ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ ទទួលការអនុគ្រោះពន្ធ EBA រហូត គឺមានន័យថាជាប្រទេសក្រីក្រមួយជីវិត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 57
ទស្សនៈមិត្តអ្នកអាន៖ ទទួលការអនុគ្រោះពន្ធ EBA រហូត គឺមានន័យថាជាប្រទេសក្រីក្រមួយជីវិត ទស្សនៈមិត្តអ្នកអាន៖ ទទួលការអនុគ្រោះពន្ធ EBA រហូត គឺមានន័យថាជាប្រទេសក្រីក្រមួយជីវិត

ក្នុងនាមប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស យើងមានការខកចិត្តជាខ្លាំង ដែលគណៈកម្មការអឺរ៉ុប បានជ្រើសយកការបើកដំណើរការនីតិវិធីជាផ្លូវការអំពីការដក EBA ពីកម្ពុជាចាប់ពីពេលនេះ ដោយការសម្រេចនេះហាក់មានជំហរជាការសម្រេចចិត្តរបស់បុគ្គលពីរនាក់ ជ្រើសយកការជឿជាក់ទៅលើអ្នកនយោបាយក្រុមប្រឆាំងមួយក្តាប់តូចដែលខិតខំឥតឈប់ឈរក្នុងការរិៈរកគ្រប់មធ្យោបាយ ដើម្បីបំផ្លាញផលប្រយោជន៍ប្រទេស និងប្រជាជនខ្លួនឯង។

ទោះបីជាបែបនេះក្តី បើប្រៀបធៀបស្ថានភាពសេដ្ឋកិច្ចនៅពេលបច្ចុប្បន្នជាមួយអតីតកាលនាទស្សវត្សន៍ឆ្នាំ៩០ ប្រជាពលរដ្ឋកម្ពុជានៅពេលនេះមានជីវភាពប្រសើរឆ្ងាយណាស់ ដែលនៅក្នុងដំណាក់កាលនោះប្រទេសកម្ពុជាត្រូវបានហ៊ុំព័ទ្ធសេដ្ឋកិច្ចដោយពួកបច្ចឹមប្រទេស ក៏ប៉ុន្តែប្រជាពលរដ្ឋនៅតែអាចឈររស់បានរហូតមកដល់សង្គ្រាមត្រជាក់ត្រូវបានបញ្ចប់។ ដោយឡែក បច្ចុប្បន្ននេះសេដ្ឋកិច្ចកម្ពុជាមានកំណើនប្រចាំឆ្នាំប្រមាណ៧%ជាមធ្យម ដូច្នេះបើទោះបីជាមានការត្រៀមដកហូត EBA ពីកម្ពុជាមែននោះក៏ប្រជាពលរដ្ឋកម្ពុជាមិនស្លាប់ដែរ គ្រាន់តែវាអាចមានផលប៉ះពាល់បន្តិចបន្តួចលើការប្រកួតប្រជែងតម្លៃប៉ុណ្ណោះ ព្រោះថាទំនិញពីកម្ពុជានៅតែអាចនាំទៅលក់បន្តនៅទីផ្សារអឺរ៉ុបដដែល។ ម្យ៉ាងទៀត ស្ថិតក្នុងស្ថានភាពបែបនេះ វានឹងធ្វើឱ្យរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាកាន់តែមានជំហរខិតខំពង្រឹងសេដ្ឋកិច្ចជាតិរបស់ខ្លួនឱ្យរឹងមាំថែមទៀតទៅវិញទេ ព្រោះថា យើងនឹងខិតខំពង្រឹង និងពង្រីកសង្វាក់ផលិតកម្មធ្វើឱ្យផលិតផលរបស់យើងកាន់តែមានគុណភាព ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។ មួយវិញទៀត រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញនូវការប្តេជ្ញាចិត្តមួយយ៉ាងច្បាស់លាស់ថានឹងខិតខំដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ច ចំបងទាំងឡាយដែលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសចំពោះប្រជាពលរដ្ឋដែលអាចនឹងរងផលប៉ះពាល់ដោយសារសេចក្តីសម្រេចដ៏អយុត្តិធម៌នេះ។

យើងដឹងហើយ ការផ្តល់ភាពអនុគ្រោះពន្ធលើទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធ ទៅលក់នៅសហគមន៍អឺរ៉ុបនេះ គឺគេផ្តល់ឱ្យចំពោះតែប្រទេសដែលក្រីក្របំផុតប៉ុណ្ណោះ ក្នុងនោះប្រទេសកម្ពុជាបានទទួលនូវភាពអនុគ្រោះពន្ធនេះចាប់តាំងពីឆ្នាំ២០០២មកម្លេះ គឺមានរយៈពេលជិត២០ឆ្នាំហើយ។ ដូច្នេះ សហគមន៍អឺរ៉ុបនឹងមិនយល់ព្រមបន្តផ្តល់នូវភាពអនុគ្រោះនេះតទៅទៀតឡើយ ព្រោះថាមកដល់ពេលនេះប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតទាបទៅហើយ និងឈានទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។ មានន័យថា ប្រជាជនកម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្របំផុត ដែលខុសពីលក្ខខណ្ឌអនុគ្រោះរបស់សហភាពអឺរ៉ុបរួចទៅហើយ ដូច្នេះយ៉ាងយូរបំផុតគឺប្រហែលត្រឹមឆ្នាំ២០២២ប៉ុណ្ណោះ គេក៏នឹងផ្តាច់ភាពអនុគ្រោះពន្ធនេះដោយស្វ័យប្រវត្តិមិនខាន។ មួយវិញទៀត បើយើងនៅតែទទួលយកការអនុគ្រោះពន្ធនេះរហូតមានន័យថា យើងចង់ឱ្យប្រទេសយើងថិតនៅជាប្រទេសក្រីក្របំផុតមួយជីវិត ឬយ៉ាងណា?

ជាការពិត ដើម្បីប្រទេសមួយក្លាយទៅជាប្រទេសអភិវឌ្ឍ យើងត្រូវតែហែលឆ្លងកាត់នូវការលំបាកខ្លះៗដើម្បីធ្វើកំណែទម្រង់។ មានកត្តាជាច្រើនដែលយើងជាខ្មែរអាចរួមកម្លាំងគ្នាធ្វើបាន ក្នុងនោះរាជរដ្ឋាភិបាលក៏បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើកំណែទម្រង់ផ្ទៃក្នុង តាមរយៈការធ្វើកំណែទម្រង់ទៅលើគោលនយោបាយសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីបង្កើនសមត្ថភាពពាណិជ្ជករ ឧស្សាហករ និងកសិករ ដើម្បីអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងៗ ទាំងនៅក្នុងតំបន់ និងសកលលោក។ ដោយមិនពឹងផ្អែកតែទៅលើឧស្សាហកម្មកាត់ដេរតែមួយមុខ ដែលអាស្រ័យតែទៅលើភាពអនុគ្រោះពន្ធ EBA នេះ រាជរដ្ឋាភិបាលក៏នឹងងាកទៅជំរុញផ្នែកឧស្សាហកម្មណាដែលផលិតជាឧបករណ៍ផ្សេងៗ ឬគ្រឿងយន្តវិញម្តង។ យើងក៏នឹងអាចឈានទៅបង្កើតជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចបណ្តាប្រទេសផ្សេងៗជាមួយសហគមន៍អឺរ៉ុបវិញម្តង។

ដូច្នេះ ក្នុងនាមជាពលរដ្ឋខ្មែរ យើងប្តេជ្ញាតស៊ូជំនះរាល់ឧបសគ្គដែលវាអាចនឹងកើតមានដោយសេចក្តីសម្រេចដ៏អយុត្តិធម៌របស់គណៈកម្មការអឺរ៉ុបនៅពេលនេះ ដើម្បីបញ្ជាក់នូវជំហរដាច់ខាតរបស់ពលរដ្ឋខ្មែរ ដោយមិនឱនក្បាលរណបបរទេស ដើម្បីប្តូរនិងលក្ខណ្ឌរបស់ពួកប្រតិកិរិយាដែលចង់លូកដៃមកកកូរកកាយកិច្ចការផ្ទៃក្នុងកម្ពុជា។ ប្រជាជនកម្ពុជាសូមស្វាគមន៍នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់បណ្តាប្រទេសនៅក្នុងពិភពលោក ក្នុងភាពស្មើមុខគ្នាក្នុងនាមជារដ្ឋមួយឯករាជ្យ និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក៕

ដោយ៖ សួន ចំរើន