ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សូមកុំឱ្យរឿងឈឺចាប់កើតឡើងលើទឹកដីកម្ពុជាបន្តទៀត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 47
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សូមកុំឱ្យរឿងឈឺចាប់កើតឡើងលើទឹកដីកម្ពុជាបន្តទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សូមកុំឱ្យរឿងឈឺចាប់កើតឡើងលើទឹកដីកម្ពុជាបន្តទៀត

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ជាថ្ងៃខួប៤០ឆ្នាំ នៃការជួបគ្នាឡើងវិញរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានដួលរលំ។

នៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរនូវអត្ថបទមួយ រំលឹកពីការឈឺចាប់ វេទនានិរាសព្រាត់ប្រាស់បែកប្រពន្ធកូន និងស្នើសូមកុំឲ្យរឿងឈឺចាប់កើតឡើងលើទឹកដីកម្ពុជាតទៅទៀត នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក

ខាងក្រោមនេះជាអត្ថបទទាំងស្រុងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖

ថ្ងៃនេះ គឺជាខួប៤០ឆ្នាំ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំ និងភរិយាខ្ញុំ (២៤ កុម្ភៈ ១៩៧៩ – ២៤ កុម្ភៈ ២០១៩)។

កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយ លើការជួបហើយព្រាត់ និងព្រាត់ហើយជួប។ លើកនេះ ខ្ញុំខិតខំសរសេរបំពេញបន្ថែម នូវរឿងរ៉ាវបន្ទាប់ពីកូនប្រុសកំសត់បានស្លាប់ យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ហើយដែលខ្ញុំបានសរសេរ នូវអត្ថបទមួយមានចំណងជើងថា «ការឈឺចាប់ដែលមិនអាចបំភ្លេចបាន»។

ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាត ពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់ និងនៅថែទាំភរិយា ដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេបញ្ជាការរូបនេះ ទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើងសម្រាក និងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀល យើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។

ក្នុងពេលធ្វើដំណើរ ខ្ញុំបានខិតខំសុំមេបញ្ជាការរូបនេះជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែភរិយារបស់ខ្ញុំ។ តែសំណើរដដែល ចម្លើយក៏ដដែលដែរ ដែលធ្វើឲ្យខ្ញុំស្ទើរតែទ្រាំលែងបានបំរុងដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះ ប៉ុន្តែការអត់ធ្មត់ គឺជារឿងចាំបាច់ ដើម្បីធានាដល់ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយដែលខ្លួន បានរៀបចំបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ។

ម៉ោងប្រមាណជាង៤ល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ពេលម៉ូតូមកដល់មន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិនចាំបាច់សុំច្បាប់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរទៅបន្ទប់ដែលភរិយាខ្ញុំសម្រាក ពិនិត្យឃើញ រ៉ានី ហើមខ្លួន។ ដោយសារ រ៉ានី ជាគ្រូពេទ្យឆ្មបស្រាប់ គាត់បានប្រាប់ខ្ញុំថា អាចនៅសល់សុកដែលពេទ្យទម្លាក់មិនអស់។

ពីរនាក់ប្តីប្រពន្ធយើង ពុំមានអ្វីក្រៅពីមើលមុខគ្នាដោយទឹកភ្នែកនោះទេ គឺទឹកភ្នែកអាណិត និងស្តាយកូនដែលស្លាប់ទៅ ទឹកភ្នែកដែលមិនបាននៅថែទាំភរិយាដែលទើបឆ្លងទន្លេ តែ រ៉ានី ហាក់ដូចរឹងប៉ឹងជាងខ្ញុំ និងយល់ពីការងារដែលខ្ញុំត្រូវធ្វើទោះជាខ្ញុំមិនដែលប្រាប់នាងក៏ដោយ។

ខ្ញុំចាកចេញទាំងទឹកភ្នែក ហើយក៏មិនបានសួររកទីកន្លែង ដែលគេកប់សាកសពកូនខ្ញុំដែរ។ ពេលត្រឡប់ទៅដល់អង្គភាពវិញ ខ្ញុំក៏បានយករឿងនេះ ជំរាបទៅប្រធាននយោបាយ នៃអង្គភាពដែលគាត់ជាមនុស្សចិត្តបុណ្យម្នាក់។ គាត់បានអនុញ្ញាតឲ្យខ្ញុំយក រ៉ានី ទៅព្យាបាលនៅអង្គភាពដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ (ពេលនោះគេបង្កើតជាស្រុកត្រមូង)។ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំខិតខំទៅកាន់មន្ទីរពេទ្យតាំងពីមេឃមិនទាន់ភ្លឺ ដើម្បីនាំយក រ៉ានី មកកាន់អង្គភាព។ ពិតជាសំណាងសម្រាប់ រ៉ានី ដែលខ្ញុំបាននាំនាងមកឲ្យឆ្មបបុរាណកាយទម្លាក់សុកចេញទាន់ពេល បើពុំនោះទេនឹងទៅជាក្រឡាភ្លើង និងឈានដល់ស្លាប់មិនខាន។

ពេលនោះ ទោះបីជាលំបាក តែខ្ញុំបានមើលថែទាំ រ៉ានី ដោយផ្ទាល់ដៃ។ ខ្ញុំមើលថែទាំ និងបំរើ រ៉ានី ដូចថែទាំម្តាយចាស់ មិនត្រឹមតែបាយទឹកទេ សូម្បីតែសម្លៀកបំពាក់ក៏ខ្ញុំត្រូវបោកគក់ជូនគាត់ដែរ។ ខ្ញុំបានបំពេញមុខងារជាប្តីយ៉ាងពិតប្រាកដ។ ខ្ញុំក្លាយជាអ្នកចេះផ្សំថ្នាំខ្មែរ ដើម្បីសុខភាពរបស់ភរិយា។ អ្វីៗគ្រប់យ៉ាងខ្ញុំ ត្រូវធ្វើដោយផ្ទាល់ដៃប្រហែលជាងកន្លះខែ។ ខ្ញុំតែងលួចយំអាណិតប្រពន្ធ ដែលខំមកតាមប្តីដោយលំបាកវេទនា តែខ្ញុំមិនចង់ឃើញទឹកភ្នែក រ៉ានី ទេ ដូចនេះបានជាខ្ញុំមិននាំគាត់និយាយ ឬរំលឹកពីរឿងកូនស្លាប់ ឬរឿងណាដែលមិនសប្បាយចិត្តនោះឡើយ។

ទោះបីជាជួបការលំបាក តែនេះជាលើកដំបូង ដែលខ្ញុំបានរស់នៅជាមួយ រ៉ានី លើសពីមួយសប្តាហ៍ បន្ទាប់ពីរៀបការហើយ។ មកដល់ ខែមករា ឆ្នាំ ១៩៧៧ រ៉ានី មានផ្ទៃពោះសារជាថ្មីម្តងទៀត ដែលខុសជាមួយបំណងប្រាថ្នារបស់ខ្ញុំ ព្រោះមិនគួរមានកូនក្នុងកាលៈទេសៈបែបនេះទេ។ ខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីវាយពួក ប៉ុល ពត ក្នុងពេលដែលភរិយាមានផ្ទៃពោះ ប្រសិនជាការប្រយុទ្ធកើតឡើង តើប្រពន្ធ និងកូនរបស់ខ្ញុំទៅជាយ៉ាងណា? ខ្ញុំចង់រស់នៅជាមួយភរិយាខ្ញុំ តែខ្ញុំមិនចង់ឃើញភរិយា និងកូនខ្ញុំមានគ្រោះថ្នាក់ នៅពេលមានការប្រយុទ្ធកើតឡើង។ ខ្ញុំបានទៅសុំប្រធាននយោបាយអង្គភាព ដើម្បីបញ្ជូន រ៉ានី ទៅធ្វើការនៅមន្ទីរពេទ្យកងទ័ព ដែលមានទីតាំងនៅ ភូមិសំរោង ឃុំដារ ស្រុកមេមត់ ឃ្លាតពីអង្គភាពខ្ញុំជាង ៣០គីឡូម៉ែត្រ។

បែកគ្នាលើកមុនៗ ត្រូវបានអង្គការជាអ្នកបំបែក តែបែកគ្នាលើកនេះ ខ្ញុំជាអ្នករៀបចំដោយខ្លួនឯង ដើម្បីត្រៀមលក្ខណៈសម្បត្តិវាយពួកបនប្រល័យពូជសាសន៍ ប៉ុល ពត។ ខ្ញុំជួប រ៉ានី ចុងក្រោយ គឺថ្ងៃ១៨ ខែ មិថុនា ឆ្នាំ១៩៧៧ គឺមុន២ថ្ងៃ ដែលខ្ញុំចាកចេញ ដើម្បីដឹកនាំចលនាតស៊ូវាយពួក ប៉ុល ពត។ ខ្ញុំបានសម្រេចចិត្តច្បាស់លាស់ហើយ តែខ្ញុំមិននិយាយប្រាប់ រ៉ានី នោះទេ។ ការមិននិយាយប្រាប់ មិនមានន័យថា ខ្ញុំមិនទុកចិត្តភរិយាខ្ញុំនោះឡើយ តែបញ្ហាសំខាន់ គឺខ្ញុំមិនចង់ឃើញទឹកភ្នែកភរិយាខ្ញុំហូរស្រក់មក មិនចង់ឲ្យភរិយាខ្ញុំ ទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តភ្លាមៗ សម្រាប់រឿងមួយដែលមិនទាន់ បានកើតឡើងនៅឡើយនោះទេ។

មុនពេលចាកចេញ ខ្ញុំមិនសម្រក់ទឹកភ្នែកឲ្យ រ៉ានីឃើញនោះដែរ។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាថ្ងៃដែលលំបាកបំផុតសម្រាប់ខ្ញុំ ហើយក៏ជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជីវិតប្រជាជនកម្ពុជា។ ម៉ោងប្រហែល ២រសៀល បន្ទាប់ពីបញ្ជាឲ្យកងទ័ពបើកជង្រុកស្រូវ ដើម្បីដាំបាយទទួលទាន ខ្ញុំបានអង្គុយសរសេរលិខិតផ្ញើឱ្យ រ៉ានី។ ការចាប់ផ្តើមនៃលិខិត ពិតជាលំបាករកពាក្យសរសេរ ដែលទីបំផុតខ្ញុំបានប្រើពាក្យថា «មកដល់ រ៉ានី ប្រពន្ធដ៏កំសត់របស់បង នៅពេលដែលអូនអានលិខិតនេះ រូបបងនៅសែនឆ្ងាយ ឆ្ងាយរហូតដល់រូបបងមិនដឹងថា ខ្លួននៅកន្លែងណាផងទេ»។ រឿងដែលពិបាក តើត្រូវប្រាប់ រ៉ានី ថាខ្ញុំនៅទីណា? ព្រោះគ្មានអ្វីច្បាស់ទេ សម្រាប់ជីវិតខ្ញុំនាពេលនោះ។ សរសេរលិខិតរួច ត្រូវគេបាញ់សម្លាប់? ឬ សរសេរលិខិតរួច ត្រូវធ្វើការប្រយុទ្ធ? យើងចង់ទៅទិសខាងកើត តែសភាពការណ៍បង្ខំឲ្យមកទិសខាងលិចវិញ។ ខ្ញុំសរសេរផងយំផង រហូតស្រវាំងភ្នែក ទម្រាំបានលិខិតមួយច្បាប់ចំណាយពេលប្រមាណ ២ម៉ោង។

ខ្ញុំចង់រំលឹកដល់អភូតហេតុមួយ ដែលបានកើតឡើងនាល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នោះ។ ម៉ោងប្រហែល ៤ល្ងាច បន្ទាប់ពីប្រគល់លិខិត និងសំភារៈមួយចំនួន តាមរយៈនិរសារខ្ញុំឈ្មោះ នឿន (ពេលនេះជាឧត្តមសេនីយ៍ត្រី នៃបញ្ជាការដ្ឋានអង្គរក្ស) ដើម្បីបញ្ជូនទៅឲ្យភរិយាខ្ញុំ។ ខ្ញុំក៏សម្រាកលង់លក់ ដើម្បីរង់ចាំមិត្តខ្ញុំ ៤នាក់ទៀត។ ខ្ញុំភ្ញាក់ឡើងម៉ោង ៨យប់ទៅហើយ ខ្ញុំក្រោកអង្គុយយកដែកកេះដុតចង្កៀងប្រេងកាត ពេលចង្កៀងឆេះ ស្រាប់តែឮសម្លេងមនុស្សស្រែកចេញពីដើមជ្រៃ ដែលមានខ្ទមអ្នកតានៅនឹងគល់ហ្នឹង គឺនៅឃ្លាតពីផ្ទះខ្ញុំប្រហែល ៣០ម៉ែត្រ។

សម្លេងមនុស្សប្រុសវ័យចំណាស់ស្រែកខ្លាំងៗថា «ចេញភ្លាមទៅ ចេញឲ្យឆាប់» ស្រែកច្រើនដង និងខ្លាំងៗស្ទើរបែកក្រដាស់ត្រចៀក។ បន្ទាប់ពីសម្លេងស្រែកចប់ភ្លើងចម្រុះពណ៍មករុំខ្លួនខ្ញុំជុំជិត ខ្ញុំស្រែកស្ទើរភ្លាត់សម្លេង ឱ្យអ្នកនៅខាងក្រៅផ្ទះចូលមកជួយ។ នៅពេលយុទ្ធជន ៣នាក់ចូលមក ខ្ញុំសួរពួកគេថាអ្នកណាស្រែក? ហើយមានឃើញភ្លើងក្នុងផ្ទះ ឬទេ? ពួកគេទាំង ៣នាក់ឆ្លើយស្រុះគ្នាថា មិនឮ និងមិនឃើញអ្វីទាំងអស់។ ខ្ញុំព្រឺក្បាល ហើយគិតក្នុងចិត្តថា បារមីតាមថែទាំខ្ញុំ ប្រាប់ឲ្យខ្ញុំចាកចេញហើយ។

ខ្ញុំសូមជំរាបថា ដើមជ្រៃដ៏ធំដែលមានខ្ទមអ្នកតានៅនឹងគល់ ធ្លាប់ឲ្យខ្ញុំឃើញ ២លើករួចមកហើយ។ លើកទី១ នៅចុងឆ្នាំ១៩៧៥ ខ្ញុំដេកយល់សប្តិឃើញបុរសចំណាស់ម្នាក់ យកសារ៉ុងសូត្រថ្មីយ៉ាងស្អាតមកឲ្យខ្ញុំ (ជំនឿមនុស្សខ្លះយល់សប្តិ បានសារ៉ុងសូត្រ គឺនឹងមានប្រពន្ធ) មិនបានប៉ុន្មានថ្ងៃផង ខ្ញុំរៀបការជាមួយ រ៉ានី។ លើកទី២ ភ្លើងហោះចេញពីដើមជ្រៃកាត់ដំបូលផ្ទះខ្ញុំ ជះពន្លឺចូលក្នុងផ្ទះ ពេលយប់នោះ ហើយដែល រ៉ានី ក្អូតចង្អោរចាញ់កូននៅ ខែមករា ឆ្នាំ១៩៧៧ គឺកំណើត ម៉ាណែត នេះហើយ។

ការព្រាត់គ្នានាថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺជាការព្រាត់គ្នា ដោយមានសង្ឃឹមតិចតួចណាស់ថានឹងបានជួបវិញ។ ទឹកភ្នែករាប់ម៉ឺនសែនលានដំណក់ហូរ មកជាមួយការឈឺចាប់ ដែលមិនអាចរៀបរាប់បាន តែទឹកភ្នែកនេះហើយដែលជួយពង្រឹងស្មារតី ខ្ញុំឱ្យប្រឹងតស៊ូដើម្បីការរស់រានមានជីវិត របស់ប្រជាជនកម្ពុជា។ (ប្រវត្តិទាក់ទងនឹងការតស៊ូរំដោះជាតិ មានឯកសារច្រើនហើយ មិនមានការចាំបាច់ដើម្បីខ្ញុំសរសេរ នៅក្នុងអត្ថបទទាក់ទងនឹងការជួបជុំគ្នាឡើងវិញ រវាងខ្ញុំ និងភរិយាខ្ញុំនោះទេ)។

តាំងពីបែកគ្នានាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ ខ្ញុំមិនដែលទទួលព័ត៌មានអំពីភរិយាខ្ញុំទេ ហើយប្រសិនបើបានទទួលវិញ គឺសុទ្ធតែបញ្ជាក់ថា ភរិយាខ្ញុំបានស្លាប់បាត់ទៅហើយ។ តាំងពីថ្ងៃបែកគ្នាមក ខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយកាន់តែជឿថា ភរិយាខ្ញុំស្លាប់បាត់ទៅហើយ នោះគឺក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រយៈពេលជាង១ខែ ខ្ញុំមិនអាចស្វែងរកឃើញ ឬមានព័ត៌មានពីប្រពន្ធ ឬឪពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ គឺបាត់ទាំងពូជតែម្តង។

មានរឿងមួយដែលខ្ញុំគួររំលឹកនោះគឺ នៅប្រហែលពាក់កណ្តាលខែកុម្ភៈ ឆ្នាំ១៩៧៩ ខ្ញុំយល់សប្តិឃើញ រ៉ានី ភរិយាខ្ញុំនៅម្ខាងព្រែកដែលមានទឹកជ្រៅមិនអាចដើរមករកគ្នាបាន ខ្ញុំកំពុងតែទៅរកទូកដើម្បីអុំទៅយក រ៉ានី ស្រាប់តែនាឡិការោទ៍ឡើង នៅម៉ោង ៥ភ្លឺ ធ្វើឲ្យខ្ញុំភ្ញាក់ពីដេកដាច់យល់សប្តិអស់។ ខ្ញុំភ្ញាក់ឡើង ខ្ញុំអង្គុយយំ ហើយក៏មិនអាចរកការពន្យល់ពីការយល់សប្តិនេះថា រ៉ានី នៅរស់ ឬស្លាប់។

ការសប្បាយរីករាយសំរាប់ការរំដោះប្រជាជនចេញពីរបប ប៉ុល ពត មិនទាន់បានបញ្ចប់ទឹកភ្នែកខ្ញុំនៅឡើយ។ ប្រសិនបើប្រពន្ធខ្ញុំស្លាប់ តើគាត់ស្លាប់នៅទីណា? ស្លាប់ដោយជម្ងឺ ឬស្លាប់ដោយគេសម្លាប់? ហើយតើកូនរបស់ខ្ញុំគេកើតមុនពេលភរិយាខ្ញុំស្លាប់? ឬស្លាប់ទាំងមានផ្ទៃពោះ? ប្រសិនកូនខ្ញុំកើតហើយ តើគេប្រុស ឬស្រី? តើគេនៅរស់ ឬស្លាប់? ប្រសិនបើកូនខ្ញុំនៅរស់តើគេនៅទីណា? សំនួរជាច្រើនបានធ្វើឲ្យខ្ញុំហូរទឹកភ្នែកដោយការឈឺចាប់។

ល្ងាចថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ១៩៧៩ ខ្ញុំកំពុងធ្វើការនៅក្រសួងការបរទេស នៅមាត់ទន្លេ ស្រាប់តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង បានទៅប្រាប់ខ្ញុំថា ប្រពន្ធ និងកូនព្រមទាំងប្អូនស្រីខ្ញុំមកដល់ផ្ទះហើយ។ ខ្ញុំមិនជឿទាល់តែសោះ ព្រោះករណីបែបនេះ មាន២លើករួចមកហើយ។ លើកទី១ មានស្ត្រីអាយុប្រហែលម្តាយខ្ញុំ បានមកជួបខ្ញុំហើយប្រាប់ខ្ញុំថា គាត់ជាប្រពន្ធតារដ្ឋមន្ត្រីការបរទេស។ គាត់ប្រើខ្ញុំឱ្យទៅហៅប្តីគាត់មកជួបគាត់។ តាមពិតគាត់ច្រឡំ ព្រោះប្តីគាត់មានឈ្មោះដូចខ្ញុំដែរ។ លើកទី២ នៅក្រសួងការបរទេស ស្ត្រីម្នាក់ទៀតក៏ទៅរកប្តីគាត់ដែរ។ ខ្ញុំមកជួបគាត់ គាត់ហៅខ្ញុំថាក្មួយ ហើយសុំចូលទៅជួបរដ្ឋមន្ត្រី។ ពេលនោះខ្ញុំប្រាប់គាត់ថាខ្ញុំណ្ណឹងហើយជារដ្ឋមន្ត្រី គាត់ខឹងខ្ញុំយ៉ាងខ្លាំង ហើយស្រែកឡូឡាទាល់តែខ្ញុំបើកឡានចេញពីក្រសួង មិនដឹងថាគាត់ទៅណាទៀតទេ។ ដោយសារមានរឿងមិនពិតរួមផ្សំថា មានទាំងកូន និងប្អូនទៀតខ្ញុំអត់ជឿតែម្តង។ តែយ៉ាងណា នៅម៉ោងប្រមាណ ៥ល្ងាចហើយ ខ្ញុំក៏មកផ្ទះ។

ជារឿងរំភើបណាស់ ចុះពីលើឡានភ្លាមខ្ញុំក្រឡេកឃើញ រ៉ានី ប្រពន្ធខ្ញុំមុនគេ បន្ទាប់ទៅឃើញប្អូនស្រីខ្ញុំ និងក្មេងប្រុសម្នាក់។ ប្រពន្ធខ្ញុំប្រាប់ខ្ញុំទាំងទឹកភ្នែកថា នេះហើយជាកូនប្រុសយើង ខ្ញុំខំទៅស្រវាពរកូន តែកូននេះបែរជាគេចចេញទៅឱបម្តាយហើយស្រែកយំ។ តាមពិតភរិយាខ្ញុំ និងក្រុមគ្រួសារបានសម្ងំលាក់ខ្លួន មករើសគួរស្រូវនៅស្រុកត្បូងឃ្មុំ ព្រោះសភាពការណ៍ពេលនោះ ច្របូកច្របល់ពេក មិនទាន់ហ៊ានចេញមុខនៅឡើយ។ ភរិយាខ្ញុំបានទទួលដំណឹងថា ខ្ញុំនៅរស់ជារៀងរហូតមក តែដើម្បីសេចក្តីសុខ នាងសុខចិត្តលាក់ខ្លួនទ្រាំទ្រ ជាមួយការលំបាកមួយរយៈទៀត។ ការជួបជុំឡើងវិញរវាងខ្ញុំ និងភរិយាខ្ញុំ បានបញ្ចប់ស្ថានភាពពោះម៉ាយ និងមេម៉ាយ ដែលរូបខ្ញុំមានឈ្មោះជាបុរសពោះម៉ាយ ឯ រ៉ានី មានឈ្មោះថា ជាមេម៉ាយកូន១។

ម៉ាណែត កូនប្រុសខ្ញុំ ហៅខ្ញុំថាពូរយៈពេល ២ខែ ដោយសារតែគេមិនដែលមានឪពុកសម្រាប់ហៅ។ នៅពេល ម៉ាណែត ព្រមហៅខ្ញុំថា ពុកបានប៉ុន្មានថ្ងៃ ខ្ញុំ និងភរិយាមានរឿងអកុសលកើតឡើងម្តងទៀត គឺភរិយាខ្ញុំរលូតកូន។ នេះជាកំហុសរបស់ខ្ញុំ ដែលមិនបានរែកទឹកដាក់ពាង។ នៅភ្នំពេញពេលនោះ ពុំមានទឹកម៉ាស៊ីនប្រើប្រាស់ទេ។ យើងត្រូវរកធុងទៅអូសទឹកនៅទន្លេមេគង្គ ហើយយកមករក្សាទុកនៅពាងខាងក្រោមផ្ទះ និងត្រូវរកប៉ោតរែក ឬយួរមកចាក់ក្នុងពាងនៅបន្ទប់ទឹក។ ខ្ញុំតែងធ្វើកិច្ចការនេះជាប្រចាំ តែថ្ងៃមួយប្រញាប់ទៅធ្វើការមិនបានដងទឹកដាក់ពាង ប្រពន្ធខ្ញុំទៅខំយួរទឹកមកចាក់បំពេញពាង ទើបធ្វើឱ្យកូនជិត ២ខែនេះរលូត។ សោកដនាដកម្មគ្រួសារខ្ញុំគ្រាន់តែ ជាផ្នែកតូចមួយនៃទុក្ខសោករបស់ប្រជាជនទូទាំងប្រទេស ដែលក្រុមគ្រួសារភាគច្រើនលំបាកវេទនានិនាសព្រាត់ប្រាស់ លើសគ្រួសារខ្ញុំច្រើនដងទៅទៀត។ សូមកុំឲ្យរឿងឈឺចាប់កើតឡើងលើទឹកដីកម្ពុជាតទៅទៀត៕

អត្ថបទទាក់ទង