ខ្មែរប៉ុស្ដិ៍ Close

តំណាង UNDP ប្រចាំកម្ពុជា ថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រជាជនកម្ពុជាដែលបានចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 55
តំណាង UNDP ប្រចាំកម្ពុជា ថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រជាជនកម្ពុជាដែលបានចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ តំណាង UNDP ប្រចាំកម្ពុជា ថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រជាជនកម្ពុជាដែលបានចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ

លោកស្រី ប៉ូលីន ថាម៉េស៊ីស (Pauline Tamesis) អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ និងជាតំណាងអង្គការ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា បានថ្លែងថា កម្ពុជាគឺជាប្រទេសមួយ ដែលបានបញ្ជូនកងទ័ពទៅបម្រើសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ហើយអង្គការសហប្រជាជាតិ បានចាត់ទុកថា កម្ពុជាគឺជាប្រទេសគម្រូមួយព្រោះកម្ពុជាជាប្រទេសមួយធ្លាប់បានទទួលកងទ័ពអង្គការសហប្រជាជាតិ ដើម្បីស្វែងរកសន្តិភាព ប៉ុន្តែត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ កម្ពុជាបានក្លាយជាប្រទេសមួយដែលបានបញ្ជូនកងទ័ពទៅជួយថែរក្សាសន្តិភាពជាមួយនឹងប្រទេសដទៃទៀត។ លោកស្រីបានថ្លែងដូចនេះ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកស្រី Pauline Tamesis បានគោរពជម្រាបថា លោកស្រីបានមកបំពេញបេសកកម្មនៅកម្ពុជានាពេលនេះ គឺជាពេលដែលអង្គការសហប្រជាជាតិ មានមូលដ្ឋានយ៉ាងរឹងមាំនៅកម្ពុជា ក្នុងការបំពេញការធ្វើកិច្ចសហប្រតិបត្តិការ ការជួបពិភាក្សារវាងភ្នាក់ងារអង្គការសហប្រជាជាតិ ជាមួយនឹងរាជរដ្ឋាភិបាល គឺបានប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ហើយការពិភាក្សាគ្នានេះ មានសារៈសំខាន់ណាស់ គឺផ្តល់ឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នអង្គការសហប្រជាជាតិជាមួយនឹងរាជរដ្ឋាភិបាលគឺមានប្រសិទ្ធភាពខ្ពស់ហើយមានគុណភាពខ្ពស់ផងដែរ។លោកស្រី ក៏បានសម្តែងនូវការកោតសរសើរ និងមានមោទនភាពយ៉ាងខ្លាំងចំពោះការវិវត្តន៍ និងការទទួលបានជោគជ័យរបស់កម្ពុជា ជាពិសេសការសម្រេចបាននូវការអភិវឌ្ឍសហវត្សរ៍ គោលដៅអភិវឌ្ឍន៍សហវត្សរ៍ ឆ្នាំ២០៣០។

លើសពីនោះទៅទៀត លោកស្រី បានជម្រាបជូនផងដែរថា អង្គការសហប្រជាជាតិ បានទទួលស្គាល់នូវរបៀបវារៈទី១៩ របស់កម្ពុជា ដែលនៅក្នុងគោលដៅអភិវឌ្ឍន៍សហវត្សរ៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ គឺមានរបៀបវារៈតែ១៨ទេ ប៉ុន្តែកម្ពុជាបានបន្ថែមមួយទៀត គឺរបៀបវារៈទី១៩ នោះគឺពាក់ព័ន្ធនឹងបញ្ហាមីន។ លោកស្រីបានមានប្រសាសន៍បន្ថែមថាអង្គការសហប្រជាជាតិ សូមទទួលស្គាល់ ជាពិសេសប្រព័ន្ធអង្គការនៅកម្ពុជា នឹងបន្តជួយដល់កម្ពុជាក្នុងការជំរុញសម្រេចឱ្យបាននូវរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព ឆ្នាំ២០៣០ខាងមុខ។ លោកស្រី ក៏បានបន្តថា ប្រព័ន្ធអង្គការសហប្រជាជាតិ គឺប្តេជ្ញាធ្វើការរួមជាមួយនឹងកម្ពុជា និងគាំទ្រកម្ពុជា ចំពោះការរៀបចំឱ្យមានប្រព័ន្ធសុវត្ថិភាព សន្តិសុខ ដល់កម្មករកម្មារិនី ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកន្លងមកនេះ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាមានមោទនភាពណាស់ ដែលបានធ្វើការជាមួយអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាពមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងទ័ពប្រមាណ១ពាន់នាក់ហើយ ហើយវាជាកាតព្វកិច្ចរបស់កម្ពុជាក្នុងការធ្វើការភាពជាដៃគូជាមួយអង្គការសហប្រជាជាតិ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិផងដែរ ដែលបានគាំទ្រ និងទទួលស្គាល់ របៀបវារៈទី១៩ របស់កម្ពុជា ព្រោះបញ្ហាមីន គឺជាបញ្ហាសំខាន់ណាស់ សម្រាប់កម្ពុជា។ លើសពីនេះទៀត លោក បានលើកទឹកចិត្តឱ្យប្រព័ន្ធភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ធ្វើការជាមួយនឹងស្ថាប័នកម្ពុជា ព្រោះថាជារៀងរាល់ឆ្នាំ យើងតែងតែមានកិច្ចជួបពិភាក្សាគ្នាជាប្រចាំ ប៉ុន្តែមួយឆ្នាំម្តងគឺមានរយៈពេលវែងណាស់ ដូច្នេះសូមលើកទឹកចិត្ត ពិចារណាមើល ធ្វើយ៉ាងណាអាចបង្កើតជាក្រុមការងារ របស់អង្គការសហប្រជាជាតិ ធ្វើការនៅចន្លោះមួយឆ្នាំ ជាមួយនឹងភាគីស្ថាប័នកម្ពុជាដើម្បីធ្វើយ៉ាងណាជំរុញឱ្យកិច្ចពិភាក្សាប្រចាំឆ្នាំនេះ មានគុណភាពផង និងប្រសិទ្ធភាពផង៕

អត្ថបទទាក់ទង