លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជួបមន្រ្តីនៃទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN)
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នេះ លោកបាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូអ្នកសម្រប សម្រួល UN ដឹកនាំដោយលោកជំទាវ PAULINE TAMESIS។ ក្នុងជំនួបនោះ លោកស្រី PAULINE TAMESIS បានគោរពជម្រាបជូនថា អង្គការសហប្រជា ជាតិ សូមសំដែងនូវការអបអរសាទរចំពោះការងារដែលបានអនុវត្តប្រចាំឆ្នាំកន្លងមក ជាពិសេស បានបញ្ជាក់ថាជំនួបរវាងប្រតិភូជាក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងរាជរដ្ឋាភិបាលមានការជួបគ្នាជារៀងរាល់១ឆ្នាំម្តង ដែលពេលនេះជាលើកទី៥ហើយ ដែលភ្នាក់ងារ (UN) បានចូលជួបប្រជុំជាមួយរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូនៃទីភ្នាក់ងារអង្គការសហប្រ ជាជាតិ (UN) បានលើកឡើងនូវចំណុចសំខាន់ៗ៣គឺ៖
- ១. ពាក់ព័ន្ធទៅនឹងកិច្ចគាំពារសង្គម
- ២. ទាក់ទងទៅនឹងទិន្នន័យសម្រាប់ការអភិវឌ្ឍ និង
- ៣. បញ្ហាការចូលរួមពិនិត្យរបាយការណ៍ថ្នាក់ជាតិលើការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាព នៅក្នុងទីក្រុងញ៉ូវយ៉ក (New York) នៅខែ៧ខាងមុខនេះ។
ពាក់ព័ន្ធទៅនឹងចំណុចទី១នៃកិច្ចគាំពារសង្គម គឺប្រតិភូនៃទីភ្នាក់ងារអង្គការសហប្រជាជាតិបានលើកឡើង ៣ចំណុចដែលពាក់ព័ន្ធគ្នា គឺ៖
- ទី១. ការសម្របសម្រួលរវាងស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការកសាងសមត្ថភាព។
- ទី២. គឺការគាំពារសង្គមនិងហិរញ្ញវត្ថុ និង
- ទី៣. គឺការងារសង្គមជាមួយនឹងការអនុវត្តប្រកបដោយសមភាព។
ចំពោះការងារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យក្រសួង៦ និងក្រុមប្រឹក្សា១ ធ្វើការបកស្រាយរួមមាន៖
- ១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ២. ក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
- ៣. ក្រសួងសុខាភិបាល
- ៤. ក្រសួងផែនការ
- ៥. ក្រសួងកិច្ចការនារី
- ៦. ក្រសួងសង្គមកិច្ច និង
- ៧. ក្រុមប្រឹក្សាស្ដារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។
ចំពោះចំណុចទី១ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានជម្រាបជូនប្រតិភូនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN)ពាក់ព័ន្ធនឹងកិច្ចគាំពារសង្គមថា កម្ពុជាកាលពីដើមឡើយគឺមានភាពក្រីក្ររហូតដល់ (១០០%) ឯណោះ ហើយក្រោយមកក៏មានការចាប់ផ្ដើមផ្ដល់នូវកិច្ចគាំពារសង្គមទៅដល់ស្ត្រីដែលមានផ្ទៃពោះ បន្ទាប់មកដល់ស្ត្រីដែលធ្វើការនៅតាមរោងចក្រនិងបន្ទាប់មកទៀតគឺទៅដល់ស្ត្រីដែលមានភាពក្រីក្រ ហើយក៏បានធ្វើការមួយចំនួនថែមទៀត រួមទាំងការកាត់បន្ថយថ្លៃអគ្គិសនី ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការជីកអណ្តូងទឹក ជីកស្រះទឹកជាដើម ដែលទាំងអស់នេះសុទ្ធសឹងតែជាការគាំពារសង្គម។ ចំណុចទី២ ទាក់ទងទៅនឹងទិន្នន័យសម្រាប់ការអភិវឌ្ឍ លោកនាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យក្រសួង ៤ធ្វើការបកស្រាយ រួមមាន៖
- ១. ក្រសួងផែនការ
- ២. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ៣. ក្រសួងកិច្ចការនារី
- ៤. ក្រសួងអប់រំយុវជន និងកីឡា។
ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជម្រាបជូនបញ្ហាពាក់ព័ន្ធទៅនឹងករណីនេះ ដែលប្រតិភូនៃទីភ្នាក់ងារអង្គការសហប្រជាជាតិបានស្នើ គឺធ្វើយ៉ាងណាដើម្បីបង្កើនថវិកាជាតិនិងពង្រឹងគុណភាពសមត្ថភាព។ ការងារទិន្នន័យសម្រាប់ការអភិវឌ្ឍនេះ លោក បានធ្វើការបកស្រាយថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានជំរុញក្នុងការបង្កើនថវិកាជាតិជាប្រចាំ ហើយសង្ឃឹមថានឹងឯកភាពបង្កើនថវិកាបន្ថែមទៀត។
ដោយឡែកពាក់ព័ន្ធទៅនឹងការពង្រឹងសមត្ថភាពវិញ លោកនាយករដ្ឋមន្ត្រី បានធ្វើការណែនាំធ្វើយ៉ាងណាឲ្យមានការជំរុញឲ្យមានការសិក្សានៅថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ផងដែរ ហើយត្រង់ចំនុចនេះ លោក ហង់ ជួនណារ៉ុន ក៏បានធ្វើការណែនាំទៅដល់ស្ថាប័នពាក់ព័ន្ធនានាដើម្បីអោយសាកលវិទ្យាធិការទាំងអស់ជំរុញការអប់រំរហូតដល់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។
ចំណុចទី៣ ពាក់ព័ន្ធនឹងកិច្ចចូលប្រជុំរបាយការណ៍ថ្នាក់ជាតិលើការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាពនេះ អង្គការសហប្រជាជាតិ បានស្នើឲ្យកម្ពុជាចូលរួមកិច្ចប្រជុំនៅទីក្រុងញ៉ូវយ៉ក (New York) នៅខែ៧ខាងមុខនេះ ហើយឲ្យមានការគាំទ្រដោយការចូលរួមពីស្ថាប័នពាក់ ព័ន្ធទាំងអស់។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យក្រសួងផែនការធ្វើការបកស្រាយ ដោយបានបន្ដថាកម្ពុជាបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកិច្ច ប្រជុំ នៅខែ៧ខាងមុខនេះ។ ដោយឡែក ដែល UN សុំឱ្យមានការគាំទ្រពីស្ថាប័នពាក់ព័ន្ធនានានោះ គឺលោកបានមានប្រសាសន៍ឆ្លើយតបថា សព្វថ្ងៃនេះរាល់ការងារទាំងអស់គឺមានការសម្របសម្រួលគ្នា ជាពិសេសមានការតចូលរួមពីឧត្តមក្រុមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជាផងដែរ៕