ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីនាំពាក្យ CPP ជំរុញឲ្យសហគមន៍អឺរ៉ុបត្រូវគិតឡើងវិញករណី EBA

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 40
មន្ត្រីនាំពាក្យ CPP ជំរុញឲ្យសហគមន៍អឺរ៉ុបត្រូវគិតឡើងវិញករណី EBA មន្ត្រីនាំពាក្យ CPP ជំរុញឲ្យសហគមន៍អឺរ៉ុបត្រូវគិតឡើងវិញករណី EBA

លោក សួស យ៉ារ៉ា មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានជំរុញឲ្យសហគមន៍អឺរ៉ុប ត្រូវគិតគូរឡើងវិញករណី EBA ដែលវាជាបទល្មើសប្រឆាំងនឹងប្រជាជនក្រីក្រនៅកម្ពុជា។ ការជំរុញរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដូចនេះ ធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបកាលពីថ្ងៃទី១១កុម្ភៈ បានចាប់ផ្តើមនូវដំណើរការដែលអាចនាំឲ្យមានការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធនៃទំនិញកម្ពុជាលើទីផ្សារសហភាពអឺរ៉ុប ក្រោមគម្រោងពាណិជ្ជកម្ម Everything But Arms (EBA)។

លោក សួស យ៉ារ៉ា តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី១២កុម្ភៈនេះ បានហៅការសម្រេចចិត្តបែបនេះរបស់សហគមន៍អឺរ៉ុប ដែលមានជនឆ្វេងនិយមអឺរ៉ុប ម៉ូហ្គឺរីនី និង ម៉ាល់ស្ត្រុម កំពុងឃុបឃិតគ្នាប្រព្រឹត្តបទល្មើសប្រឆាំងប្រជាជនក្រីក្រនៅកម្ពុជា ហើយសហគមន៍អឺរ៉ុបត្រូវគិតឡើងវិញករណី EBA នេះ។

ជុំវិញករណីនេះ ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍ដ៏ពិសេសមួយឆ្លើយតបទៅនឹងសហភាពអឺរ៉ុប ស្តីពីការអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA) សម្រាប់ទំនិញរបស់កម្ពុជា ហើយបានចាត់ទុកជាការសម្រេចដ៏អយុត្តិធម៌បំផុត។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចចិត្តនេះថា ជាភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេស កម្ពុជាសម្រេចបាន ទោះបីរងគ្រោះដោយសោកនាដកម្មកន្លងមកថ្មីៗនេះយ៉ាងណាក៏ដោយ ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិជាច្រើន ដែលត្រូវបានផ្សារភ្ជាប់នឹងកម្មវិធីនេះ ជាពិសេសនៅក្នុងវិស័យសិទ្ធិការងារ និងសិទ្ធិដីធ្លី។

រាជរដ្ឋាភិបាលសោកស្តាយយ៉ាងខ្លាំង ចំពោះការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងរាជរដ្ឋាភិបាល ដោយឈរលើមូលដ្ឋាននៃរបាយការណ៍បេសកកម្មរបស់សហភាពអឺរ៉ុប កាលពីខែកក្កដាកន្លងទៅ។ រាជរដ្ឋាភិបាលមានការខកចិត្តចំពោះកង្វះតម្លាភាពរបស់សហភាពអឺរ៉ុប ដែលមិនបានបង្ហាញនូវខ្លឹមសារនៃរបាយការណ៍នោះ ដែលសហភាពអឺរ៉ុបបានយកធ្វើជាមូលដ្ឋាន នៃសេចក្តីសម្រេចចិត្តលំអៀងរបស់ខ្លួន៕

អត្ថបទទាក់ទង