ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា បញ្ចេញកញ្ចប់ថវិកាជាង៤រយលានរៀលបន្ថែមទៀត សម្រាប់បំពេញតម្រូវការនៃការធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 60
រាជរដ្ឋាភិបាលកម្ពុជា បញ្ចេញកញ្ចប់ថវិកាជាង៤រយលានរៀលបន្ថែមទៀត សម្រាប់បំពេញតម្រូវការនៃការធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែន រាជរដ្ឋាភិបាលកម្ពុជា បញ្ចេញកញ្ចប់ថវិកាជាង៤រយលានរៀលបន្ថែមទៀត សម្រាប់បំពេញតម្រូវការនៃការធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែន

រាជរដ្ឋាភិបាលកម្ពុជា បញ្ចេញថវិកាជាង៤រយលានរៀលបន្ថែមទៀត សម្រាប់បំពេញតម្រូវការនៃការធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែន ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋខ្មែរក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឱ្យដឹងថាការផ្តល់ជំនួយទៅដល់បណ្តាខេត្តដែលនៅជាប់ព្រំដែនកម្ពុជា-ថៃនេះ បានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីរៀបចំការធ្វើចត្តាឡីស័កសម្រាប់ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ក្រោយពេលប្រទេសថៃ បានផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍យ៉ាងខ្លាំងក្លា ដែលបានកើតចេញដំបូងពីខេត្តសាមុតសាខន ប្រទេសថៃ។

ថ្លែងក្នុងសន្និសីទព័ត៌មាន ជុំវិញការកែសម្រួល អនុក្រឹត្យ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតប ការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា ៩៤៥លានរៀលបន្ថែមទៀត សម្រាប់បំពេញតម្រូវការនៃការធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែននេះ ពីថ្ងៃទី១៩ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០២១។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ថវិការដែលប្រមុខរាជរដ្ឋាភិបាល បានផ្តល់ថវិកាកន្លងមកនេះ មានចំនួន៩៤៨៥ លានរៀល ស្មើនឹងជាង២លាន៣សែនដុល្លារអាមេរិករួចមកហើយ សម្រាប់ផ្គត់ផ្គង់ទៅបណ្តាល ខេត្តជាប់ព្រំដែនទាំង៧ ដូចជា ខេត្តបាត់ដំបង ឧត្តរមានជ័យ បន្ទាយមានជ័យ កោះកុង ប៉ៃលិន ពោធិ៍សាត់ និងខេត្តព្រះវិហារ ដើម្បីផ្គត់ផ្គង់ការធ្វើចត្តាឡីស័កជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជា។ ឯកឧត្តរដ្ឋមន្រ្តីបានបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ថវិកា និងសម្ភារប្រើប្រាស់មួយ ចំនួនដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋខ្មែរអំឡុងពេលធ្វើចត្តាឡីស័កនេះផងដែរ។

«សម្តេចលោកបានសម្ភារបរិក្ខា និងថវិកាជូនដើម្បីឱ្យបងប្អូនរបស់យើងផ្គត់ផ្គង់ ដែលក្នុងនោះមានរបបហូបចុក គឺមួយថ្ងៃ២ម៉ឺនរៀលសម្រាប់មនុស្សម្នាក់ ហើយក្រៅពីនឹងមាន សម្ភារ បរិក្ខាឃីដ ដែលនេះជាការរៀបចំរបស់រាជរដ្ឋាភិបាលធ្វើយ៉ាងម៉េចឱ្យបងប្អូនបានមកវិញ ធ្វើចត្តាឡីស័កហើយទទួលបាននូវការយកចិត្តទុកដាក់ ដោយស្មោះស្ម័គ្រពីរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោដែលលោក អាណិតអាសូរ ហើយបានផ្គត់ផ្គង់ឱ្យបងប្អូនយើងកុំឱ្យមានការខ្វះខាត»។

ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាលបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ មានពលករប្រមាណ ៣៨,៩៤៤នាក់ បានធ្វើចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនថៃ ហើយអ្នកកំពុងធ្វើចត្តាឡីស័កមានចំនួន ១១,៧៩២នាក់។ ដោយឡែកនៅតាមខេត្តជាប់ព្រំដែនវៀតណាមវិញ មានអ្នកធ្វើចត្តាឡីស័កចំនួន ២៤២នាក់៕

អត្ថបទទាក់ទង