ទស្សនៈមិត្តអ្នកអាន៖ សហគមន៍អឺរ៉ុប ត្រូវពិចារណាការសម្រេចចិត្តរបស់ខ្លួនឡើងវិញ!

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩​ | ទស្សនៈ - នយោបាយ | 0 |
ទស្សនៈមិត្តអ្នកអាន៖ សហគមន៍អឺរ៉ុប ត្រូវពិចារណាការសម្រេចចិត្តរបស់ខ្លួនឡើងវិញ! ទស្សនៈមិត្តអ្នកអាន៖ សហគមន៍អឺរ៉ុប ត្រូវពិចារណាការសម្រេចចិត្តរបស់ខ្លួនឡើងវិញ!

នៅពេលដែលគណៈកម្មការអឺរ៉ុបចាប់ផ្តើមដំណើរការនីតិវិធីព្យួរជាបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មដល់ប្រទេសកម្ពុជា ក្រុមប្រឆាំងដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោង និងមាននិន្នាការរណបចៅហ្វាយបរទេសបាននាំគ្នាសារទរ និងបានយល់ថាការសម្រេចរបស់សហគមន៍អឺរ៉ុបតាមគំនិតរបស់ពួកគេ គឺជារឿងត្រឹមត្រូវទៅវិញ។ ប្រសិនបើក្រុមអគតិទាំងនេះមានឈាមជ័រជាខ្មែរនិងស្រឡាញ់ផលប្រយោជន៍ខ្មែរពិតមែននោះ ពួកគេពិតជាមិនអាចហារមាត់សរសើរដំណឹងដ៏អាក្រក់សម្រាប់ប្រជាពលរដ្ឋខ្មែរដូច្នេះកើតជាដាច់ខាត។

ខុសស្រឡះពីអ្នកនយោបាយនៅប្រទេសជិតខាងយើង ទោះបីពួកគេត្រូវបានបណ្តេញចេញពីអំណាចដោយវិធីមិនប្រជាធិបតេយ្យ តាមរយៈការធ្វើរដ្ឋប្រហារយោធាក្តី ក៏អ្នកនយោបាយស្រុកគេមិនដែលប្រើសារនយោបាយញុះញង់ឱ្យអន្តរជាតិដាក់សម្ពាធ ឬកាត់ផ្តាច់ជំនួយសេដ្ឋកិច្ច ដូចក្រុមអ្នកនយោបាយខ្មែរដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោងដែរ។ ប្រជាពលរដ្ឋ បានមើលឃើញយ៉ាងច្បាស់ថា ស្ទើរពេញមួយជីវិតនយោបាយរបស់ សម រង្ស៊ី គឺមិនដែលបង្ហាញនូវមនសិការស្វះស្វែងរកជំនួយជួយកសាងជាតិ និងជួយជីវភាពប្រជាជននោះឡើយ។ ឥឡូវនេះ នៅពេលដែលទទួលដំណឹងពីការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការផ្តើមដំណើរការនីតិវិធីផ្អាកការអនុគ្រោះពន្ធលើគ្រប់មុខទំនិញលើកលែងតែអាវុធ (EBA) ដល់ប្រទេសកម្ពុជា ក្រុមប្រឆាំងបែរជាស្រែកយ៉ាងមោទនៈថាជាការត្រឹមត្រូវ ហើយដែលសម្តីបែបនេះគឺជាអំពើក្បត់ជាតិ និងក្បត់ប្រជាជនខ្លួនយ៉ាងធ្ងន់ធ្ងរ។ ជាងនេះទៀត មេក្លោងក្រុមប្រឆាំងគឺទណ្ឌិត សម រង្ស៊ី បាននិងកំពុងចាប់ប្រជារាស្ត្រខ្មែរធ្វើជាចំណាប់ខ្មាំង ដើម្បីមហិច្ឆិតាចង់ធ្វើជានាយករដ្ឋមន្ត្រីរបស់ខ្លួន។ ជនកំហូចនេះ មិនញញើតនឹងអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យបន្តដាក់សម្ពាធមកលើប្រជារាស្ត្រខ្លួន ដោយអះអាងតែម្នាក់ឯងថា ប្រជារាស្ត្រខ្មែរសុខចិត្តស៊ីអត់ ស៊ីឃ្លាន ឱ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងដកពន្ធអនុគ្រោះពីកម្ពុជា ដែលទង្វើនេះគឺពិតជាបង្ហាញពីគំនិតទុច្ចរិត និងភាពកំសាករបស់ទណ្ឌិតក្បត់ជាតិ តត្រកូល សម រង្ស៊ី យ៉ាងពិតប្រាកដ។

ជាការពិត ចាប់តាំងពីប្រទេសកម្ពុជា សម្រេចបាននូវសុខសន្តិភាពទូទាំងប្រទេសនាចុងឆ្នាំ១៩៩៨មក កម្ពុជាពិតជាបានស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយជាមូលដ្ឋានរបស់ខ្លួនប្រកបដោយផ្លែផ្កា ក្នុងនោះសិទ្ធិទទួលបានម្ហូបអាហារ សុខភាព ការអប់រំ សិទ្ធិលំនៅដ្ឋាន និងជាពិសេសគឺសិទ្ធិទទួលបាននូវការងារ ទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅទីប្រជុំជន ក៏ដូចជាជនបទ ក្នុងនោះកម្មករ កម្មការិនីនៅក្នុងរោងចក្រ ដែលជាកូនចៅរបស់ប្រជារាស្ត្រ ពិតជាទទួលបាននូវអត្ថប្រយោជន៍របស់ខ្លួន និងក្រុមគ្រួសារយ៉ាងពិតៗ។ ទាំងអស់នេះ គឺជាលក្ខណ្ឌចាំបាច់ និងចំបងសំខាន់បំផុតសម្រាប់លទ្ធិប្រជាធិបតេយ្យមួយដ៏សមរម្យសម្រាប់កម្ពុជាបច្ចុប្បន្ន ហើយដែលផលទាំងនេះក៏មានការចូលរួម និងការទទួលស្គាល់ពីសហគមន៍អឺរ៉ុបផងដែរ។ ដូច្នេះ សហភាពអឺរ៉ុបមិនគួរជ្រើសយកការគាំទ្រជាចំហររបស់ខ្លួនចំពោះសកម្មភាពខុសច្បាប់ និងប្រាសចាកលទ្ធិប្រជាធិបតេយ្យរបស់ក្រុមជ្រុលនិយមមួយក្តាប់តូចដែលបានបំពានច្បាប់ ហើយបែរជាចោទប្រកាន់មកលើអ្នកអនុវត្តច្បាប់ តាមរយៈការសម្រេចចិត្តដ៏ខុសឆ្គងរបស់ខ្លួនក្នុងការអនុវត្តនូវនីតិវិធីដកហូតការអនុគ្រោះពន្ធចំពោះកម្ពុជានាពេលនេះឡើយ។ ការសម្រេចចិត្តដោយវៀរចាកឆ្ងាយពីគន្លងនៃភាពត្រឹមត្រូវនេះ គឺវាប្រាកដច្បាស់ណាស់ថា ពិតជាមានហេតុផលខាងផលប្រយោជន៍នៃភូមិសាស្ត្រនយោបាយចំពោះកម្ពុជាយ៉ាងពិតប្រាកដ។

ម្យ៉ាងទៀត ការជ្រើសរើសក្នុងការផ្តើមដំណើរការនីតិវិធីផ្អាកការអនុគ្រោះពន្ធក្នុងផ្អែកពាណិជ្ជកម្មដល់ប្រទេសកម្ពុជារបៀបចាប់បង្ខំនាពេលនេះ គឺវាអាចនឹងផ្តល់ផលអវិជ្ជមានបញ្ច្រាស់មកវិញដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសហគមន៍អឺរ៉ុប និងប្រទេសកម្ពុជាទៅវិញទេ។ ដូច្នេះ ក្នុងនាមប្រជាជនកម្ពុជាទូទាំងប្រទេស យើងស្នើសុំឱ្យសហភាពអឺរ៉ុបពិចារណាឡើងវិញនូវការសម្រេចដ៏ខុសឆ្គង និងមានលក្ខណៈលំអៀងខាងនយោបាយនៅពេលនេះ ដោយជ្រើសយកកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា ក្នុងន័យរក្សានូវកិច្ចខិតខំប្រឹងប្រែងដ៏មានតម្លៃរបស់សហគមន៍អឺរ៉ុបចំពោះប្រទេសកម្ពុជាអស់រយៈពេល២០ឆ្នាំកន្លងមកនេះ ហើយក៏ដើម្បីរក្សានូវភាពស្មើមុខគ្នារវាងបុព្វសិទ្ធនៃរដ្ឋឯករាជ្យ និងអធិបតេយ្យ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលបានប្រព្រឹត្តិបទល្មើសកន្លងមកផងដែរ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋគ្រប់រូបរស់នៅក្នុងសង្គមស៊ីវីល័យដាច់ខាតត្រូវតែគោរពច្បាប់ក្នុងក្របខណ្ឌនៃនីតិរដ្ឋដែលគ្មាននរណាម្នាក់អាចថិតនៅពីលើច្បាប់បានឡើយ ទោះបីជាជននោះជាអ្នកនយោបាយ ឬជាសមាជិកនៃក្រុមសង្គមស៊ីវិលក្តី។ យ៉ាងណាមិញ ក្រុមឧទ្ទាមក្រៅច្បាប់ដែលមាន សម រង្ស៊ី ជាមេក្លោងក៏ត្រូវតែមកទទួលទោសតាមច្បាប់កម្ពុជា ដោយមិនអាចយកសហគមន៍អឺរ៉ុបមកការពារបទល្មើសរបស់ខ្លួនបានឡើយ៕

ដោយ៖ ពង្ស សុក្រឹត្យ

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង