ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលបើកការដ្ឋានសាង់សង់នៅថ្ងៃនេះ នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ
![ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលបើកការដ្ឋានសាង់សង់នៅថ្ងៃនេះ នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ](https://khmerpostasia.com/app/uploads/2019/01/53-1.jpg)
នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង ៥២.៩៨៣គីឡូម៉ែត្រ (ជិត៥៣គីឡូម៉ែត្រ) ឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលត្រូវចំណាយថវិកាសាងសង់ប្រមាណ ២៧៣លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣នេះ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញជាង ១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រ ដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១។ ទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន និងសម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ ដោយមានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង។ ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ គឺជាផ្លូវដ៏សំខាន់ក្នុងការជួយកាត់បន្ថយការកកស្ទះ និងជួយសម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ម្យ៉ាងទៀត គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះ ទៅជាតំបន់អភិវឌ្ឍថែមទៀតផង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញភាពសប្បាយរីករាយក្រៃលែង ដែលបានអញ្ជើញបើកការដ្ឋាសាងសង់ផ្លូវក្រវាត់ក្រុងទី៣ របស់រាជធានីភ្នំពេញ ដែលបានផ្តល់ប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ។លោកបានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាព និង ការអភិវឌ្ឍ។ ទន្ទឹមនឹងនេះដែរ លោក បានមានប្រសាសន៍អំពីសារៈសំខាន់នៃការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅពេលនេះដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបញ្ចៀស ការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ ដែលកំពុងតែមានកំណើនមនុស្ស និងយានយន្តយ៉ាងច្រើននិងជួយសម្រួលដល់ការដឹកទំនិញ និងផលិតផលផ្សេងៗ ដើម្បីជួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោកាន់តែល្អប្រសើរឡើង ដែលផ្ទុយពីសម័យរបបប្រល័យពូជសាសន៍ប៉ុលពត ដែលផ្លូវមួយចំនួនធំត្រូវបានបំផ្លាញចោល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ផងដែរថា ការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា គឺបានចាប់ផ្តើមពីការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណតាំងពី ៣២ឆ្នាំមុន ដែលបានផ្តោតទៅលើ ផ្លូវ, ទឹក, ភ្លើង និង មនុស្ស ប៉ុន្តែចាប់ពីឆ្នាំ២០១៣ មក យើងបានប្តូរមកយក មនុស្ស, ផ្លូវ, ទឹក, និងភ្លើងវិញ ដោយយើងបានប្តូរយកធនធានមនុស្សជាវិស័យអាទិភាពមុខគេ។ បច្ចុប្បន្នកម្ពុជាមានផ្លូវធ្វើដំណើរច្រើន រួមទាំងស្ពានឆ្លងកាត់ទន្លេ និងស្ពានអាកាសចំនួន៥ នៅក្នុងទីក្រុងភ្នំពេញដែលបានធ្វើឱ្យប្រជាពលរដ្ឋរស់នៅនិងធ្វើដំណើរកាន់តែងាយស្រួល។ ទន្ទឹមនឹងនេះផងដែរ លោកនាយករដ្ឋមន្ត្រី បានសុំអភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលនឹងរងផលប៉ះពាល់ និងការបង្កការំខានផ្សេងៗ ចំពោះការសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ។ ប៉ុន្តែទោះបីជាយ៉ាងណា គឺរាជរដ្ឋាភិបាលនឹងខិតខំដោះស្រាយផលប៉ះពាល់ទាំងអស់នេះជូនដល់បងប្អូនប្រជាពលរដ្ឋ៕