ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាជ្រើសយក សន្តិភាព ធំជាងអ្វីៗទាំងអស់ព្រោះជាដង្ហើមនៃជីវិត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 70
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាជ្រើសយក សន្តិភាព ធំជាងអ្វីៗទាំងអស់ព្រោះជាដង្ហើមនៃជីវិត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាជ្រើសយក សន្តិភាព ធំជាងអ្វីៗទាំងអស់ព្រោះជាដង្ហើមនៃជីវិត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការណ៍ បានបង្ហោះរូបថតស-ខ្មៅ ជាច្រើនសន្លឹកបង្ហាញពីជីវិតយុវវ័យរបស់លោក និងយុវជន យុវនារីខ្មែរដទៃទៀត ស្ថិតនៅក្នុងសម័យសង្គ្រាម សម័យរត់លូន ដែលបង្កឡើងដោយការអុជអាល ញុះញង់ ការជ្រៀតជ្រែកពីបរទេស និងក្រុមអគតិមួយចំនួន។

ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី បានពិព័រណ៌នាថា ជីវិតយុវវ័យរបស់លោកមិនដែលស្គាល់សេចក្តីសុខ និងការសប្បាយឡើយ សូម្បីតែការសិក្សាក៏មិនបានពេញលេញ និងត្រូវចូលធ្វើជាទាហានតាំងពីអាយុ ១៨ឆ្នាំ ដើម្បីវាយពួកប៉ុលពត ដោយបន្សល់ទុកស្នាមរបួសពេញខ្លួន និងពិការភ្នែកម្ខាងរហូតមកដល់សព្វថ្ងៃ។ បើតាមលោកនាយករដ្ឋមន្ត្រី ពេលនេះកម្ពុជាឆ្អែតហើយសង្គ្រាម និងការនិរាសព្រាត់ប្រាស់ ហើយកម្ពុជាជ្រើសរើសយកសន្តិភាព ជាធំលើសអ្វីៗទាំងអស់ព្រោះជាដង្ហើមនៃជីវិត។

សំណេរក្នុងទំព័រហ្វេសប៊ុក លោកនាយកដ្ឋមន្ត្រី ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ រូបថតជ្រុងមួយនៃជីវិតយុវជន យុវនារីខ្មែរ ក្នុងសម័យសង្រ្គាមរត់លូន។ សង្រ្គាមដែលបានកើតឡើងកន្លងមក គឺបណ្តាលមកពីការអុជអាល, ញុះញុង, អូសទាញ, លាបពណ៍ និងជ្រៀតជ្រែកពីបរទេស និងពីក្រុមអគតិមួយចំនួនដែលបានរុញប្រទេសជាតិអោយធ្លាក់ក្នុងវិបត្តិសង្រ្គាម និងរបបប្រល័យពូជសាសន៍។

ជីវិតយុវវ័យខ្ញុំផ្ទាល់ គឺគ្មានស្គាល់អ្វីដែលហៅថា សេចក្តីសុខ និងសប្បាយ។ សូម្បីតែការសិក្សាក៏មិនបានពេញលេញដែរ។ ខ្ញុំបានចូលធ្វើទាហានតាំងពីអាយុ ១៨ឆ្នាំ ដើម្បីវាយពួកប៉ុលពត ត្រូវរបួសពេញខ្លួន និងពិការភ្នែកម្ខាងមកទល់សព្វថ្ងៃទៀតផង។ យើងឆ្អែតហើយសង្រ្គាម និងការនិរាសព្រាត់ប្រាស់។ ពេលនេះយើងជ្រើសរើស “សន្តិភាព” ជាធំលើសអ្វីៗទាំងអស់ ព្រោះគឺជាដង្ហើមនៃជីវិត។

យើងនាំគ្នាថែរក្សា និងការពារសន្តិភាពអោយបានរឹងមាំល្អ ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន ហើយអនាគតកូនក្មួយយុវជន យុវនារី ក៏កាន់តែមានឱកាសល្អៗឆ្ពោះទៅរកជីវិតរុងរឿងក្នុងសម័យសន្តិភាព។ ជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយយុវជនជួបតែសេចក្តីសុខ និងបានសប្បាយរីករាយចុងសប្តាហ៍៕

អត្ថបទទាក់ទង