ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ចំនួន ៨៩គ្រួសារ នៅឃុំមហាលាភ ស្រុកកោះសូទិន ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហម
កំពង់ចាម៖ អាជ្ញាធរកំពុងយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋ នៅស្រុកកោះសូទិន ខណៈដែលបច្ចុប្បន្ន កំពុងគំរាមកំហែង ដោយទឹកជំនន់ខ្លាំងជាងគេ បើប្រៀបធៀបទៅនឹងបណ្ដាក្រុង/ស្រុក ទាំង ១០ ទូទាំង ខេត្តកំពង់ចាម។
ជាក់ស្ដែងដើម្បីសម្រាលនូវទុក្ខលំបាក របស់ប្រជាពលរដ្ឋ កំពុងរងគ្រោះដោយទឹកជំនន់ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នេះ លោកអភិបាលខេត្ត គួច ចំរើន អនុប្រធានកិត្តិយសសាខាកាបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយមន្ត្រីក្រោមឱវាទ បាននាំយកអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ធ្វើដំណើរតាមទូក ចុះចែកដោយផ្ទាល់ដៃ ជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ ចំនួន ៨៩គ្រួសារ នៅក្នុងភូមិរ័ត្នមុនី ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋ នៅក្នុងភូមិរ័ត្នមុនី ឃុំមហាលាភ ស្រុកកោះសូទិន កំពុងស្នាក់នៅលើលំនៅដ្ឋាន ដូចធម្មតាទេ បើទោះបីជាបច្ចុប្បន្ននេះ ភូមិកររបស់ពួកគាត់ កំពុងរងការលិចទឹក យ៉ាងណាក៏ដោយ។ ដោយឡែក សត្វពាហនៈ មួយចំនួន ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពផងដែរ ។
នាឱកាសនៃការចុះចែកអំណោយ ដល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋយើង លោក គួច ចំរើន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងការសាកសួរសុខទុក្ខ ពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ហ៊ុន ណេង ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ជូនចំពោះ បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់នាឱកាសនេះ។
លោកអភិបាលខេត្ត ក៏បានចូលរួមនូវការសោកស្ដាយ ចំពោះ ប្រជាពលរដ្ឋទាំងអស់ដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ ដែលមួយចំនួន ត្រូវបានចាកចោលផ្ទះសម្បែង ទៅរស់នៅបណ្ដោះអាសន្ន លើទីទួលសុវត្ថិភាព និងមួយចំនួនទៀត ត្រូវបានរុះរើផ្ទះដែលនាំឲ្យខាតបង់ពេលវេលាក្នុងការប្រកបអាជីវកម្ម សម្រាប់ជីវភាពប្រចាំថ្ងៃ។ ដោយយល់អំពីស្ថានភាពទុក្ខលំបាក ទាំងអស់នេះ ទើបថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល ជាពិសេស ប្រធានកាកបាទក្រហមកម្ពុជា បានណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ ចុះសាកសួរសុខទុក្ខ និងនាំនូវអំណោយសង្គ្រោះបន្ទាន់ ដើម្បីបានដោះស្រាយលើផ្នែកខ្លះៗ និងបានចូលរួមចំណែកជួយសម្រាលការបន្ទុក ដល់ប្រជាពលរដ្ឋយើង នៅពេលមានអាសន្ននោះ។
អំណោយកាកបាទក្រហម ដែលនាំចែកជូនប្រជាពលរដ្ឋទាំង ៨៩គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ១បេ មី ១កេស តូច ត្រីខ ១០កំប៉ុង និងឃីត ១កញ្ចប់។ អំណោយទាំងអស់នេះ គឺអាចជួយដោះស្រាយជីវភាពខ្វះខាត បានមួយគ្រាប៉ុណ្ណោះ ជាពិសេស ក្នុងអំឡុងពេលទឹក កំពុងតែជន់លិច នោះ ដូច្នេះ ចំពោះមុខសូមបងប្អូនយកចិត្តទុកដាក់លើបញ្ហាអនាម័យតាមរយៈ ការរស់នៅស្អាត ផឹកស្អាត និងហូបស្អាត ហើយមានការប្រុងប្រយ័ត្នជានិច្ច ចំពោះ សត្វអសិរពឹសទាំងឡាយ ពីព្រោះថា មកដល់ពេលនេះ នៅក្នុងខេត្តកំពង់ចាម គឺមានប្រជាពលរដ្ឋចំនួន ១៥នាក់ ហើយ ដែលរងគ្រោះថ្នាក់ដោយសារសត្វអសិរពឹស តែត្រូវបានការព្យាបាល និងសង្គ្រោះ បានទាន់ពេលវេលា។ តាមរយៈនេះ សូមបងប្អូន ត្រូវផ្ដល់ដំណឹងដល់អាជ្ញាធរមូលដ្ឋាន ដើម្បី បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ដែលនៅក្បែរ បានទាន់ពេលវេលា និងទទួលថ្នាំព្យាបាល ដោយឥតគិតថ្លៃ ។ មួយវិញទៀត បងប្អូនត្រូវមានការប្រុងប្រយ័ត្នជានិច្ច ចំពោះ សុវត្ថិភាព កូនចៅ ដោយមើលថែឲ្យបានល្អ កុំបណ្ដែតបណ្ដោយឲ្យលេងទឹក ពីព្រោះថា មកដល់ពេល នេះ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ចំនួន ០៩នាក់ ហើ យ ដែលបានបាត់បង់ជីវិតដោយសារទឹកជំនន់នោះ៕