ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1090

    ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (The 14t General Border Committee Meeting ‘GBC) នៅសណ្ឋាគារកាដែនស៊ីតធី រាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហោះផ្សាយនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

    កិច្ចប្រជុំនេះនឹងប្រារព្ធធ្វេីឡេីងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និងនាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ (Prawit Wongsuwon) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ សហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ។

    សូមរម្លឹកផងដែរថា​ ក្រោមកិច្ចព្រមព្រៀងឆ្នាំ២០០៦ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (General Border Committee) មួយត្រូវបានបង្កើតឡើងដោយមានការជួបប្រជុំប្តូរវេនយ៉ាងទៀងទាត់រៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ២០១៩នេះ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំលើកទី១៤ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ ដែលដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងគណៈប្រតិភូនៃគណៈកម្មាធិការព្រំដែនទូទៅ ថៃ-កម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ។​

    គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី១៤នេះ ក៏ដូចជាកិច្ចប្រជុំមុនៗដែរ ភាគីទាំងពីរ នឹងបន្តកិច្ចពិភាក្សារបស់ខ្លួន ដោយផ្តោតយ៉ាងសំខាន់លើការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ បង្កើតទំនាក់ទំនងល្អរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ ក្នុងកិច្ចការពារ និងរក្សាឲ្យបានរឹងមាំនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតមានឡើងនៅតាមបណ្តោយព្រំដែនរួមនៃប្រទេសជិតខាងទាំងពីរ ដើម្បីរក្សា និងធានាបាននូវសេចក្តីសុខ និងជីវភាពរស់នៅរីកចំរើនរបស់ប្រជាជន នៃប្រទេសទាំងពីរ៕

    អត្ថបទទាក់ទង