លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កោតសរសើរចំពោះការវិវឌ្ឍន៍នៃសមត្ថភាពរបស់ស្ត្រីនៅកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានថ្លែង កោតសរសើរចំពោះការវិវឌ្ឍន៍នៃសមត្ថភាពរបស់ស្ត្រីនៅកម្ពុជា ជាពិសេស បានក្លាយខ្លួនទៅជាសហគ្រិនស្រ្តី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់គ្រួសារ សង្គម និងសេដ្ឋកិច្ចជាតិ។ លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា បច្ចុប្បន្នការប្រកបរបរទាំងសេដ្ឋកិច្ច ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ស្រ្តីបានដើរតួនាទីយ៉ាងសំខាន់ ។ កត្តានេះហើយជំរុញឱ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកបន្ថែមទៀត ក្នុងវិនិយោគ និងលើកទឹកចិត្តឱ្យស្រ្តីទទួលបាននូវការបណ្តុះបណ្តាលបន្ថែម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា៖ យើងមិនត្រូវមើលស្រាលពីការវិនិយោគលើស្រ្តីនោះទេ ឥលូវខ្ញុំមានមោទនភាពដោយសារតែនៅពេលមានការជួបជុំសហគ្រិនស្រ្តី ឬសហគ្រិនវ័យក្មេង យើងបានសង្កេតឃើញថាស្រ្តីបានដើរតួនាទីក្នុងសេដ្ឋកិច្ចធំណាស់ អ៊ីចឹងវាជាចំណែកនៃការទទួលខុសត្រូវនៅក្នុងសង្គមគ្រួសារ ហើយទម្លាប់ដែលថា ពេលមានប្តីពឹងពាក់លើលុយប្តី ឥលូវអស់លោកប្តីហ៊ើយ អត់ផ្លូវទេ ស្រ្តីគេក៏មានប្រាក់ខែដែរ កុំសូវមើលស្រាលគេពេក ។
គួរបញ្ជាក់ថា នាពេលខាងមុន រាជរដ្ឋាភិបាល នឹងចំណាយថវិកា ដើម្បីផ្តល់វគ្គបណ្តុះបណ្តាល ឬការវ៉ឹកហាត់ ដល់និយោជិតប្រមាណ១លាន៥សែននាក់ ជាពិសេសអ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ យើងត្រូវយកចិត្តទុកដាក់ជំរុញបន្តទៀត លើកទឹកចិត្តឱ្យស្រ្តីទទួលបាននូវការបណ្តុះបណ្តាល បើមិនទទួលបានការលើកទឹកចិត្តនៅក្នុងប្រព័ន្ធទេ ក៏ទទួលបាននូវការបណ្តុះបណ្តាលក្រៅប្រព័ន្ធ រាជរដ្ឋាភិបាល នឹងចេញប្រាក់ដើម្បីវ៉ឹកហាត់ជាមួយនឹងអ្នកដែលគ្មានធនធានចំនួន១លាន៥សែននាក់ នៅពេលខាងមុខ ដែលក្នុងនោះ អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនច្រើន នឹងត្រូវចូលរៀននៅទីនោះ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាស្ថាប័នពាក់ព័ន្ធដទៃទៀត រាប់ទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គឺធ្វើការវ៉ឹកហាត់ទាក់ទងនឹងជំនាញដូនតាដែលបានបន្សល់ទុកឱ្យយើង៕