ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា នឹងចាត់វិធានការ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលបំផុសបំផុលអំពីរឿង EBA

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 46

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍របស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសចាត់វិធានការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ (Fake News) ដែលបំផុសបំផុលថា អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ពីកម្ពុជា ខណៈដែលការពិតរឿង EBA នេះភាគីទាំងពីរនៅមានពេលវេលាជជែកគ្នានៅឡើយ។

លោក ផៃ ស៊ីផាន បានបញ្ជាក់តាមសេចក្តីថ្លែងការណ៍ថា រាជរដ្ឋាភិបាលកម្ពុជា សូមទាញអារម្មណ៍ជាថ្មីម្តងទៀត ចំពោះអ្នកឆ្លងឆ្លើយព័ត៌មានមួយចំនួន ក៏ដូចជាអ្នកធ្វើបទអត្ថាធិប្បាយ ដែលបានប្រើប្រាស់ពាក្យមិនពិតផង និងបង្កើតនូវទស្សនៈអវិជ្ជមានមិនឆ្លើយតបទៅនឹងគោលការណ៍ជាក់ស្តែង ដែលបានធ្វើឱ្យមតិសាធារណជនមានការភាន់ច្រលំ និងបង្កើតនូវឥរិយាបថមិនអាចទទួលយកបាន ឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែងនៃបរិបទ «អ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)» ដែលអាចចាត់ទុកជាកិច្ចបង្កើតនូវព័ត៌មានមិនពិត (Fake News)។

សេចក្តីថ្លែងការណ៍បានបន្តថា រាជរដ្ឋាភិបាល មិនយល់ស្របជាដាច់ខាត ក្នុងកិច្ចប្រើពាក្យ «EU ទុកច្រកឱ្យរាជរដ្ឋាភិបាលកម្ពុជា» ឬពាក្យដទៃទៀតជាដើម ដែលជាពាក្យមិនសមស្របទៅនឹងចរិត ការងាររបស់រាជរដ្ឋាភិបាល ដែលជាដៃគូអភិវឌ្ឍពិតប្រាកដជាមួយEU នោះឡើយ នៅក្នុងកិច្ចលើកស្ទួយជីវិភាពពលរដ្ឋកម្ពុជា តាមរយៈកម្មវិធីនេះ។ ពាក្យទាំងនោះគឺស្ថិតនៅក្នុងបំណងញុះញង់ ឬប្រឆាំងនឹងភាពជាដៃគូរវាងកម្ពុជា និងសហភាពអឺរ៉ុប។

រាជរដ្ឋាភិបាល បានធ្វើការពន្យល់ជាច្រើនសារមកហើយនូវដំណើរការវិវឌ្ឍន៍នៃកិច្ចពិភាក្សាក្នុងការអនុវត្តកម្មវិធី EBA ដែលស្ថិតនៅក្នុងបរិយាកាសដៃគូ និងគោរពគ្នាទៅវិញទៅមក នៅក្នុងលក្ខខណ្ឌប្រែប្រួល ដែលឆ្លើយតបទៅនឹងចំណូលកើនឡើងរបស់ពលរដ្ឋកម្ពុជា ហើយកិច្ចពិភាក្សានេះ នឹងដំណើរការទៅមុខទៀតរហូតជាងមួយឆ្នាំ។

សេចក្តីថ្លែងការណ៍លោក ផៃ ស៊ីផាន បានបញ្ជាក់ទៀតយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលនៃប្រជាជាតិអធិបតេយ្យ សូមអំពាវនាវដល់រាល់បណ្តាលអង្គភាព ឬបុគ្គលពាក់ព័ន្ធ សូមរក្សាភាពថ្លៃថ្នូរ និងក្រមសីលធម៌ប្រកបដោយវិជ្ជាជីវៈខ្ពស់ ក្នុងកិច្ចរក្សាដំណើរការពិភាក្សានេះ ប្រកបដោយភាពវិជ្ជមាន និងស្ថិតនៅក្នុងភាពជាដៃគូអភិវឌ្ឍដោយមិនបង្កការភាន់ច្រឡំជាយថាហេតុណាមួយ ដែលកើតចេញពីការបង្កើតព័ត៌មានញុះញង់ ឬក្លែងក្លាយ (Fake News) នោះទេ។ រាជរដ្ឋាភិបាល នឹងចាត់វិធានការដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព ក្នុងកិច្ចថែរក្សាសតិអារម្មណ៍សាធារណៈ ឱ្យស្ថិតនៅក្នុងស្ថិរភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ប្រឆាំងនឹងព័ត៌មានមិនពិត (Fake News)» ៕

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖

អត្ថបទទាក់ទង