ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាផ្តើមពីចំណុច០ ក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតលំដាប់ទី៦

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 986
កម្ពុជាផ្តើមពីចំណុច០ ក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតលំដាប់ទី៦កម្ពុជាផ្តើមពីចំណុច០ ក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតលំដាប់ទី៦

គិតរហូតមកដល់ឆ្នាំ២០១៩នេះ កម្ពុជាទើបតែមានសុខសន្តិភាពពេញលេញរយៈពេល ២០ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ ផ្តើមចេញពីការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨។ ពាក់ព័ន្ធនឹងសន្ទុះសេដ្ឋកិច្ចកម្ពុជាគិតចាប់ពីឆ្នាំ១៩៩៨មក លោកនាយករដ្ឋមន្ត្រី បានថ្លែងថា «បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ១៩៩៨ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយចាប់ផ្តើមពីចំណុច ០ ហើយក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់នៃប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតលំដាប់ទី៦ ក្នុងពិភពលោក»។

លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសឡើងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «កម្ពុជាបានសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ តាមរយៈកំណើនឥតឈប់ឈរ វិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន»។ លោកបានបន្តទៀតថា «ដោយឡែករចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាកំពុងផ្លាស់ប្តូរពីប្រទេស ដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម»៕