ខ្មែរប៉ុស្ដិ៍ Close

សម រង្ស៊ី និង កឹម សុខា ជាសម្ព័ន្ធមិត្តក្រមួនត្រូវថ្ងៃ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1180
សម រង្ស៊ី និង កឹម សុខា ជាសម្ព័ន្ធមិត្តក្រមួនត្រូវថ្ងៃសម រង្ស៊ី និង កឹម សុខា ជាសម្ព័ន្ធមិត្តក្រមួនត្រូវថ្ងៃ

ទីបំផុតលោក សម រង្ស៊ី បានសម្រេចដកខ្លួនចេញពីការភ្នាល់ជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើករណីនៃការជាប់ឃុំរបស់លោក កឹម សុខា ហើយបានប្រកាសបញ្ជាក់ច្បាស់ថានឹងមិនវិលត្រឡប់ចូលស្រុកតាមកិច្ចសន្យាភ្នាល់ដ៏ល្ងង់ខ្លៅបំផុតក្នុងជីវិតនយោបាយបរាជ័យលើបរាជ័យរបស់គាត់ជាច្រើនលើក។ ការសម្រេចមិនវិលត្រឡប់វិញ តាមកិច្ចសន្យារបស់លោក សម រង្ស៊ី ពិតជាបាននិងកំពុងបង្កើតឱ្យមានការលែងជឿទុកចិត្ត និងអស់សង្ឃឹមពីអ្នកគាំទ្ររបស់ខ្លួនទាំងក្នុងនិងក្រៅប្រទេសមួយភាគធំ ពិសេសពីអតីតថ្នាក់ដឹកនាំមួយចំនួនធំដែលខ្លាចការគំរាម ការដាក់រនាំងបិទសិទ្ធិនយោបាយ និងការជាប់ជាចំណាប់ខ្មាំងរបស់លោក សម រង្ស៊ី និងបក្ខពួក ហើយក្រុម កឹម សុខា និយមបានកំពុងស្វែងរកច្រកចេញដោយខ្លួនឯងដោយមិនបាច់ចាញ់បោកលោក សម រង្ស៊ី និងបក្ខពួករបស់គាត់ទៀតឡើយ។

ជាការពិត ចាប់តាំងពីដំបូងមកម្ល៉េះ យើងបានដឹងច្បាស់ថា សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែ១ គឺគ្រាន់តែជាសម្ព័ន្ធមិត្តក្រមួនប៉ុណ្ណោះ វាគង់តែនឹងរលាយនៅពេលត្រូវថ្ងៃ។ ចាប់ពីពេលនេះតទៅក្រុម កឹម សុខានិយម បាននិងកំពុងរើបំរាស់ ដើម្បីតតាំងនឹងភាពអគុណធម៌ អសីលធម៌ និងការប្រមាថ ព្រមទាំងអំពើក្បត់យ៉ាងគឃ្លើនរបស់លោក សម រង្ស៊ី និងបក្ខពួករបស់គាត់។ យើងបានដឹងតាំងពីដំបូងដែលលោកប្រធាន កឹម សុខា បានចាត់ទុកលោក សម រង្ស៊ីថា ជាមនុស្សដែលមិនអាចយកធ្វើជាដៃគូនយោបាយបានឡើយ ពីព្រោះ គាត់ជាមនុស្សដែលបានក្បត់ចិត្តអ្នកគាំទ្រ និងក្បត់ការជឿទុកចិត្តអ្នកគាំទ្រដែលថា សម រង្ស៊ី នឹងវិលចូលស្រុកវិញតាមកិច្ចសន្យា ក៏ប៉ុន្តែទីបំផុត លោក សម រង្ស៊ី បានក្រឡាស់សំដី ហើយបានបង្ហាញច្បាស់ថា លោក សម រង្ស៊ី បានយកលោកប្រធាន កឹម សុខា ធ្វើជាល្បែងភ្នាល់ដោយអគុណធម៌ អសីលធម៌ និងជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដែលបានធើ្វឱ្យក្រុម កឹម សុខា និយម ទាំងមូលបានទទួលការឈឺចាប់ក្នុងចិត្តបំផុត។

ហើយចុងក្រោយនៅឯនាយសមុទ្រវិញលោក សម រង្ស៊ី និងបក្ខពួកបានលួចកែប្រែ និងរៀបចំរចនាសម្ព័ន្ធបក្សថ្មីដោយគ្មានការឯកភាពពីលោក កឹម សុខា ហើយបានទាត់ចោលក្រុម កឹម សុខានិយមទាំងស្រុង ដែលបានបង្ហាញច្បាស់ថា លោក សម រង្ស៊ី និងបក្ខពួកគាត់មិនខ្ចីខ្វល់ពីអ្នកណាក្រៅពីបក្ខពួកខ្លួនឯងឡើយ។ ឥឡូវនេះ លោក សម រង្ស៊ី ល្មមដល់ពេលដែលក្រុម កឹម សុខា ត្រូវលែងមានភក្តីភាព លែងទុកចិត្តបានទៀតឡើយ។ ហើយក្រុម កឹម សុខា និយមកន្លងមកធ្លាប់បានគាំទ្រសម្ព័ន្ធមិត្តនេះ ឥឡូវនេះ ក្រុម កឹម សុខា និយមទាំងអស់នឹងចេញតស៊ូដើម្បីការពារមុខមាត់ កិត្តិយសរបស់លោកប្រធាន កឹម សុខា ឡើងវិញ និងរកផ្លូវដើរដោយខ្លួនឯង ដូចដែលក្រុម កឹម សុខា និយមធ្លាប់បានធ្វើកាលពីនៅគណបក្សសិទ្ធិមនុស្ស។

កន្លងមក លោក សម រង្ស៊ី និងបក្ខពួកបានយកសម្ព័ន្ធមិត្តរវាងលោកប្រធាន កឹម សុខា និងលោក សម រង្ស៊ី ធ្វើជាខែល ក្រោមពាក្យស្លោកដ៏ល្វីងជូរចត់ថា លោកប្រធាន កឹម សុខា និងសម រង្ស៊ី ជាមនុស្សតែមួយ ក៏ប៉ុន្តែជាក់ស្តែងក្រុម កឹម សុខានិយម លែងជឿទៀតហើយដែលមាត់របស់លោក សម រង្ស៊ី ថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ តែធាតុពិត សម រង្ស៊ី និងបក្ខពួកបានរៀបចំបក្ខពួកខ្លួន ក្នុងរចនាសម្ព័ន្ធបក្សថ្មី ដោយគ្មានការឯកភាពពីលោក កឹម សុខា ខណៈពេលដែលលោកប្រធាន កឹម សុខា កំពុងជាប់ឃុំ។ ពិសេសក្រុមលោក សម រង្ស៊ី បានបន្តវាយប្រហារក្រុមលោក កឹម សុខា ថា ជាមនុស្សបង្កប់របស់បក្សប្រជាជន និងជាមនុស្សក្បត់បក្ស ដោយបានធ្វើការលាបពណ៌គ្រប់បែបយ៉ាង ហើយក៏ជាការប្រមាថយ៉ាងធ្ងន់ធ្ងរមកលើក្រុមលោកប្រធាន កឹម សុខា យ៉ាងអយុត្តិធម៌ជាទីបំផុត។

ចុងក្រោយ ការសម្រេចក្រឡាស់សំដី មិនវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី បាននិងកំពុងបង្កើតឱ្យមានចរន្តស្វែងរកច្រកចេញរបស់ក្រុមកឹម សុខានិយម ពេលដែលក្រុម កឹម សុខា និយមបានមើលឃើញអំពើអគុណធម៌ និងភាពក្បត់យ៉ាងគឃ្លើនរបស់ សម រង្ស៊ី តាំងពីមានការដណ្តើមយកប្រធានបក្សខ្មោចកន្លងទៅ និងការលួចកែប្រែ និងរៀបចំរចនាសម្ព័ន្ធបក្សថ្មីនៅឯនាយសមុទ្រដោយគ្មានការឯកភាពពីលោកប្រធានកឹម សុខា។

ហើយពាក្យស្លោក សម រង្ស៊ី និង កឹម សុខា ជាមួយមនុស្សតែ១ គឺគ្រាន់តែជាពាក្យស្លែងល្វីងជូរចត់ ដែលផ្ទុយពីទង្វើរជាក់ស្តែងរបស់ សម រង្ស៊ី និងបក្ខពួក ដែលបាននិងកំពុងធ្វើយ៉ាងអាក្រក់មកលើក្រុមលោកប្រធាន កឹម សុខា នៅឯនាយសមុទ្រ ក៏ដូចអ្នកដែលគាំទ្រនៅក្នុងប្រទេស ហើយអ្វីទាំងអស់គេបានដឹងច្បាស់ថា សម រង្ស៊ី និងបក្ខពួករបស់គាត់ គឺជាអ្នកបំបែកដោយខ្លួនឯង ហើយទីបំផុតសម្ព័ន្ធមិត្តរវាងលោកប្រធានកឹម សុខា និងសម រង្ស៊ី គឺប្រាកដយ៉ាងច្បាស់ថា វាគ្រាន់តែជាសម្ព័ន្ធមិត្តក្រមួនត្រូវថ្ងៃប៉ុណ្ណោះ ដែលលោក សម រង្ស៊ី និងបក្ខពួក គឺជាអ្នកបំបែក ហើយដែលក្រុមកឹម សុខា មិនអាចនៅស្ងៀម និងលែងទ្រាំបានទៀតឡើយ។ ផ្លូវដែលបែកគង់តែបែក ចិត្តលែងភក្តី ក៏លែងជាសម្ព័ន្ធដោយស្មោះត្រង់បានទៀតដែរ៕

ដោយ៖ សកម្មជនកឹម សុខានិយម ពីខេត្តកំពង់ចាម

អត្ថបទទាក់ទង