ក្រសួងសាធារណការផ្អាកជួបប្រជុំនានា ដើម្បីទប់ស្កាត់ការរីករាតត្បាតវីរុសកូវីដ-១៩
ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចផ្អាកការជួបប្រជុំនានា ខណៈអ្នកឆ្នងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ បន្តកើនឡើងជារៀងរាល់ថ្ងៃ។
ក្រសួងជំនាញនេះ បានញ្ជាក់ថា រាល់កិច្ចប្រជុំ សិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬការជួបជុំនានា ត្រូវផ្អាកជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃនេះតទៅដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាតត្បាតវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានខ្ជាប់ខ្ជួន។ ករណីពុំចាំបាច់ គឺកិច្ចប្រជុំអាចដំណើរការបាន តាមប្រព័ន្ធ Video Conference។
ប៉ុន្តែករណីពុំចាំបាច់ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការអាចបំពេញការងារពីផ្ទះតាមប្រព័ន្ធអនឡាញ ក្នុងកំឡុងពេលនៃការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ក្រសួងជំនាញនេះ ក៏បានណែនាំដល់មន្ត្រី តាមអង្គភាពក្រោមឱវាទ ត្រូវចូលរួមស្ដែន QR Code «ទប់ស្កាត់មេរោគកូវីដ-១៩» ដែលបានបិទផ្សព្វផ្សាយនៅតាមច្រកចូល-ចេញ នៃអគារធ្វើការនានា និងត្រូវបន្តចូលរួមបំពេញទម្រង់ឌីជីថលរាយការណ៍ពីស្ថានភាពសុខភាពផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ តាមរយៈ http://trace.ccvd19.mpwt.gov.kh ឬស្កេន QR Code ដែលបាននិងកំពុងអនុវត្តកន្លងមក។
ក្នុងករណី មានការសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ សាមីខ្លួនត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួន ឬរាយការណ៍មកនាយកដ្ឋានបុគ្គលិក ឬក៏ទំនាក់ទំនងដោយផ្ទាល់ទៅលេខ ១១៥៕