ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈវិភាគ៖ តើកម្ពុជាត្រូវប្រកាន់ជំហរបែបណា ជុំវិញប្រធានបទការព្យួរ EBA?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 36
ទស្សនៈវិភាគ៖ តើកម្ពុជាត្រូវប្រកាន់ជំហរបែបណា ជុំវិញប្រធានបទការព្យួរ EBA? ទស្សនៈវិភាគ៖ តើកម្ពុជាត្រូវប្រកាន់ជំហរបែបណា ជុំវិញប្រធានបទការព្យួរ EBA?

ព័ត៌មានបន្ទរ បែបបំភ័ន្ត បំភ្លៃ បំពុល និងបំភ័យ ត្រូវបានគេបន្តផ្សព្វផ្សាយកាន់តែខ្លាំងឡើងលើបណ្តាញសង្គម និងប្រព័ន្ធឃោសនានានា បន្ទាប់ពីសហភាពអឺរ៉ុបសម្រេចចាប់ដំណើរការជាផ្លូវការនូវនីតិវិធីព្យួរឬមិនព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ Everything But Arm (EBA) នៅថ្ងៃទី១១កុម្ភៈ នៅទីក្រុងប្រ៊ុចស៊ែល ត្រូវនឹងថ្ងៃទី១២កុម្ភៈ ឆ្នាំ២០១៩នៅកម្ពុជា។ ប៉ុន្តែការសម្រេចព្យួរ ឬមិនព្យួរនៅមិនទាន់ធ្វើនាពេលនេះទេ ពោលគេត្រូវការរយៈពេល១៨ខែទៀត ដើម្បីឈានទៅសម្រេចចិត្តព្យួរ ឬមិនព្យួរ ដោយចាប់គិតពីខែកុម្ភៈ ឆ្នាំ២០១៩នេះ រហូតដល់ខែកក្កដា ឆ្នាំ២០២០។

ជុំវិញបញ្ហានេះ តើកម្ពុជាត្រូវប្រកាន់ជំហរបែបណា?
កម្ពុជាជាប្រទេសតូចមួយដែលធ្លាប់រងនូវវិនាសកម្មដោយសារសង្គ្រាមរយៈពេល ៣ទសវត្សរ៍ បណ្តាលឱ្យប្រទេសដ៏កំសត់មួយនេះ ខ្ទេចខ្ទីស្ទើរទាំងស្រុង។ ហេដ្ឋារចនាសម្ព័ន្ធកម្ពុជាត្រូវបានបំផ្លាញគ្មានសល់ដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ សូម្បីធនធានមនុស្សក៏បានបាត់បង់ស្ទើរទាំងស្រុងដែរ។ ការខិតខំប្រឹងប្រែងងើបឡើង បន្ទាប់ពីឆ្នាំ១៩៧៩ ដែលកម្ពុជាត្រូវបានរំដោះចេញពីបនប្រល័យពូជសាសន៍ប៉ុលពតនោះ កម្ពុជាបានធ្វើដំណើរលើផ្លូវដ៏សែនលំបាកបំផុត និងគ្មានអ្វីទាំងអស់ ព្រមទាំងត្រូវហ៊ុំព័ទ្ធដោយសម្ពាធនយោបាយ និងសេដ្ឋកិច្ចគ្រប់បែបយ៉ាង។ ប៉ុន្តែជាភ័ព្វសំណាងកម្ពុជាបានឆ្លងផុតដំណាក់កាលដ៏សែនលំបាកនោះ បានដោយជោគជ័យ និងជាទីមោទនភាពបំផុត ដោយសារមានមេដឹកនាំដ៏អង់អាចក្លាយហាន មោះមុត ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបុព្វជាតិមាតុភូមិ។ វាមិនមែនជារឿងងាយស្រួលទេ ក្នុងការដឹកនាំនាវាកម្ពុជា ដែលពោរពេញដោយការខូចខាត ខ្ទេចខ្ទាំ និងគ្មានអ្វីទាំងអស់ រហូតមានអ្វីៗដូចសព្វថ្ងៃ។

ជាការពិតក្នុងការកសាងប្រទេសជាតិ ឱ្យរីកចម្រើនកម្ពុជាត្រូវការជាចាំបាច់នូវការជួយគាំទ្រពីអន្តរជាតិ និងពីបណ្តាប្រទេសនានា។ កម្ពុជាត្រូវការជំនួយ និងប្រព័ន្ធអនុគ្រោះនានា ដើម្បីកសាងប្រទេសក្នុងដំណាក់កាលក្រីក្រ។ ថ្វីត្បិតតែជំនួយ និងប្រព័ន្ធអនុគ្រោះនានាមានសារៈសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍដូចជាកម្ពុជា ប៉ុន្តែកម្ពុជាក៏ត្រូវតែរក្សាឱ្យបាននូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួន ក្នុងជំហរជាជាតិសាសន៍មួយ ដែលឈរស្មើមុខស្មើមាត់ប្រទេសនានាក្នុងតំបន់ និងពិភពលោក។ ក្នុងពេលដែលកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ការគម្រាមកំហែងដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) នៅពេលនេះ គឺមិនមានអ្វីដែលត្រូវព្រួយបារម្ភ ហើយក៏មិនមានផលប៉ះពាល់ដល់កម្ពុជាដែរ ពីព្រោះកម្ពុជាបានពង្រឹងជំហររបស់ខ្លួនរួចស្រេចទៅហើយ។ ម្យ៉ាងទៀតបើទោះបីជាក្នុងពេលនេះ គ្មានការប្រកាសពីដំណើរការនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជា ក៏ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជាគង់តែត្រូវបានបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះដដែល ព្រោះតែការវិវត្តរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា។ សូមកុំភ្លេចថា ប្រព័ន្ធអនុគ្រោះពន្ធ (EBA) គឺផ្តល់តែសម្រាប់ប្រទេសដែលមានការអភិវឌ្ឍតិចតួចប៉ុណ្ណោះ។ កម្ពុជាពេលនេះបានអភិវឌ្ឍខ្លួនពីប្រទេសដែលមានប្រាក់ចំណូលកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងត្រូវបានព្យាករណ៍ថាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយខ្លួនជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បើមុន និងក្រោយ EBA គង់តែត្រូវដកចេញពីកម្ពុជាដដែល កម្ពុជាក៏គ្មានអ្វីត្រូវភ័យព្រួយបារម្ភពីផលប៉ះពាល់នៃការបាត់បង់ EBAឡើយ។ ផ្ទុយទៅវិញ វាជាឱកាសមាសសម្រាប់កម្ពុជា ដើម្បីពង្រឹងជំហរខ្លួនឯងឱ្យកាន់តែរឹងមាំ ទាំងខាងនយោបាយ និងសេដ្ឋកិច្ច និងរក្សាឱ្យបាននូវឯករាជ្យភាព និងអធិបតេយ្យជាតិរបស់ខ្លួន។ ចៀសវាងការប្រើប្រាស់ប្រព័ន្ធអនុគ្រោះពន្ធ មកដាក់សម្ពាធលើកម្ពុជា ឬការបង្គាប់បញ្ជាណាមួយ ដែលផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាត្រូវតែវឹងមាំទាំងអស់គ្នា រួមគ្នាជាធ្លុង១ ដើម្បីកសាង ពង្រឹងឯករាជ្យនិងសេដ្ឋកិច្ចកម្ពុជា។ ការលំបាកដែលកម្ពុជាអាចជួបនៅពេលនេះ គឺវាមិនលំបាកដូចកាលឆ្នាំពីអតីតកាលឡើយ។ គេនៅចាំថាកំឡុងឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ ស្ថានភាពប្រទេសកម្ពុជា គឺស្ថិតក្នុងភាពលំបាកនៅឡើយ។ កម្ពុជានៅតែមានវិបត្តិផ្ទៃក្នុង ហើយកម្ពុជាត្រូវស្ថិតក្នុងស្ថានភាពសង្គ្រាមផង និងសន្តិភាពផង។ បន្តិចក្រោយមកកម្ពុជាត្រូវរងនូវទណ្ឌកម្មសេដ្ឋកិច្ច និងវិបត្តិសេដ្ឋកិច្ចពិភពលោក ប៉ុន្តែកម្ពុជាមិនបានស្លាប់ទេ បែរជាកាន់តែរីកចម្រើនឡើង។

ដូច្នេះកម្ពុជាត្រូវរួមគ្នាប្រែក្លាយបញ្ហានេះ ឱ្យទៅជាឱកាស។ កម្ពុជាមិនត្រូវទ្រាំឱ្យបរទេសមួយចំនួន ដាក់សម្ពាធ មើលងាយ មើលថោកនោះទេ ប៉ុន្តែត្រូវពង្រឹងខ្លួនឯងក្នុងភាពជាជាតិសាសន៍ដ៏រឹងមាំមួយ។ ការដកឬមិនដក EBA មកដល់ម៉ោងនេះ និងតទៅមុខទៀត កម្ពុជាមិនបានភ្ញាក់ផ្អើល ឬព្រួយបារម្ភជុំវិញបញ្ហានេះទេ។ ទន្ទឹមនឹងការរក្សាជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ក៏ចាំបាច់ត្រូវជឿទុកចិត្ត និងជឿជាក់លើប្រមុខដឹកនាំរាជរដ្ឋាភិបាលផងដែរ ទើបកម្ពុជាអាចបន្តដំណើរក្នុងជំហានដ៏រឹងមាំរបស់ខ្លួន ដើម្បីកសាងប្រទេសឱ្យកាន់តែរីកចម្រើនជឿនលឿនក្នុងពេលអនាគត៕

ដោយ៖ នាគសេន