ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដាក់កំណាព្យបួនឃ្លាឌឺទណ្ឌិត សម រង្ស៉ី គ្រាករណីភ្នាល់ជិតដល់ពេលឱសានវាទ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 50
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដាក់កំណាព្យបួនឃ្លាឌឺទណ្ឌិត សម រង្ស៉ី គ្រាករណីភ្នាល់ជិតដល់ពេលឱសានវាទ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដាក់កំណាព្យបួនឃ្លាឌឺទណ្ឌិត សម រង្ស៉ី គ្រាករណីភ្នាល់ជិតដល់ពេលឱសានវាទ

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានសរសេរកំណាព្យចំនួន៤ឃ្លាបង្កប់ដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងបង្កការងឿងឆ្ងល់យ៉ាងខ្លាំងដល់មិត្តអ្នកអានផងដែរ។

កំណាព្យ៤ឃ្លាដែលលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានបង្ហោះនៅលើ Facebookនេះ មានខ្លឹមសារយ៉ាងដូច្នេះ «ទទាយំឆ្លងត្រយ៉ងបងអើយអត់ឆ្លើយ (ពីរដង) សង្សារបងអើយដល់ពេលហើយឬនៅ?​ ចិត្តអូនចិត្តដាច់ដោយសារចិត្តបងចិត្តខ្មៅ (ពីរដង) ស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើម្តេចបានទៅតាមកិច្ចសន្យា»។

កំណាព្យ៤ឃ្លារបស់ប្រមុខរាជរដ្ឋាភិបាលដែលជាអ្នកចូលចិត្តតែងនិពន្ធមួយរូបដែរនោះ បានបង្កការងឿងឆ្ងល់ជាខ្លាំងចំពោះអត្ថន័យដ៏ជ្រាលជ្រៅបង្កប់នៅក្នុងកំណាព្យនេះ។

មានពាក្យមួយឃ្លាគេតែងតែលើកឡើងថា គ្រប់សកម្មភាព គ្រប់ទង្វើរបស់អ្នកនយោបាយ គ្មានសកម្មភាពណាមួយ ឬទង្វើណាមួយដែលមិនភ្ជាប់ជាមួយបញ្ហានយោបាយនោះឡើយ។ សម្រាប់កំណាព្យខាងលើរបស់លោក​ ហ៊ុន សែន ក៏ត្រូវបានគេសន្និដ្ឋានមានអត្ថន័យផ្សារភ្ជាប់ទៅបញ្ហានយោបាយផងដែរ។

អ្នកតាមដានបញ្ហានយោបាយបានសន្និដ្ឋាន កំណាព្យនេះ គឺលោក​ ហ៊ុន សែន មានចេតនាយ៉ាងពិតប្រាកដផ្ញើទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី គ្រាដែលការភ្នាល់រវាងលោក​ និងទណ្ឌិតរូបនេះជិតដល់ឱសានវាទគឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩នេះ។

អ្នកតាមដានបញ្ហានយោបាយ បានសាកល្បងបកស្រាយឃ្លាកំណាព្យខាងលើនេះយ៉ាងដូច្នេះ។

ឃ្លាទី១ «ទទាយំឆ្លងត្រយ៉ងបងអើយអត់ឆ្លើយ»។ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ចង់បញ្ជាក់ថា ទោះបីទណ្ឌិត សម រង្ស៉ី ប្រឹងប្រែងធ្វើសកម្មភាពគ្រប់បែបយ៉ាងឲ្យលោកតបត និងឆ្លើយតប តែលោកនៅតែរក្សាភាពស្ងាត់ស្ងៀមគ្មានការតបតអ្វីទាំងអស់។

ឃ្លាទី២ «សង្សារបងអើយដល់ពេលហើយឬនៅ?»។ ឃ្លានេះលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើជាសួរឌឺទៅទណ្ឌិត សម រង្ស៉ី តែតាមការពិតលោកចង់រំលឹកថា ការភ្នាល់រវាងលោក​ និងទណ្ឌិត សម រង្ស៉ី ជិតដល់ពេលហើយ។

ឃ្លាទី៣ «ចិត្តអូនចិត្តដាច់ដោយសារចិត្តបងចិត្តខ្មៅ»។ ឃ្លានេះលោក ហ៊ុន សែន បានបញ្ជាក់ថា លោកគ្មានការស្នើសុំការលើកលែងទោសដល់ទណ្ឌិត សម រង្ស៉ី ទៀតនោះទេ ដោយលោក​ ហ៊ុន​ សែន​ ចាត់ទុកទណ្ឌិតរូបនេះជាមនុស្សចិត្តខ្មៅ។ ចិត្តខ្មៅ ក៏ព្រោះតែលោក​ ហ៊ន​ សែន​ ធ្លាប់បានសូមព្រះរាជទានលើកលែងទោសពីរដងរួចមកហើយ តែទណ្ឌិតនេះមិនត្រឹមតែមិនដឹងគុណនោះទេ ថែមទាំងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរថែមទៀតដល់រូបលោក​ និងក្រុមគ្រួសារ។

ឃ្លាទី៤ «ស្ពានក៏បាក់ទឹកក៏ជ្រៅធ្វើម្តេចបានទៅតាមកិច្ចសន្យា»។ ឃ្លានេះ លោកនាយករដ្ឋមន្ត្រី​ ចង់គូសបង្ហាញថា មានឧបសគ្គជាច្រើននៅចំពោះមុខទណ្ឌិត សម រង្ស៉ី ធ្វើម្តេចនឹងអនុញ្ញាតឲ្យទណ្ឌិតរូបនេះអាចវិលត្រឡប់ចូលស្រុក ដូចអ្វីដែលខ្លួនបានសន្យាជាមួយអ្នកគាំទ្រនោះ។

នេះគ្រាន់តែជាការសាកល្បងបកស្រាយពីអត្ថន័យនៃកំណាព្យរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ពីសំណាក់អ្នកតាមដានបញ្ហានយោបាយតែប៉ុណ្ណោះ។ តែអត្ថន័យពិតនៃកំណាព្យនេះ គឺមានតែលោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជាម្ចាស់កំណាព្យប៉ុណ្ណោះទើបអាចបញ្ជាក់បាន៕

អត្ថបទទាក់ទង