ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការប្រើប្រាស់ពាក្យថាគេបំបែកខ្លួន ស្មើនឹងការបន្តុះបង្អាប់ខ្លួនឯង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 63
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការប្រើប្រាស់ពាក្យថាគេបំបែកខ្លួន ស្មើនឹងការបន្តុះបង្អាប់ខ្លួនឯង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការប្រើប្រាស់ពាក្យថាគេបំបែកខ្លួន ស្មើនឹងការបន្តុះបង្អាប់ខ្លួនឯង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំទៅក្រុមអតីតគណបក្សប្រឆាំងមួយចំនួនថា អ្នកមិនគួរប្រើភាសាថាគេបំបែកនោះទេ ព្រោះវាស្មើនឹងការបន្តុះបង្អាប់ខ្លួនឯងដូច្នោះដែរ។ លោកបានបន្តថា អ្នកតែងថាគណបក្សប្រជាជនកម្ពុជាជាអ្នកបំបែក ប្រសិនបើអ្នកមិនបែកទៅវាបានទៅហើយ ប៉ុន្តែរឿងរបស់អ្នក វាផ្តើមចេញពីការលាបពណ៌គ្នាទៅវិញទៅមក ដូចជាមេលាបពណ៌ឱ្យកូនចៅដែលធ្វើឱ្យគេឈឺចិត្ត។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួន ១,៥៧៨នាក់ ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការលើកឡើងថាមានការបំបែកបំបាក់ផ្ទៃក្នុងអតីតគណបក្សប្រឆាំងនោះ គឺជាការអន់បំផុតក្នុងនាមជាមេដឹកនាំដែលអាចឱ្យគេបំបែកបាននោះ ហើយលោកបានបន្តថា រាជរដ្ឋាភិបាលតែងតែគោរពតាមការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗជានិច្ច។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសូមផ្តាំដោយសុភាពរាបសារទៅអ្នកថា អ្នកគឺជាមនុស្សអន់បំផុតហើយក្នុងការធ្វើមេដឹកនាំហើយបណ្តោយឱ្យគេបំបែកបាន អ្នកគឺជាមនុស្សអន់បំផុត មិនអាចធ្វើជាមេដឹកនាំប្រទេស កុំថាឡើយធ្វើមេដឹកនាំប្រទេស សូម្បីតែធ្វើមេដឹកនាំគណបក្សនយោបាយមួយ ឬកូនក្លឹបសមាគមមួយ ក៏អ្នកឯងមិនអាចធ្វើទៅរួចដែរ»៕

អត្ថបទទាក់ទង