ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ ព្រឹត្តិការណ៍«អាត្លង់តា» ប្រហារក្រុមប្រឆាំង!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 60
លិខិតមិត្តអ្នកអាន៖ ព្រឹត្តិការណ៍«អាត្លង់តា» ប្រហារក្រុមប្រឆាំង! លិខិតមិត្តអ្នកអាន៖ ព្រឹត្តិការណ៍«អាត្លង់តា» ប្រហារក្រុមប្រឆាំង!

ប្រវត្តិសាស្ត្រនឹងចារទុកក្នុងក្រាំងមាសថា សម រង្ស៊ី គឺជាអ្នកកម្ទេចក្រុមប្រឆាំងនៅកម្ពុជាដោយសារតែមហិច្ឆតាអំណាចរបស់ខ្លួនតាមរយៈការធ្វើបក្សប្រហារដោយចំហដើម្បីដណ្តើមអំណាចពីលោក កឹម សុខា ដោយបំពានយ៉ាងធ្ងន់ធ្ងរទៅលើលក្ខន្តិកៈគណបក្ស។ ការសម្រេចចិត្តរបស់លោក សម រង្ស៊ី និងក្រុមអ្នកគាំទ្រនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០១៨ នៅទីក្រុងអាត្លង់តា នឹងត្រូវគេចងចាំថា «អាត្លង់តា ប្រហារក្រុមប្រឆាំងនៅកម្ពុជា»។

គេនៅចាំបានថា សម រង្ស៊ី តែងទន្ទិញចាំមាត់ដូចសត្វសេកថា សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយដែលមិនអាចបែកគ្នាបានឡើយ។ តាមពិត ពាក្យនេះត្រូវបាន សម រង្ស៊ី ប្រើដើម្បីបោកប្រាស់អ្នកគាំទ្រតែប៉ុណ្ណោះ។ ប៉ុន្តែ ធាតុពិតរបស់ សម រង្ស៊ី មិនដែលទុកចិត្ត និងមិនដែលស្មោះត្រង់ជាមួយលោក កឹម សុខា ដែលជាអតីតគូសត្រូវរបស់ខ្លួនម្តងណាឡើយ។ នរណាក៏អាចដឹងបានដែរថា ការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ ២០១២ គឺជាលទ្ធផលនៃការគូសវាសរបស់ចៅហ្វាយនាយបរទេសតែប៉ុណ្ណោះ គឺមិនមែនជាឆន្ទៈរបស់លោក សម រង្ស៊ី ឡើយ ពីព្រោះ សម រង្ស៊ី មានជំងឺតួឯកនិយមយ៉ាងធ្ងន់ធ្ងរមិនអាចព្យាបាលបានទេ។ ក្រោយការបោះឆ្នោតឆ្នាំ ២០១៣ សម រង្ស៊ី ខកចិត្តខ្លាំងណាស់ដែលអំណាចត្រូវបានបែងចែកស្មើគ្នាទៅឱ្យលោក កឹម សុខា ដែលមានតែ ៣ កៅអីប៉ុណ្ណោះមុនបង្កើតគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ សម រង្ស៊ី មិនដឹងធ្វើយ៉ាងម៉េចទេ ពីព្រោះបើហ៊ានធ្វើអ្វីខ្លាចអ្នកគាំទ្ររិះគន់ពីភាពបែកបាក់។ យ៉ាងណាក៏ដោយ សម រង្ស៊ី មិនដែលនៅស្ងៀមទេ គឺតែងតែរិះរកវិធីកម្ចាត់លោក កឹម សុខា ជានិច្ច។ រឿងនេះ លោក កឹម សុខា ខ្លួនឯង និងក្រុមគ្រួសាររបស់លោក កឹម សុខា ក៏ដូចជាអ្នកស្និទ្ធនឹងលោក កឹម សុខា សុទ្ធតែបានដឹងច្បាស់។

ឥឡូវនេះ អ្វីៗបានបង្ហាញច្បាស់ហើយ! លោក សម រង្ស៊ី និងក្រុមអ្នកគាំទ្ររបស់ខ្លួនបានចេញមុខយ៉ាងចំហដើម្បីធ្វើបក្សប្រហារដណ្តើមអំណាចពីលោក កឹម សុខា ត្រង់ៗតែម្តង។ ហេតុអ្វីបានជាគេអាចនិយាយថា ព្រឹត្តិការណ៍នៅអាត្លង់តាគឺជាបក្សប្រហារ? ពីព្រោះការជួបជុំនេះធ្វើឡើងដោយក្រុមលោក សម រង្ស៊ី សុទ្ធសាធ ដោយគ្មានភាគីអ្នកគាំទ្រលោក កឹម សុខា ចូលរួមទេ។ លើសពីនេះ វាជាការបំពានទាំងស្រុងលើលក្ខន្តិកៈរបស់គណបក្សដែលតុលាការកំពូលបានរំលាយចោលហើយនោះ ពីព្រោះលក្ខន្តិកៈរបស់អតីតគណបក្សនេះបានចែងថា អ្នកដែលអាចធ្វើជាប្រធានស្តីទីបាន លុះត្រាតែពេលអវត្តមានប្រធាន ហើយមានការផ្ទេរសិទ្ធិទៅឱ្យអនុប្រធានមួយរូបដែលមានអាយុច្រើនជាងគេ (ដែលមានចែងក្នុងប្រកាស ៤៥ ថ្មីនៃលក្ខន្តិកៈគណបក្ស)។ ក្នុងន័យនេះ លោក សម រង្ស៊ី ដែលបានលាឈប់ពីប្រធាន និងពីសមាជិកភាពគណបក្សទៅហើយនោះមិនអាចត្រូវជ្រើសរើសជាប្រធានស្តីទីរបស់គណបក្សនេះបានទេ។ ដូច្នេះ ប្រាកដណាស់ថា លោក សម រង្ស៊ី និងបក្ខពួកបានឃុបឃិតគ្នាធ្វើបក្សប្រហារដើម្បីដណ្តើមអំណាចពីលោក កឹម សុខា ទាំងភ្នែកស្រស់តែម្តង។

តាមពិតទៅ លោក សម រង្ស៊ី បានដឹងច្បាស់ណាស់ថា កម្លាំងគាំទ្ររបស់ខ្លួនមានតិចប៉ុណ្ណោះ បើធៀបនឹងអ្វីដែលគាត់រំពឹងទុក ខណៈដែលប្រតិកម្មប្រឆាំងចេញពីផ្ទៃក្នុងវិញមានច្រើនអនេក។ លោក សម រង្ស៊ី ក៏បានដឹងច្បាស់ដែរថា អំពើបក្សប្រហារនេះ គឺជាកំហុសយ៉ាងធ្ងន់ធ្ងរបំផុតមួយក្នុងជីវិតនយោបាយរបស់ខ្លួន ពីព្រោះគាត់បានបំផ្លាញទឹកចិត្តអ្នកគាំទ្រឱ្យខ្ទេចខ្ទីគ្មានសេសសល់អ្វីទៀតឡើយ។ លោក សម រង្ស៊ី ក៏បានដឹងខ្លួនដែរថា អំពើបក្សប្រហារនេះនឹងធ្វើឱ្យគាត់កាន់តែបាត់បង់ការគាំទ្រពីចៅហ្វាយនាយបរទេសរបស់ខ្លួនដែរ ពីព្រោះអ្វីដែលបានកើតឡើងពេលនេះមិនមែនជាការសង្គ្រោះជាតិ ឬសង្គ្រោះខ្លួនឯងក៏ទេដែរ តែគឺជាការបំផ្លាញគណបក្សខ្លួនឯងទាំងស្រុង។ ប៉ុន្តែ ជាកម្មពៀររបស់គាត់ដែលបានសាងតែអំពើអាក្រក់និងអំពើក្បត់ជាតិរហូតមក ទើបបានជាគាត់ចៀសមិនផុតពីទទួលយកកម្មនេះ។

នៅចំពោះមុខបញ្ហានេះ គេអាចនិយាយបានថា ចប់ហើយខ្មោចបក្សសង្គ្រោះជាតិ គឺចប់ជាស្ថាពរដោយសារលោក សម រង្ស៊ី ជាអ្នកសម្លាប់ដោយផ្ទាល់ដៃ។ តើហេតុអ្វីបានជា សម រង្ស៊ី ធ្វើបែបនេះ? មិនជាពិបាកយល់ឡើយ ពីព្រោះថានេះជាអំពើរបស់មនុស្សទាល់ច្រក មនុស្សដែលអស់ក្រឡាដើរ។ គោលដៅរបស់លោក សម រង្ស៊ី គឺ៖
ទី១ ៖ គឺការសងសឹកលោក កឹម សុខា ដែលខ្លួនចាត់ទុកថា ចាញ់បោកអស់ជាច្រើនឆ្នាំ និងអស់ពីខ្លួន។
ទី២ ៖ គឺ ដោយសារ មហិច្ឆតាចង់បានអំណាចរហូតដេកមិនលក់ បក់មិនល្ហើយ ដូច្នេះ ទោះជាត្រូវអស់អ្វីក៏អស់ចុះសូម្បីអស់អ្នកគាំទ្រ ឬអស់ជាតិទាំងមូលក៏មិនខ្វល់ឱ្យតែបានអំណាចមកវិញមួយគ្រាមុនចាស់ស្លាប់។
ទី៣ ៖ គឺដោយសារតែក្តីស្រមើស្រមៃដោយការយល់ខុសថា ការដណ្តើមអំណាចពីលោក កឹម សុខា មកវិញអាចជួយឱ្យខ្លួនមានឱកាសស្តារខ្មោចបក្សសង្គ្រោះជាតិឡើងវិញបាន។ ប៉ុន្តែ សម រង្ស៊ី ដែលមោហ៍បាំង ជញ្ជាំងបិទដោយសារការស្រេកឃ្លានអំណាចខ្លាំងពេកនោះ ភ្លេចគិតថា អំពើរបស់គាត់ គឺជាការផ្តាច់ព្រលឹងខ្មោចសង្គ្រោះជាតិទាំងស្រុងតែម្តង។
និងទី៤ ៖ គឺលោក សម រង្ស៊ី ដែលជាអ្នកនយោបាយខ្វះយុទ្ធសាស្ត្រ និងអសមត្ថភាព នៅតែជឿលើក្រុមមន្ត្រីមួយដំបរស្វាដែលនៅកៀកខ្លួនមានដូចជា អេង ឆៃអ៊ាង និង មុុរ សុខហួរ ជាដើម ដែលផ្លុំត្រចៀកឱ្យលោក សម រង្ស៊ី ប្រព្រឹត្តបែបនេះក្នុងក្តីរំពឹងថា បើលោក សម រង្ស៊ី ឡើងកូដ ពួកគេក៏នឹងបានទទួលលាភសក្ការៈទៅតាមនោះដែរ។ នេះគេហៅថា មន្ត្រីអាជ័យធ្លាក់ទឹក ដែលទីបំផុតខ្លួនឯងក៏ធ្លាក់ទឹក ហើយក៏នាំមេកើយដ៏ឆោតល្ងង់ឱ្យធ្លាក់ទឹកដែរ។

ដូច្នេះ អ្នកសរសេរប្រវត្តិសាស្ត្រ ក៏ដូចជាអ្នកតាមដាននយោបាយ ជាពិសេសគឺក្រុមអ្នកធ្លាប់គាំទ្រអតីតបក្សសង្គ្រោះជាតិនឹងមានព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់សរសេរ ឬចងចាំទុកព្រឹត្តិការណ៍ថ្មីមួយទៀតក្នុងប្រវត្តិនយោបាយរបស់កម្ពុជា នោះគឺ «ព្រឹត្តិការណ៍អាត្លង់តាប្រហារក្រុមប្រឆាំងនៅកម្ពុជា»។ ក្នុងព្រឹត្តិការណ៍នោះ តួអង្គសំខាន់ដែលគេចងចាំគឺទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូចដែលជាតួអង្គបង្កើតព្រឹត្តិការណ៍នេះឡើង ជាតួអង្គបំផ្លាញជាតិ និងសូម្បីក្រុមរបស់ខ្លួនក៏មិនលើកលែងដែរ។ នេះហើយគេហៅថា អ្នកនយោបាយទាល់តម្រិះ ចំណេះជិះកឯង៕

ដោយ៖ សាស្ត្រាចារ្យ វិទ្យាសាស្ត្រសង្គម ខេត្តកំពង់ចាម

អត្ថបទទាក់ទង