ខ្មែរប៉ុស្ដិ៍ Close

ជប៉ុន វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញវិធានការការពារ និងទាក់ទាញវិនិយោគឲ្យកាន់តែមានភាពល្អប្រសើរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44
ជប៉ុន វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញវិធានការការពារ និងទាក់ទាញវិនិយោគឲ្យកាន់តែមានភាពល្អប្រសើរ ជប៉ុន វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញវិធានការការពារ និងទាក់ទាញវិនិយោគឲ្យកាន់តែមានភាពល្អប្រសើរ

លោក ហ៊ីដេហ៊ីសា ហូរីណុអ៊ឺឈិ (Hidehisa HORINOUCHI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការជាក់ស្តែងនានា ដែលនឹងផ្តល់ផលជាវិជ្ជមាន ដល់ការវិនិយោគជប៉ុននៅកម្ពុជា ក៏ដូចជាទាក់ទាញការវិនិយោគជប៉ុនមកកម្ពុជាបន្ថែមទៀត។

ការវាយតម្លៃរបស់លោកឯកអគ្គរដ្ឋទូតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

កិច្ចប្រជុំនោះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានសកម្មភាពវិនិយោគនៅកម្ពុជា សរុបប្រមាណ១៥០រូប។

កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលផ្តល់ឱកាសឱ្យមានការពិភាក្សារវាងតំណាងស្ថាប័នរដ្ឋរបស់កម្ពុជា និងអ្នកវិនិយោគជប៉ុន ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ សំដៅកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពអំណោយផល។

លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែគាំទ្រកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាក់ស្តែងនាព្រឹកនេះ មានការចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការបន្តការគាំទ្ររបស់រដ្ឋាភិបាលជប៉ុន សម្រាប់អនុវត្តគម្រោងចំនួនពីរ ក្រោមឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណជាង៤៣លានដុល្លារអាមេរិក។

លោកក៏បានជម្រាប ជូនអង្គប្រជុំអំពីសាវតានៃការរៀបចំកិច្ចប្រជុំនេះ ដែលជាយន្តការមួយបង្កើតឡើង ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ លោកនាយករដ្ឋមន្ត្រី និងលោក ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។

លោក សុខ ចិន្តាសោភា បានជម្រាបជូនអង្គប្រជុំថា ដើម្បីលើកកម្ពស់សមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការមុតស្រួចប្រកបដោយភាពជាក់ស្តែង និងប្រាកដនិយមមួយចំនួនដូចជា ការបញ្ចុះថ្លៃអគ្គិសនី, ការរៀបចំប្រព័ន្ធអនឡាញ ក្នុងការបង្វិលសងអាករលើតម្លៃបន្ថែម, ការកាត់បន្ថយថ្លៃស្កែនកុងតឺន័រ និងការដាក់ឱ្យអនុវត្តនូវប្រកាស ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្ថែមពីលើវិធានការនានា ក្នុងកិច្ចសម្រួលពាណិជ្ជកម្មនាពេលថ្មីៗកន្លងទៅនេះ។

លោកបន្ថែមថា ទន្ទឹមនឹងនេះ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ រាជរដ្ឋាភិបាលកំពុងបញ្ចប់ការរៀបចំ ច្បាប់ថ្មីស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដោយគិតគូរបន្ថែមលើការផ្តល់ការលើកទឹកចិត្ត ប្រកបដោយភាពឆ្លាតវៃ និងការសម្រួលនីតិវិធី។

អង្គប្រជុំបានសាទរ ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការជាក់ស្តែងទាំងនេះ និងបានពិភាក្សាលើប្រធានបទនានា ដូចខាងក្រោម៖ ការទូទាត់ប្រាក់បំណាច់ អតីតភាពការងារជូនកម្មករ-និយោជិត, ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ, កាតព្វកិច្ចពន្ធរបស់សហគ្រាសពហុគម្រោង, ពន្ធបន្ថែមលើការបែងចែកភាគលាភ, កិច្ចសន្យាការពារបរិស្ថាន, ការបញ្ចេញទំនិញពីគយ, ការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម, ហេដ្ឋារចនាសម្ព័ន្ធឡូជិស្ទិក និងការកំណត់ប្រវែងនិងទម្ងន់ផ្ទុករបស់រថយន្តដឹកទំនិញ, និងប្រាក់ឈ្នួលគោលអប្បបរមា។

លោក ហ៊ីដេហ៊ីសា ហូរីណុអ៊ឺឈិ បានលើកឡើងថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ សម្រាប់ការដោះស្រាយរាល់បញ្ហានានា ទាក់ទងនឹងការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ក្នុងប្រទេសកម្ពុជា ហើយលោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជានិច្ចជាកាលតែងតែបានសហការយ៉ាងល្អ ក្នុងរៀបចំកិច្ចប្រជុំនេះ និងបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមានចំពោះក្ដីកង្វល់ និងសំណូមពររបស់អ្នកវិនិយោគជប៉ុន។

លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ និងបានស្នើឱ្យស្មារតីសហការដ៏ប្រពៃនេះ បន្តស្ថិតនៅជានិរន្តរ៍ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត នូវបរិយាកាសវិនិយោគ របស់កម្ពុជា និងចូលរួមចំណែកទាក់ទាញ ការវិនិយោគពីបរទេសបន្ថែមទៀត។

ជាមួយគ្នានេះដែរ លោកក៏បានជម្រាបជូនអង្គប្រជុំពីអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតម្រូវឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយភាគីពាក់ព័ន្ធ រៀបចំវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៨ នាថ្ងៃទី២៩ ខែមីនាខាងមុខ ដើម្បីពិភាក្សាបន្ថែមទៀតលើបញ្ហាទាក់ទងនឹងកំណែទម្រង់ដែលត្រូវប្រកាន់យកដើម្បីជំរុញល្បឿនកំណើនសេដ្ឋកិច្ច។

គួរកត់សម្គាល់ដែរថា ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន រហូតមកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ២.៥ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះគម្រោងវិនិយោគចំនួន៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស៕