លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា សូត្រមន្តបុណ្យចម្រើនព្រះជន្មាយុ និងសង្ឃទានជូនមហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងជន្មាយុគម្រប់ ៩៤ឆ្នាំ ឈានចូល៩៥ឆ្នាំ
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ព្រមទាំងកូន ចៅ ចៅទួត ទាំងអស់របស់មហាឧបាសិកា ប៊ុន ស៊ាងលី បានមូលមតិគ្នាជាឯកច្ឆ័ន្ទនិមន្តសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណ:ចំនួន ៧ អង្គ សូត្រមន្តបុណ្យចម្រើនព្រះជន្មាយុ និងសង្ឃទានជូនមហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងជន្មាយុ គម្រប់ ៩៤ឈានចូល៩៥ឆ្នាំ។
ក្នុងពិធីបុណ្យចម្រើន ព្រះជន្មាយុ សង្ឃទាន ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងជន្មាយុគម្រប់៩៤ ឈានចូល៩៥ឆ្នាំនេះ សម្តេចព្រះសង្ឃ នាយក សម្តេចព្រះសង្ឃ នាយករង សម្តេចព្រះរាជាគណ:ទាំងប្រាំពីរអង្គ បានលើក ឧទ្ទិសម្នុញផល ដែលកើតឡើងពីទឹកចិត្តជ្រះថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ព្រមទាំងកូនចៅ ចៅទួតទាំងអស់ របស់មហាឧបាសិកា ប៊ុន ស៊ាងលី ដែលប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មាយុ សង្ឃទាន ជូនមហាឧបាសិកា ប៊ុន ស៊ាងលី ក្នុងជន្មាយុគម្រប់ ៩៤ ឈាន ចូល ៩៥ឆ្នាំ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សូមវត្ថុស័ក្តិសិទ្ធ ទេវតាថែរក្សាក្នុងចក្រវាទទាំងមូល តាមជួយបីបាច់ថែរក្សាការពារ មហាឧបាសិកា ប៊ុន ស៊ាងលី សូមឱ្យមានសុខភាពល្អបរិបូរណ៍ ជន្មាយុយ៉ឺនយូរ ដើម្បីបន្តស្ថិតនៅជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅទួត៕