ខ្មែរប៉ុស្ដិ៍ Close

គណបក្សប្រជាជនកម្ពុជា ប្រកាសបដិសេធ និងទាត់ចោលទាំងស្រុងនូវឯកសារក្លែងក្លាយដែលចែកចាយដោយទណ្ឌិត សម រង្ស៊ី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 100

គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការណ៍ប្រកាសបដិសេធ និងទាត់ចោលទាំងស្រុងនូវឯកសារក្លែងក្លាយដោយប្រើរូបភាពជា «សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា» ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលត្រូវបានបង្កើតឡើងដោយជនទុច្ចរិត ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «អ្នកសេ្នហាជាតិ គណបក្សប្រជាជនកម្ពុជា» និងគេហទំព័រហ្វេសប៊ុកឈ្មោះ «Ar Kambang Knong Ar Kambang» ហើយត្រូវបានចែកចាយដោយទណ្ឌិត សម រង្ស៊ី នៅក្នុងគេហទំព័ររបស់ខ្លួន នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលបំណងញុះញង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជា បង្កភាពវឹកវរក្នុងសង្គម និងបំផ្លាញដំណើរការអភិវឌ្ឍប្រទេសជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ គណបក្សប្រជាជនកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើឧក្រិដ្ឋដ៏ធ្ងន់ធ្ងរនេះ និងសូមប្តឹងដល់ស្ថាប័នមានសមត្ថកិច្ចចាត់វិធានការជាបន្ទាន់ដើម្បីវែកមុខរកជនដែលពាក់ព័ន្ធនឹងបទល្មើសខាងលើយកមកផ្តន្ទាទោសឱ្យបានម៉ឺងម៉ាត់បំផុតតាមច្បាប់ជាធរមាន។

សេចក្តីថ្លែងការណ៍ ក៏បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ស្ថិតនៅជានិច្ចជាមួយប្រជាជន ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ។ គណបក្សប្រជាជនកម្ពុជាទាំងមូលមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងខ្ពស់ និងគោរពនូវតួនាទីជាប្រវត្តិសាស្រ្តដ៏ឧត្តុង្គឧត្តមបំផុតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាស្នូលនៃគណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទេសក៏ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង