្រចាំឆមាស របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់បានផ្តល់នូវផ្លែផ្កាជាច្រើនថែមទៀតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆមាស របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានប្រព្រឹត្តទៅនៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)។ កិច្ចប្រជុំនៅព្រឹកនេះ បានផ្តោតសំខាន់ទៅលើបញ្ហាមួយចំនួនតាមរយៈការទទួលបានពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលត្រូវដាក់ជូនលោកនាយករដ្ឋមន្ត្រី បន្ទាប់មកនឹងមានការចូលរួមផ្តល់យោបល់ និងសំណូមពរដោយតំណាងគណបក្សនីមួយៗ។ ឧត្តមក្រុមប្រឹក្សានេះ មានតួនាទីលើកយកនូវបញ្ហា និងផ្តល់ជាមតិយោបល់ផ្សេងៗទៅរដ្ឋាភិបាលហើយនៅរៀងរាល់មួយខែម្ដង សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ត្រូវជួបជជែកគ្នា មុននឹងលើកសំណើទៅកាន់ប្រមុខរាជរដ្ឋាភិបាល។ ប្រមុខរដ្ឋាភិបាលនឹងជួបជាមួយសមាសភាព នៃសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពមកពីគណបក្សនានានោះ នៅរៀងរាល់៦ខែម្ដង។

នៅក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រៅពីកិច្ចស្វាគមន៍ដល់អង្គប្រជុំ ដែលមានទិដ្ឋភាពការងារជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី ដោយមានការតភ្ជាប់ Video Conference ទៅកាន់ខេត្តក្រុង និងស្ថាប័នរដ្ឋដទៃទៀត លោក បានចែករំលែកនូវព័ត៌មាន នៃស្ថានភាពនយោបាយសាកល ក៏ដូចជាស្ថានភាពនយោបាយជាក់ស្ដែងរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់លោក ដែលមានឧត្តមភាព និងប្រសិទ្ធភាពក្នុងការធានានូវប្រក្រតីភាពការងាររដ្ឋ ក៏ដូចជាអធិបតេយ្យជាតិ និងអំណាចប្រជាពលរដ្ឋក្នុងកិច្ចទទួលខុសត្រូវ លើជោគវាសនារបស់ខ្លួន។ ប្រធានគណបក្សទាំង១៦ បានធ្វើសេចក្តីរាយការណ៍យ៉ាងច្បាស់លាស់នូវបញ្ហានីមួយៗ និងភាគីពាក់ព័ន្ធ (ឈ្មោះមន្រ្តី) និងសំណូមពរក្នុងលក្ខណៈសហការ និងរួមដោះស្រាយបញ្ហាទាំងនោះ។

នៅក្នុងកិច្ចប្រជុំនេះ បញ្ហាដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដាក់ជូនមកលោកនាយករដ្ឋមន្ត្រីមានដូចជា បញ្ហាទំនាស់ដីធ្លី ដែលក្នុងនោះប្រភេទទំនាស់ដីធ្លីនោះគឺទំនាស់ដីធ្លីរវាងពលរដ្ឋ និងពលរដ្ឋ ទំនាស់ដីធ្លីរវាងពលរដ្ឋ និងសមាគម ពលរដ្ឋជាមួយក្រុមហ៊ុន ការទន្ទ្រានយកដីរដ្ឋដែលជាដីកម្មសិទ្ធិជាដើម។ ហើយរឿងរ៉ាវទាំងអស់នោះភាគច្រើនកើតនៅតំបន់ដែលមានការអភិវឌ្ឍខ្លាំងដូចជា នៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យជាដើម។ ក្រៅពីទំនាស់ដីធ្លីព័ត៌មានពាក់ព័ន្ធបទល្មើសជលផល និងបទល្មើសព្រៃឈើ ផងដែរ ដែលទាំងអស់នេះក៏មានការពាក់ព័ន្ធទៅនឹងការលើកឡើងពីភាពមិនប្រក្រតីអំពើពុករលួយជាប្រព័ន្ធដែលបង្កឡើងជាបុគ្គលក៏ដូចជារឿងមិនរគោរពអនុវត្តលិខិតបទដ្ឋានគតិយុត្តិរបស់ថ្នាក់ជាតិដើម្បីឲ្យថ្នាក់ក្រោមជាតិអនុវត្តផ្ដល់សេវាដល់ប្រជាពលរដ្ឋ និងបញ្ហាអសកម្មផ្សេងៗមួយចំនួនទៀតដែលកើតចេញពីបុគ្គលដែលជាអាជ្ញាធរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជារីករាយដែលបានជួបជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលទទួលបាននូវព័ត៌មានទាំងអស់នោះ ។ ហើយលោកបានមានប្រសាសន៍ថា អង្គប្រជុំនេះមានតម្លៃស្មើនឹងការសម្រេចរបស់លោកក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីផងដែរ ហើយការលើកឡើងរបស់ប្រតិភូគណបក្សទាំង១៦នោះ លោកនឹងផ្ដល់នូវការណែនាំ និងបញ្ជាឲ្យអាជ្ញាធរជំនាញដែលសំដៅទៅលើក្រសួងជំនាញនិងអាជ្ញាធរថ្នាក់ក្រោមជាតិដើម្បីចូលរួមដោះស្រាយជាបន្ទាន់ដូចជាករណីបញ្ហាទំនាស់ដីធ្លី រឿងពាក់ព័ន្ធនឹងគំរបព្រៃឈើជាដើម ដោយលោកបានប្រកាន់ខ្ជាប់នូវគោលការណ៍ទប់ស្កាត់កុំឲ្យមានទំនាស់ដីធ្លីថ្មីកើតមាន ហើយនឹងព្យាយាមរួមគ្នាដោះស្រាយទំនាស់ដីធ្លីដែលនៅសេសសល់ដែលក្នុងនោះមានវិធានជាច្រើនដែលលោកបញ្ជា និងណែនាំទៅក្រសួងពាក់ព័ន្ធជាពិសេសក្រសួងរៀបចំដែនដីនិងរដ្ឋបាលថ្នាក់ខេត្ត ស្រុក ខណ្ឌ។

ពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីនៅខេត្តព្រះសីហនុ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បង្ហាញនូវភាពមិនពេញចិត្តចំពោះ រឿងនេះ ហើយបានបញ្ជាទៅក្រសួងរៀបចំដែនដី និងក្រសួងកសិកម្មដើម្បីធ្វើការពិនិត្យឡើងវិញ និងសម្រេចឲ្យមានការរុករកដីដែលជាដីសម្បទានដែលកើតមានឡើងភាពមិនប្រក្រតីដែលមានតន្ត្រីមានអំណាចខ្លះលូកដៃចូលក្នុងរឿងនេះ ហើយលោកសម្រេចមិនឱ្យមានដីសម្បទានសេដ្ឋកិច្ចនោះទេ ទុកដីជាដីរដ្ឋដើម្បីរៀបចំជាដីសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋវិញ។

រឿងមួយទៀតគឺពាក់ព័ន្ធទៅនឹងដីនៅភ្នំដោះក្រមុំនៅខេត្តមណ្ឌលគិរី ដែលជាការលើកឡើងរបស់គណបក្សជនជាតិដើមប្រជាធិបតេយ្យ ដែលសូមឱ្យលោកជួយការពារនៅតំបន់ដែលជាវប្បធម៌ជនជាតិដើម។ តាមការពិតដីនោះ គឺមាន ស.ជ.ណ រួចទៅហើយ ប៉ុន្តែបញ្ហាគឺមិនបានអនុវត្តឱ្យមានប្រសិទ្ធភាព ដូច្នេះលោកបានបញ្ជាឲ្យគណៈអភិបាលខេត្តមណ្ឌលគិរី និងស្ថាប័នពាក់ព័ន្ធត្រូវទប់ស្កាត់ជាបន្ទាន់មិនអនុញ្ញាតឲ្យបុគ្គលណាទៅទន្ទ្រានដីនៅភ្នំដោះក្រមុំនោះទេ។
ពាក់ព័ន្ធទៅនឹងការរំលេចអំពីទំនាស់ដីធ្លីដោយប្រតិភូគណបក្សលើកឡើងជាការ សបញ្ជាក់ថាប្រតិភូគណបក្សទាំងអស់ពុំមើលឃើញនូវចំនុចអាក្រក់ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍប្រទេសនោះទេ គឺមើលឃើញបញ្ហាដែលមានទំនាស់។ ផ្ទុយទៅវិញតាមរយៈការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះគឺជាការអនុវត្តដ៏ល្អដើម្បីរួមចំណែកក្នុងការមតិយោបល់កែលំអដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែវិវឌ្ឍរីកចម្រើន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា សមាជិកឧត្តមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់គឺមានអំណាច ដែលមានលទ្ធភាពច្រើនជាសមាជិករដ្ឋសភា និងព្រឹទ្ធសភាទៅទៀត ហើយលោកបានពន្យល់អំពីអំណាចមិនមែនសំដៅត្រង់ថាធ្វើអ្វីឲ្យចេញនិងបាននោះទេ សំខាន់នៅពេលដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់លើកឡើងពីបញ្ហាហើយត្រូវបាននាយករដ្ឋមន្ត្រីបានទទួលយក ហើយបញ្ជានិងចាត់ចែងដោយឲ្យអនុវត្តរឿងដែលបានកើតមានឡើងដើម្បីធ្វើការកែលម្អឱ្យមានប្រសិទ្ធភាព។ នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ដែលត្រូវចំណាយពេលប្រមាណជាង៦ម៉ោងនោះ ក៏មានប្រធានបទ និងបញ្ហាជាច្រើនទៀតដែលលើកឡើងដោយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ហើយបញ្ហាទាំងអស់នោះត្រូវបានលោកនាយករដ្ឋមន្ត្រីទទួលយក និងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត៕

អត្ថបទទាក់ទង